កូរ៉េខាងត្បូង​ ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​អត្រា​កំណើត​កូន​ទាប​បំផុត​របស់​ពិភព​លោក​ជា​ថ្មី​ទៀត

មិនខុស​ពី​ប្រទេស​ក្បែរខាង​ជប៉ុន​ឡើយ​ កូរ៉េ​ខាងត្បូង​កំពុង​ប្រឈមនឹង​វិបត្តិ​អត្រា​កំណើត​ធ្លាក់​ចុះ​ជា​ខ្លាំង។​ ទោះបីជា​បាន​ខំ​ប្រឹងប្រែង​ទប់ស្កាត់​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​នេះយ៉ាងណាក្តី​ ក៏​កូរ៉េខាងត្បូង​ នៅ​តែ​ជៀស​មិនផុត​ពី​ការ​បំបែក​កំណត់ត្រា អត្រា​មាន​កូន​ទាប​បំផុត​របស់​ពិភពលោក​ជាថ្មី​ម្តងទៀត​។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ​ដែល​ចេញផ្សាយ​កាលពីចុង​ខែ​សីហា​នេះ​។

យោងតាមទិន្នន័យផ្លូវការ អត្រា​កំណើត​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ​បាន​ធ្លាក់​ចុះ​ទាប​ខ្លាំង​ដំបូង​ក្នុង​ឆ្នាំ​ ២០១៨​ ដោយ​អត្រា​បង្កើត​ក្នុង​ស្ត្រី​ម្នាក់​ មាន​ចំនួនទារក​តិចជាង​ម្នាក់​ទៅទៀត​។ ក៏ប៉ុន្តែ​ កាលពី​ចុង​ខែសីហា​ ឆ្នាំ​២០២២នេះ​ តួលេខ​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ បាន​បង្ហាញថា​អត្រាខាងលើ​បាន​ធ្លាក់ចុះដល់​ ០,៨១ ពោលគឺធ្លាក់ចុះពី​ចំនួន​ ០,៨៤ កាលពីឆ្នាំមុន​ និងការធ្លាក់​ចុះ​៦​លើក​ជាប់ៗគ្នា​។

គួរ​បញ្ជាក់ថា​ អត្រាកំណើត​កូន​ជាមធ្យម​នៅក្នុងប្រទេស​ដែល​មានសេដ្ឋកិច្ចជឿនលឿនបំផុត​របស់ពិភពលោក​គឺ​មាន​ចំនួន ១,៦​ទារក​។ ហើយជា​ទូទៅ​ ប្រទេសនានា​ ត្រូវការឲ្យ​ស្វាមីភរិយា​មួយគូ​មានកូន​យ៉ាងហោចណាស់​ក៏​ក្នុងអត្រា​ ២,១ ដែរ​ដើម្បី​រក្សា​ចំនួន​ប្រជាជន​របស់​ពួកគេ​ឲ្យនៅថេរ​។

ទាក់ទងចំណុង​នេះ​គួររម្លឹកដែរថា​ អត្រានៃការ​មានកូន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បានធ្លាក់ចុះគួរឱ្យកត់​សម្គាល់ក្នុង​រយៈពេល​ប្រាំមួយ​ទសវត្សរ៍​កន្លង​មកនេះ។​ នៅដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ស្ត្រីកូរ៉េ​មានកូន​ចំនួន​ ៤នាក់ជាមធ្យម​។ ការថយចុះចំនួនប្រជាជន​បានធ្វើឲ្យ​ប្រទេសអាស៊ីបូព៌ាមួយនេះ​ រងភាពតាន​តឹងយ៉ាងខ្លាំង។ ក្រៅពី​រង​សម្ពាធកើនឡើង​លើការ​ចំណាយ​សាធារណៈ​ ការថយចុះចំនួន​យុវជនវ័យក្មេង​ក៏នាំឱ្យមានការខ្វះខាតកម្លាំងពលកម្ម​ដែល​ជាកត្តា​ជះផលប៉ះពាល់​ដល់សេដ្ឋកិច្ច​ផងដែរ​។

កាលពីឆ្នាំ​ ២០២០​ រដ្ឋកូរ៉េខាងត្បូង​ បានប្រកាសជូនដំណឹង​យ៉ាងទូលំទូលាយ​នៅទូទាំងប្រទេស​ នៅពេល​កត់ត្រារកឃើញ​ថា​អត្រាអ្នក​ស្លាប់មាន​ច្រើនជាង​អត្រាកើត​ជា​លើកដំបូង​។ បើតាមអ្នក​ជំនាញ​ កម្រិត​នៃ​ប្រាក់​ចំណូល​ និង​កត្តា​ការងារមិន​ស្ថិតស្ថេរ​គឺ​ជា​ហេតុផល​សំខាន់​ដែល​បណ្តាល​ឲ្យ​អត្រា​កណើត​ធ្លាក់ចុះ​ខ្លាំង​នៅក្នុងប្រទេសកូរ៉េខាងត្បូង​នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner