លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងការបរទេសគុយបាដឹកនាំដោយ ឯកឧត្តម ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ (Gerado Peñalver Portal) អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ។

តាងនាម សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងការបរទេសគុយបាដឹកនាំដោយ ឯកឧត្តម ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ Gerardo Penalver Portal អនុរដ្ឋមន្រ្តីទី ១ នៃក្រសួងការបរទេសគុយបា អមដោយលោកជំទាវ Liurka Rodriguez Barriose ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភានាពេលនេះ។

លោកជំទាវបានមានប្រសាសន៍អំពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-គុយបា និងកិច្ចសហប្រតិបត្តិការដែលមានជាមួយគ្នាជាយូរមកហើយ តាំងពីសម័យព្រះបរមរតន:កោដ្ឋ ព្រះបាទនរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ។ ទំនាក់ទំនងជាមិត្តភាព និងប្រពៃណីដ៏ល្អនេះត្រូវបានថ្នាក់ដឹកនាំកំពូលទាំងរដ្ឋាភិបាល គណបក្ស និងប្រជាជននៃប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់ ជាបន្តបន្ទាប់រហូតមកទល់ បច្ចុប្បន្ន។

សូមជម្រាបផងដែរថា កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសគុយបានៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងធម្មតាក្នុងវិស័យផ្សេងៗគ្នា ជាពិសេសវិស័យអប់រំ សុខាភិបាល និងវប្បធម៌ ហើយដែលឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ៦២ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា ។

សូមបញ្ជាក់ជូនថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក ទាំងក្របខណ្ឌរដ្ឋសភា រាជរដ្ឋាភិបាល ជាក់ស្ដែងសម្ដេចប្រធានរដ្ឋសភា ធ្លាប់បំពេញទស្សនកិច្ចនៅគុយបាផងដែរកាលពីឆ្នាំ ២០១០។ ដោយឡែកក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា-គុយបា ក៏ធ្លាប់បំពេញទស្សនកិច្ច និងចូលរួមសន្និសីទប្រឆាំងចក្រពត្ដិនិយមនិងប្រឆាំងសេរីនិយមថ្មី នៅប្រទេសគុយបាផងដែរ។
លោកជំទាវបានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាចមួយចំនួននាទសវត្ស៨០។ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញដោយបានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាល ពលរដ្ឋកម្ពុជាក៏ដូចជាជួយស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាពដ៏ប្រពៃក្នុងគ្រាដែលក្រលំបាក។ លោកជំទាវក៌បានរំលឹកដែរថា កម្ពុជាក៏បានគាំទ្រដល់ប្រទេសគុយបា នៅពេលប្រទេសគុយបាជួបការលំបាកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្ដិធម៌ពីសំណាក់មហាអំណាចមកលើប្រទេសគុយបា ក្នុងនោះកម្ពុជាបានគាំទ្រគុយបានៅលើវេទិការអន្ដរជាតិនានា ដូចនៅកិច្ចប្រជុំសហភាពអន្តរសភា IPU មហាសន្និបាតអង្គការសហប្រជាជាតិ និងវេទិកាអន្ដរជាតិផ្សេងៗទៀត។

លោកជំទាវបានសម្តែងនូវការអបអរសាទរចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើការលប់បំបាត់រនាំង ឬឧបសគ្គនានាដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា និងបានសម្ដែងនូវមោទនភាពចំពោះប្រទេសគុយបា ដែលមានសមាជិកសភាជាស្រ្ដីច្រើនលើសលប់បំពេញការក្នុងរដ្ឋសភាគុយបាបច្ចុប្បន្ន រហូតដល់ចំនួន៥៣.២២% ក្នុងចំណោមសមាជិកសភា ៦០៥នាក់ ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក។
លោកជំទាវក៏បានជម្រាបជូនផងដែរ អំពីគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតឹជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសគុយបា នៅចុងខែកញ្ញា នេះ ដែលនឹងពង្រឹង ពង្រីកដល់ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។
ថ្លែងក្នុងជំនួបនេះផងដែរ ឯកឧត្តម អនុរដ្ឋមន្រ្តីការបរទេសគុយបាបានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងសូមអរគុណយ៉ាងក្រៃលែងចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនចំពោះគណៈប្រតិភូគុយបានាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាលើកទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានឃើញនៅការអភិវឌ្ឍរីកចំរើនយ៉ាងច្រេីនរបស់កម្ពុជា។ ជាពិសេស ឯកឧត្តមពិតជាមានកិត្តិយសដោយមានឱកាសជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភានាពេលនេះ។ ឯកឧត្តមបានលើកឡើងបន្ថែមថា រយៈពេល ៣ឆ្នាំកន្លងទៅនេះ ចំណងមិត្តភាពកម្ពុជា-គុយបា ត្រូវបានបង្អាក់ដោយសារតែមេរោគរាតត្បាតសកលកូវីដ-១៩។ ហេតុដូចនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងពង្រឹងនិងពង្រីកនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តមបានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះការតស៊ូ ពលីកម្ម និងវីរៈភាពរបស់ប្រជាជនកម្ពុជា ដែលរងនូវអំពើអយុត្តិធម៌ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីមហាអំណាច ដែលមិនខុសពីប្រទេសគុយបាទេ។ ឯកឧត្តមក៏បានវាយតំលៃខ្ពស់ទៅលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខមាលភាពប្រជាជន និងរក្សាលំនឹងជីវភាពប្រជាជនបានយ៉ាងល្អ។
ជាចុងបញ្ចប់ភាគីទាំងពីរកម្ពុជា-គុយបា បានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្នធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង និងរួមគ្នាជួយជ្រោមជ្រែងអភិវឌ្ឍលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កីឡា និងសុខភាពសាធារណៈ៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ