អតិរេកពាណិជ្ជកម្មវៀតណាម រយៈពេល ៨ខែ មានជិតដល់ចំនួនសរុបនៃឆ្នាំ២០២១
ហាណូយ៖ អតិរេកពាណិជ្ជកម្មរបស់វៀតណាម ក្នុងរយៈពេលប្រាំបីខែដំបូង នៃឆ្នាំ២០២២នេះ មានដល់ទៅ ៣.៩៦ ពាន់លានដុល្លារ ដែលស្ទើរតែដូចគ្នាទៅនឹង ៤ពាន់លានដុល្លារ ដែលបានកត់ត្រាពេញមួយឆ្នាំ២០២១។
នេះគឺផ្ទុយពីរយៈពេលដូចគ្នា កាលពីឆ្នាំមុន នៅពេលដែលប្រទេសនេះបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន ៣.៥២ ពាន់លានដុល្លារ ដែលជាសញ្ញាថា វៀតណាមស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅ ក្នុងឆ្នាំនេះ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅ ចេញផ្សាយនាពេលថ្មីៗនេះ។
ការនាំចេញបានកើនឡើង ១៧.៣% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន គឺមាន ២៥០.៨ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងពីរខ្ទង់ នៅក្នុងវិស័យស្បែកជើង ម៉ាស៊ីន និងកាត់ដេរ។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដែលមានតម្លៃ ៧៧.៧ពាន់លានដុល្លារ។
ការនាំចូលបានកើនឡើង ១៣.៦% គឺដល់ ២៤៦.៨៤ពាន់លានដុល្លារ ដោយប្រទេសចិននៅតែជាអ្នកលក់ដ៏ធំបំផុត ចំនួន ៨៣.១ពាន់លានដុល្លារ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានព្យាករណ៍ថា តម្លៃពាណិជ្ជកម្មសរុបរបស់វៀតណាមមានចំនួន ៣៦៨ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ៩,៥% ពីមួយឆ្នាំទៅមួយឆ្នាំ លើសពីគោលដៅកំណើន ៨% របស់រដ្ឋាភិបាល៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត


