ប្រធានាធិបតីសហរដ្ឋអាមេ៉រិកនិយាយថា ជំនួបលើកទី៤ជាមួយមេដឹកនំាកំពូលកូរ៉េខាងជើងនឹងកើតមានឡើងឆាប់ៗនេះ
សហរដ្ឋអាមេ៉រិក៖ ជំនួបកំពូលលើកទី៤ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជាត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ បើទោះជាកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរកំពុងជាប់គាំងក៏ដោយ នេះបើតាមប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ ។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ថាតើលោកមានគម្រោងជួបលោក គីម ជាថ្មីដែរឬទេ? លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីថា ជំនួបនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ។
ប្រធានាធិបតីអាមេ៉រិករូបនេះ បានថ្លែងអះអាងយ៉ាងដូច្នេះ នៅពេលធ្វើដំណើរទៅដល់ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈបញ្ហារសើបៗជាច្រើនលើលោកនឹងត្រូវលើកយកមកពិភាក្សា ហើយមេដឹកនាំប្រទេសជាច្រើនក៏នឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសរៀងៗខ្លួនផងដែរ ៕ធ.ដ

