រុស្ស៊ីចេញការព្រមានជាថ្មីដល់បេក្ខភាពអង្គការណាតូ
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ ថ្លែងថា ប្រទេសរបស់លោកនឹងបង្កើនសមត្ថភាពយោធារបស់ខ្លួននៅភាគពាយព្យ ប្រសិនបើការដំឡើងមូលដ្ឋានទ័ពរបស់អង្គការណាតូលេចឡើងនៅលើទឹកដីប្រទេសហ្វាំងឡង់ និងស៊ុយអែត ។
ថ្លែងក្នុងជំនួបជាមួយនិស្សិត និងបុគ្គលិកនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋម៉ូស្គូ (MGIMO) ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ឡារូវ បានបញ្ជាក់យ៉ាងដូច្នេះថា ប្រសិនបើមូលដ្ឋានកងទ័ពណាតូ ត្រូវបានបង្កើតឡើងនៅលើទឹកដីនៃប្រទេសហ្វាំងឡង់ និងស៊ុយអែត ឬផ្ទុយទៅវិញ ប្រសិនបើពួកគេសម្រេចចិត្តបង្កើតមូលដ្ឋានទ័ពទាំងនេះសម្រាប់ពួកគេ ខ្ញុំជឿជាក់ថា ជនជាតិអាមេរិកនឹងមានលេស… ដោយអាស្រ័យលើរបៀបដែលអ្វីៗទាំងអស់នេះកើតឡើង។
ជាការពិតណាស់ យើងនឹងធ្វើការសម្រេចចិត្តដើម្បីពង្រឹងសមត្ថភាពយោធារបស់យើងនៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ី ប៉ុន្តែលោក ឡារូវ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមណាមួយឡើយ។ លោក ឡារូវ បន្ថែមថា ក្នុងករណីណាក៏ដោយ ការបើកមូលដ្ឋានទ័ពរបស់ណាតូនៅលើទឹកដីនៃប្រទេស Nordic ទាំងពីរ នឹងក្លាយជាការពង្រីកខ្លាំងឡើងនូវ ខ្សែទំនាក់ទំនងរវាងរុស្ស៊ី និងសម្ព័ន្ធមិត្ត។
គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែតបានព្យាយាមចូលរួមក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ ដោយលើកឡើងពីជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។
យ៉ាងណាមិញ ដំណើរការចូលជាសមាជិកណាតូបានឈានដល់ភាពជាប់គាំង បន្ទាប់ពីប្រទេសសំខាន់មួយរបស់អង្គការណាតូ គឺតួគី បានជំទាស់នឹងផែនការទទួលយកស៊ុយអែត និងហ្វាំងឡង់ ក្រោយចោទថា ប្រទេសទាំងពីរបានធ្វើជាផ្ទះសំណាក់សម្រាប់អង្គការភេរវករ និងធ្វើជាម្ចាស់ផ្ទះសមាជិកនៃក្រុមសកម្មជនឃឺដដែលមិនស្របច្បាប់ ដែលតួកគីចាត់ទុកថា ជា “ក្រុមភេរវករ” ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា


