ហេតុអ្វីភ្នាក់ងារអវកាសរបស់អាមេរិកវិលទៅព្រះចន្ទជាថ្មី?

អាមេរិក៖ អំឡុងសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិកឬណាសា (NASA) គ្រោងបញ្ជូនកូនយានអវកាស ដែលជាផ្នែកមួយនៃបេសកកម្មអារតេមីស (Artemis I) ទៅកាន់គន្លងវិថីរបស់ព្រះចន្ទ។

កូនយានអវកាសនឹងត្រឡប់មកភពផែនដីវិញ នៅរយៈពេលមួយខែកន្លះ។ ប្រសិនបើអ្វីៗ ដំណើរការដូចបានគ្រោងទុក នោះអាមេរិកអាចនឹងបញ្ជូនអវកាសយានិកទៅកាន់ព្រះចន្ទជាថ្មី នៅឆ្នាំ២០២៥ ខាងមុខ។

មានកត្តាជាច្រើនកំពុងជំរុញឱ្យទីភ្នាក់ងារអវកាសអាមេរិកចង់បញ្ជូនមនុស្សត្រឡប់ទៅព្រះចន្ទជាថ្មី ក្នុងរយៈពេលជាង៥០ឆ្នាំចុងក្រោយនេះ។ កត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតនោះ គឺមហិច្ឆតារបស់អាមេរិកចង់បញ្ជូមនុស្សទៅភពព្រះអង្គារ ហើយដើម្បីធ្វើបែបនេះបានបេសកកម្ម ឬគម្រោង Artemis ត្រូវសាកល្បងបច្ចេកវិទ្យាមួយចំនួននៅលើព្រះចន្ទជាមុនសិន។

ជាការពិតបេសកកម្មទៅកាន់ព្រះចន្ទពោរពេញទៅដោយតម្លៃវិទ្យាសាស្ត្រ។ ដុំថ្មដែលប្រមូលបានពីព្រះចន្ទ ដោយបេសកកម្មកាលពីពេលកន្លងទៅ បានបង្ហាញពីប្រភពនៃការកកើតព្រះចន្ទ ដែលទំនងជាកើតឡើងពីបំណែកនៃវត្ថុ ដែលមានទំហំប៉ុនភពព្រះអង្គារហោះមកបុកភពផែនដី កាលពីជាង ៤ប៊ីលានឆ្នាំមុន។

តាមរយៈបេសកកម្មដែលមានឈ្មោះថា Artemis អង្គការណាសា នឹងផ្តោតការសិក្សាបន្ថែមទៀតពីទឹកកកនៅលើព្រះចន្ទ។ ទឹកកក និងវត្ថុធាតុ ដែលមាននៅក្នុងនោះអាចផ្តល់នូវព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងប្រព័ន្ធរបស់ព្រះអាទិត្យយើង។ មិនត្រឹមតែប៉ុណ្ណោះ ទឹកកកអាចនឹងត្រូវប្រើសម្រាប់ការបោះទីតាំងរបស់មនុស្សនៅលើព្រះចន្ទ ប្រសិនបើទឹកកកនោះអាចកែប្រែជាទឹកសម្រាប់ទទួលទានបាន រួមនឹងការបំប្លែងទៅជាឥន្ធនៈរបស់យានអវកាស។

បេសកកម្មទៅព្រះចន្ទ ត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទកន្លងទៅ បន្ទាប់ពីភ្នាក់ងារអវកាសអាមេរិកបានរកឃើញនូវកំហុសបច្ចេកទេសមួយចំនួនមុនពេលបាញ់បង្ហោះ។ ការបាញ់បង្ហោះ ដែលគ្រោងនឹងធ្វើឡើងនាសប្តាហ៍នេះ អាចនឹងត្រូវពន្យារពេលជាលើកទី២ ប្រសិនបើអាកាសធាតុមិនអំណោយផល។

អង្គការណាសា គ្រោងនឹងដាក់ចេញបេសកកម្មជាបន្តបន្ទាប់ទៀត ប្រសិនបើបេសកកម្ម Artemis ទី១ ទទួលបានជោគជ័យ ពោលគឺ បេសកកម្ម Artemis II នឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២៤ ខណៈបេសកកម្ម Artemis III គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ Artemis III នឹងបញ្ជូនស្ត្រីម្នាក់ និងជនជាតិអាហ្វ្រិក-អាមេរិកាំងម្នាក់ជាលើកទី១ទៅកាន់ព្រះចន្ទ។

អង្គការណាសា ដាក់ក្តីរំពឹងថា បើបេសកកម្មនេះបានជោគជ័យ នោះអាមេរិកនឹងសាងសង់ស្ថានីយអចិន្ត្រៃយ៍នៅលើព្រះច័ន្ទ និងក្នុងគន្លងរបស់វា សម្រាប់ការរុករកព្រះចន្ទនាពេលអនាគត និងភពផ្សេងទៀត៕ ដោយ៖ យ៉ាន អាន

ads banner