ក្រុមការងារពង្រឹងមូលដ្ឋាន ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តថ្មីលើ និងវត្តទួលអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
អូររាំងឪ-ត្បូងឃ្មុំ៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌតាមប្រពៃណីសាសនា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១១ ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ដឹកនាំដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ អមដំណើរដោយ លោក ពុទ្ធ សូរិទ្ធី លោក ខ្វៃ អាទិត្យា លោក អ៊ុ ពិសី ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់កណ្តាលជួយពង្រឹងឃុំព្រះធាតុ រួមទាំង លោក ឈិន សុខជា អភិបាលរងស្រុកអូររាំងឪ លោក ទ្រី ពៅ ប្រធានក្រុមប្រឹក្សាឃុំព្រះធាតុ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំយកនូវចង្ហាន់ គ្រឿងឧបភោគបរិភោគ នំចំណី ភេសជ្ជៈជាច្រើន និងបច្ច័យមួយចំនួនថែមទៀត ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តអារាមចំនួនពីរ គឺវត្តថ្មោះលើ ក្នុងភូមិថ្មីលើ និងវត្តសហទឹងអង្កាញ់ នៅភូមិ២៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម រ័ត្ន វិរៈ និងក្រុមការងារ ព្រមទាំងញាតិមិត្តក្រុមគ្រូសារទាំងអស់ រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានបូជាទានធូប ផ្កាភ្ញីចំពោះព្រះពុទ្ធរូប ថ្វាបង្គុំព្រះសង្ឃ សមាទានសិល៍ នមសិកាព្រះរតនត្រ័យ ក្រោមកិច្ចដឹកនាំរបស់ព្រះគ្រូចៅអធិការវត្តនីមួយៗ។ ក្រៅពីចង្ហាន់គ្រឿងឧបភោគ បរិភោគ នំចំណី និងភេសជ្ជៈគ្រប់មុខ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្រុមការងារចុះជួយស្រុកអូររាំងឪ បាននាំយកនូវបច្ច័យកើតចេញពីទឹកចិត្តជ្រះថ្លា របស់ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ប្រគេនព្រះគ្រូចៅអធិការក្នុងវត្តនីមួយៗ ទឹកប្រាក់ចំនួន ៤០ម៉ឺនរៀល ដើម្បីតម្កល់កសាងសមិទ្ធផលក្នុងទីអារាម និងប្រគេនដល់ចាស់ព្រឹទ្ធាចារ្យ តាជី យាយជី ថវិកាមួយចំនួនផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមបែបប្រពៃណីសាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោង ដល់ថ្ងៃ១៥រោងខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌ គឺជាសក្ខីភាពបង្ហាញអំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូប ចំពោះឧបការគុណរបស់បុព្វការីជន ដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសល ជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ដើម្បីឲ្យវិញ្ញាណក្ខន្ធ លោកអ្នកមានគុណ មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ កាន់លោកខាងមុខហើយនោះ សូមមកទទួលនូវមគ្គផល ដែលកូនចៅឧទ្ទិសជូន ដើម្បីបានទៅចាប់បដិសន្ធិក្នុងឋាន ដ៏មានសិរីសួរស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ និងម្យ៉ាងវិញទៀត តាមរយៈការមានជំនឿចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្រោមម្លប់ព្រះបារមីដ៏ត្រជាក់ នៃអង្គព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ បានចូលរួមសាមគ្គីគ្នាកសាង នូវសមិទ្ធផលជាច្រើនអនេក បម្រើឲ្យការរីកចម្រើន និងគង់វង់នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕ធ.ដ









