សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីបរិស្ថាន ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់នៅកម្ពុជា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើណែរឱ្យរដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តម សាយ សំអាល់ ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់នៅកម្ពុជា ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែរនាំបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យរដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តម សាយ សំអាល់ ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់នៅកម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលនេះជាចំណុចសំខាន់ណាស់ ក្នុងការធ្វើគណនាអំពីចំនួនកើនឡើងនៃលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ដំណាំដាំដុះ និងការប្រើប្រាស់ដី ។ សម្ដេចបន្តថា តើការធ្វើផ្លូវនៅកម្ពុជា ស៊ីដីអស់ប៉ុន្មាន? តើការធ្វើប្រឡាយទឹកនៅកម្ពុជា ស៊ីដីអស់ប៉ុន្មាន? ដែលនេះ យើងមិនទាន់បានរាប់បញ្ចូលទេ។
សម្តេចតេជោ បានលើកឡើងថា គិតពីខែមករា ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ កម្ពុជា រកឃើញថា មានផ្ទៃទឹកខែប្រាំងជិត ៥សែនហិកតា, ផ្ទៃដីវាលស្មៅជាង ៦សែនហិកតា និងផ្ទៃដីលំនៅឋានមានជាង ៣សែនហិកតា។ នៅកម្ពុជា មានព្រៃស្រោងជាង ៣លានហិកតា, ព្រៃបៃតងជាង ៣លានហិកតា, ព្រៃរបោះមានជាង ១លានហិកតា, ព្រៃលិចទឹកមានជាង ៧សែនហិកតា, ព្រៃកោងកាងមានជាង ៧ម៉ឺនហិកតា។
នៅកម្ពុជានាពេលបច្ចុប្បន្នមានកៅស៊ូជាង ៦សែនហិកតា, ស្រូវមានជាង ៤លានហិកតា, ស្វាយមានជាង ២៩ម៉ឺនហិកតា, ស្វាយចន្ទីមានជាង ២៣ម៉ឺនហិកតា, ពោតមានជាង ១៦ម៉ឺនហិកតា, អំពៅមានជាង ១៣ម៉ឺនហិកតា, ឫស្សីមានជាង ១១ម៉ឺនហិកតា, ម្រេចមានជាង ៤ម៉ឺនហិកតា, ចេកមានជាង ៣ម៉ឺនហិកតា, ដូងប្រេងមានជាង ២ម៉ឺនហិកតា, តាង៉ែនមានជាង ៣ពាន់ហិកតា, ដំណាំហូបផ្លែដទៃទៀតមានជាង ២៥ម៉ឺនហិកតា និងផ្នែកផ្សេងៗមានជិត ២លានហិកតា ៕ ដោយ វណ្ណលុក



