អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោកម្ពុជា ស្នើរសុំឲ្យភាគីពាក់ព័ន្ធសម្របសម្រួលបញ្ជូនកីឡាករចេញទៅប្រកួតក្រៅប្រទេសឲ្យបានច្រើន ដើម្បីជោគជ័យស៊ីហ្គេមឆ្នាំ២០២៣
លោក ម៉ុន សុខជា អតីត កីឡាករវាយកូនគោលជម្រើសជាតិជើងឯកឆ្នាំ២០២០ និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្នុងឱកាសឡើងធ្វើបទបង្ហាញ កាលពីពេលថ្មីៗនេះ បានបង្ហាញនូវក្តីបារម្មណ៍លើបច្ចេកទេស និងបទពិសោធន៍ ការប្រកួតសម្រាប់កីឡាករកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ខណៈដែលបទពិសោធន៍ដឹកនាំកីឡាករចូលរួម២លើកក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ដ៏ធំនេះ លោក សង្កេតឃើញថា កីឡាករជម្រើសជាតិកម្ពុជា ស្ទើបទពិសោធន៍ ការចូលរួមប្រកួតលើឆាកអន្តរជាតិ បានបង្កលក្ខណៈឲ្យកីឡាករតាំងអារម្មណ៍មិនបានល្អ ដោយសារតែភាពភ័យខ្លាចពេលចូលទីលានប្រកួតជួបកីឡាករអន្តរជាតិ។
លោក អគ្គលេខាធិការរង ខាងលើ បានលើកឡើងទៀតថា ដើម្បីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំជាលើកដំបូងនៅកម្ពុជាទទួលបានមេដាយស្របតាមយុទ្ធសាស្រ្តរបស់CAMSOCជូនសហព័ន្ធកីឡាវាយកូនគោលនោះ លោក បានស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងអស់មានការសម្របសម្រួលបញ្ជូនកីឡាករជម្រើសជាតិកម្ពុជាទៅប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីបង្កើនបទពិសោធន៍ និងដកស្រង់បច្ចេកទេសថ្មីៗ ប្រែក្លាយចំណុចខ្វះខាតអភិវឌ្ឍសមត្ថភាពទៅជាកីឡាករសក្កានុពលក្នុងការប្រជែងមេដាយ។
ទន្ទឹមជាមួយគ្នានេះដែរ អគ្គលេខាធិការរង រូបនេះបានស្នើសុំជាពិសេស ដល់ទីលានហ្គាឌេនស៊ីតធី ដែលជាទីលានប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ សូមផ្តល់ជូនកន្លែងសម្រាប់កីឡាករវាយកូនគោលកម្ពុជាជម្រើសជាតិហ្វឹកហាត់ឲ្យបានច្រើន ព្រោះ វានឹងជួយឲ្យកីឡាករកម្ពុជាសិក្សាស្គាល់ពីភូមិសាស្រ្តច្បាស់ពីទីលានរបស់ខ្លួន ដើម្បីយកប្រៀបឈ្នះលើកីឡាករបរទេសពេលការប្រកួតជាក់ស្តែង។
គួររំលឹកថា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីអំឡុង ខែ មិថុនា ថ្មីៗកន្លងទៅនេះ កីឡាករវាយកូនគោលជម្រើសជាតិកម្ពុជា ថ្វីដ្បិតពុំដណ្តើមបានមេដាយជូនជាតិ ប៉ុន្តែ ក្រុមកីឡាករវាយកូនគោលកម្ពុជាបានបំបែកកំណត់ត្រាថ្មីរបស់ខ្លួន ដោយវិញ្ញាសាប្រកួតជាក្រុមយើងមានឱកាសប្រកួតដណ្តើមមេដាយជាមួយប្រទេសទាំង៨នៅក្នុងតំបន់៕អត្ថបទ៖ ជាវ ចន្ធូ



