មនុស្សស្លាប់ ២៥០នាក់ក្នុងជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនៅអាហ្វហ្គានីស្ថាន
កាប៊ុល៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារ សប្តាហ៍នេះបានបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឆក់យកជីវិតមនុស្ស ២៥០នាក់នៅក្នុងឆ្នាំនេះ។
លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់ អគ្គ លេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ក្រុមការងារផ្នែកមនុស្សធម៌ក្នុងប្រទេស អាហ្វហ្គានី ស្ថាន ក្នុងពេលដំណាលគ្នាបានធ្វើការវាយ តម្លៃពីតម្រូវការ និងការផ្តល់ជំនួយសម្រាប់មនុស្ស ១០០,០០០នាក់ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
លោក Dujarric បន្តថា រហូតមកទល់ពេលនេះ មនុស្ស ៨៥,០០០នាក់បានទទួលជំនួយមួយចំនួន រួមមានអាហារ តង់ សេវាថែទាំសុខភាព ទឹក គ្រឿងបរិក្ខាអនាម័យ និងការផ្គត់ផ្គង់សម្ភារៈចាំបាច់សំខាន់ៗផ្សេងទៀត។ លោកបន្ថែមថា នៅចុងខែមិថុនា មនុស្សជិត ២៣លាននាក់បានទទួលជំនួយមនុស្សធម៌យ៉ាងហោចណាស់មួយប្រភេទនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្ស ២៥០នាក់ ដែលបានស្លាប់នៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំនេះ គឺកើន ឡើង ៧៥ភាគរយ បើធៀបនឹងគ្រោះទឹកជំនន់កាល ពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១៤៧នាក់។
ក្នុងឆ្នាំនេះ ៣០ខេត្តក្នុងចំណោម ៣៤ខេត្តត្រូវរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងនោះខេត្ត Nangarhar, Kunar, Khost, Logar និង Kandahar ស្ថិតក្នុងចំណោមខេត្តដែល រងគ្រោះខ្លាំងជាងគេ។
OCHA បានបញ្ជាក់ទៀតថា ផែនការឆ្លើយតបកិច្ចការមនុស្ សធម៌ អាហ្វហ្គានីស្ថានឆ្នាំ ២០២២ មានគោលដៅជួយ ដល់មនុស្ស ២២.១លាននាក់ជាមួយនឹងជំនួយ សង្គ្រោះជីវិតនៅក្នុងឆ្នាំនេះ ដោយចំណាយថវិការ ៤.៤៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤២ភាគរយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


