ក្រុមអធិការកិច្ច អ.ស.ប មកដល់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនហើយ ចំពេលកំពុងមានការប្រយុទ្ធគ្នា
កៀវ៖ ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិបានចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្ស៊ីប៉ូរីសហ្ស៊ីយ៉ា របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងបេសកកម្មដើម្បីការពារវាពីគ្រោះមហន្តរាយ ដោយបានទៅដល់ទីតាំងចំពេលមានការប្រយុទ្ធគ្នារវាងកងកម្លាំងរុស្ស៊ី-អ៊ុយក្រែន ដែលបានជំរុញឱ្យមានការបិទម៉ាស៊ីនរ៉េអាក់ទ័រមួយ និងបានគូសបញ្ជាក់ពីភាពបន្ទាន់នៃកិច្ចការនេះ។
គណៈប្រតិភូដែលមានសមាជិក ១៤រូបមកពីទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) បានមកដល់ជាមួយនឹងក្បួនរថយន្ត SUV និងរថយន្តដឹកទំនិញបន្ទាប់ពីការចរចាជាច្រើនខែ ដើម្បីអាចឱ្យអ្នកជំនាញឆ្លងកាត់តំបន់ជួរមុខ និងចូលទៅខាងក្នុងរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ។
អគ្គនាយក ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូស៊ី បានប្រាប់អ្នកយកព័ត៌មានថា ពេលនេះ ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) នៅទីនោះនៅរោងចក្រ… យើងនឹងមានវត្តមានបន្តនៅទីនោះនៅក្នុងរោងចក្រជាមួយនឹងអ្នកជំនាញរបស់ខ្ញុំមួយចំនួន។ ប៉ុន្តែលោកបន្ថែមថា ខ្ញុំនឹងបន្តព្រួយបារម្ភអំពីរោងចក្ររហូតដល់យើងមានស្ថានភាពដែលមានស្ថិរភាពជាងនេះ។
នៅពេលចូលដល់ខាងក្នុងរោងចក្រ លោក ក្រូស៊ី បាននិយាយទៀតថា អ្នកជំនាញរបស់គាត់អាចទស្សនាកន្លែងទាំងមូល រួមទាំងបន្ទប់បញ្ជាប្រព័ន្ធសង្គ្រោះបន្ទាន់ និងម៉ាស៊ីនម៉ាស៊ូត ។ លោកថា គាត់បានជួបជាមួយបុគ្គលិករបស់រោងចក្រ និងអ្នករស់នៅក្នុងភូមិក្បែរនោះ ដែលបានសុំជំនួយពីទីភ្នាក់ងារនេះ ។
លោកបានរាយការណ៍ថា ក្រុមការងារបានប្រមូលព័ត៌មានសំខាន់ៗនៅក្នុងការត្រួតពិនិត្យដំបូងរបស់ខ្លួន ហើយនឹងបន្តនៅទីនោះ ដើម្បីបន្តការវាយតម្លៃបន្ថែមទៀត ។
ស្របពេលដែលក្រុមអ្នកជំនាញបានធ្វើដំណើរឆ្លងកាត់តំបន់សង្រ្គាមឆ្ពោះទៅកាន់តំបន់ស្មុគស្មាញនោះ រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបាញ់ផ្លោងនៅតំបន់នោះ និងព្យាយាមបង្ខូចដំណើរទស្សនកិច្ចនេះ។ ការប្រយុទ្ធក៏បានពន្យារដំណើរការរបស់ក្រុមអធិការកិច្ចផងដែរ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា


