សម្ដេចតេជោ ដាក់ចេញវិធានការមួយចំនួនចំពោះការប្រមូល ផ្តុំនៅតំបន់ភ្នំគូលែន
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំ នៅចម្ការររបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ក្នុងខេត្ត សៀមរាប ។ សម្តេចតេជោហ៊ុន សែន បានប្រកាសបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។
សម្តេចតេជោ បានប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះ ការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ដោយទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុ នៅកន្លែង ប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ និងទី២- ហាម ទៅ ចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាល កំពុងផ្តល់ ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា សម្តេច មិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ ឬឆ្កួតនោះទេ ទាក់ទង នឹងអបិយជំនឿ ប៉ុន្តែទោះជាយ៉ាងណាលោក ខឹម វាសនា គ្រាន់បើ ជាងជនអគតិមួយក្តាប់តូច ដែលអំពាវនាវឲ្យមាន ការផ្តួលរំលំ រាជរដ្ឋា ភិបាល និងអំពាវនាវឲ្យប្រទេសផ្តាច់ជំនួយមកខ្មែរ។
សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងសារសូមទោស ទៅដល់ រដ្ឋាភិបាល កូរ៉េ ជប៉ុន និងថៃដែលមានពលករខ្មែររត់មកស្រុក ចោល ការងារ ដោយសារការចាញ់បោក មេបក្សមួយ គឺលោក ខឹម វាសនា ថា មានការលិចលង់ នៅទូទាំងពិភពលោក លើកលែងតែនៅលើភ្នំគូលែន ។ សម្តេចក៏បានស្នើឲ្យថៅកែក្រុមហ៊ុននានានៅប្រទេសទាំងបី កុំប្តឹង ផ្តល់ពលករខ្មែរ ព្រោះពួកគាត់ចាញ់បោកគេដែរ ។
ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងដែរថា តែយ៉ាងណា លោក ខឹម វាសនា អត់ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាល បង្វែចុងកាណុងមករាជរដ្ឋាភិបាល និងកាត់ជំនួយពីកម្ពុជាទេ ដែល ខុសពីមនុស្សមួយចំនួន ។
ពាក់ព័ន្ធរឿងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា មនុស្សមួយចំនួនដែលមករកលោក ខឹម វាសនានៅលើភ្នំគូលែន ពេលត្រឡប់ទៅស្រុកកំណើតវិញ នឹងអាចអត់មានកន្លែងរស់នៅ ដោយសារផ្ទះសម្បែង ដីធ្លី លក់ខ្ទេចខ្ទី ដើម្បីយកលុយមករកខឹម វាសនា ។ សម្តេចថា ក្នុងនោះ គ្រួសារខ្លះ មានការខ្វែងគំនិតគ្នា ឈានដល់ការបែកបាក់គ្រួសារ បន្ទាប់ពីចាញ់បោកខឹម វាសនា ។ ចំណុចនេះ សម្តេចបានអំពាវនាវ ឲ្យរួមរស់នៅជាមួយគ្នា ដូចដើម វិញទៅ ហើយអ្នកភូមិ និងអាជ្ញាធរមូលដ្ឋាន ក៏កុំរើសអើង អ្នកមករក ខឹម វាសនា ដែរ ។
នៅក្នុងឱកាសនេះ សម្តេចបានមានប្រសាសន៍ទាក់ទងនឹងរឿងលោក ខឹម វាសនា ថា មកទល់ពេលសម្តេច បានចាត់ឱ្យអាជ្ញាធរត្រួត ពិនិត្យ នៅដី ខឹម វាសនា គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញបាន តែចូលមិន បាន។ សម្តេចបន្តថា មកដល់ពេលនេះ ទទួលដំណឹងថា ក្រោយបិទ ខ្ទប់ មានពលរដ្ឋចង់ចាកចេញ តែមនុស្សជំនិត ខឹម វាសនា មិនឱ្យចេញ ។ សម្ដេចសួរថា តើមានស្បៀងប៉ុន្មានសម្រាប់ត្រៀម និងមានពេទ្យ ទេ។
តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សុវត្ថិភាពប្រជាពលរដ្ឋដែលប្រមូលផ្តុំនៅដី ខឹម វាសនា កុំឱ្យពួក ជ្រុលនិយម ឬពួកបាតដៃទីបី ឆ្លៀតឱកាសធ្វើវិច្ឆេទកម្មបោកគ្រាប់បែក បង្កអសន្តិសុខ បង្កើតចលាចល។ សម្តេច បញ្ជាក់ថា ត្រូវការពារ សន្តិសុខ ព្រោះខ្លាចមានជនទី ៣ នៅទីនោះ អាចបោកគ្រាប់បែក បង្កររឿងទំលាក់ឱ្យអាជ្ញាធរទទួលខុសត្រូវ និង ទី២ កុំឱ្យទៅដណ្តើម ដីនៅបឹងរុនតាឯក ៕
ដោយ៖ វណ្ណលុក



