ស្នាដៃគំនូរដែលបង្កើតឡើង​ដោយ​បច្ចេក​វិទ្យា A.I ទទួល​បាន​ពានរង្វាន់​នៅ​ក្នុង​ពិព័រណ៍ស្នាដៃ​សិល្បៈ​នៅ​អាមេរិក

​អាមេរិក៖វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​សម្រាប់​សិល្បករ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា នៅ​ពេល​ដែល​ពិព័រណ៍​ស្នាដៃ​សិល្បៈ​មួយ​ក្នុង​រដ្ឋ​កូឡូរ៉ាដូ (Colorado State Fair) សហរដ្ឋអាមេរិក បាន​សម្រេច​ផ្ដល់​ពាន​ង្វាន់​ដល់​ស្នាដៃគំនូរដែលបង្កើតឡើង​ដោយ​បច្ចេក​វិទ្យាប្រាជ្ញា​សប្បនិម្មិត ឬ អេ អាយ(A.I) ។ ផ្ទាំងគំនូរកើត​ឡើង​ដោយ​ពាក្យ​ប៉ុន្មានឃ្លា ដែល​គេ​ដាក់​ចូល​ទៅ​ក្នុង​កម្មវិធី Midjourney។ ទន្ទឹម​នឹង​ការ​ភ្ញាក់​ផ្អើល ពានរង្វាន់​នេះ​​​ក៏​ទទួល​បាន​នូវ​ការ​រិះគន់ពី​សិល្បករ​អាជីព ដោយ​ពួក​គេ​ចាត់​ទុក​ស្នាដៃ​នេះ ថា​ជា​ការបន្លំ​។

នៅ​ឆ្នាំ២០២២នេះ ​ការ​តាំង​ពិព័រណ៍​ស្នាដៃសិល្ប​ក្នុង​រដ្ឋ​កូឡូរ៉ាដូ (Colorado State Fair) សហរដ្ឋអាមេរិក​បាន​ប្រគល់​រង្វាន់​ទៅ​តាម​ប្រភេទ​ស្នាដៃ​សិល្បៈ​ផ្សេងៗ ដែល​មាន​ដូច​ជា ផ្ទាំងគំនូរ  សិប្បកម្ម​ប៉ាក់ និង​ចម្លាក់​ជា​ដើម។ ប៉ុន្តែ​បុរស​ម្នាក់​ឈ្មោះ Jason M. Allen មិន​បាន​ប្រើ​ជក់លើ​ផ្ទាំង​គំនូរ​របស់​លោក​នោះ​ទេ​។ លោក​បាន​ប្រើ​កម្មវិធី​របស់ Midjourney ដែល​បំពាក់​ដោយ​បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើត​ផ្ទាំង​គំនូរ​សម្រាប់​ចូលរួម​ប្រកួត​។​ កម្មវិធី​នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពាក្យ​គន្លឹះ ជា​ល្បះ ឬ​ជា​ប្រយោគ ហើយ​​បំប្លែង​ខ្លឹមសារ​នៃ​ពាក្យ​ទាំង​នោះ ដើម្បីបង្កើត​ជា​រូបភាព ឬ​ផ្ទាំង​គំនូរ។

ស្នាដៃសិល្បគំនូរ​របស់​លោក​មាន​ចំណង​ជើង​ថា “Théâtre D’opéra Spatial” បាន​ទទួល​ពាន​រង្វាន់​​សម្រាប់​គំនិតច្នៃប្រឌិត​សិល្បករ​ឌីជីថល ដែល​នេះ​មាន​ន័យ​ថា​ស្នាដៃ​របស់​លោក គឺ​ជា​ផ្ទាំង​គំនូរ​បង្កើត​ដោយ A.I ដំបូង​បំផុត​ទទួល​បាន​ពានរង្វាន់​។

លោក Allen បាន​ប្រាប់​អ្នកកាសែត កាលពីថ្ងៃពុធ ទី៣១ ខែសីហាឆ្នាំ២០២២ថា ស្នាដៃសិល្ប​របស់​លោក គឺ​ពិត​ជា​បាន​បង្កើត​ឡើង​ដោយ​ប្រើប្រាជ្ញាសិប្បនិម្មិត A.I មែន ហើយ​លោក​មិន​បាន​ក្លែង​បន្លំ​ភ្នែក​អ្នក​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​ប្រភព​ដើម​នៃ​ផ្ទាំង​សិល្ប​នេះ​ទេ​។ លោក​បញ្ជាក់៖ «ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​សុំទោស​ចំពោះ​រឿង​នេះ​ឡើយ​។ ខ្ញុំ​ជា​អ្នក​ឈ្នះ​ពាន ខ្ញុំ​មិន​បាន​រំលោភ​លើ​លក្ខខណ្ឌ​ក្នុង​ការ​ប្រកួត​នោះទេ​។»

ក្រោយ​ពី​សាកល្បង​ប្រើប្រាស់ Midjourney មួយរយៈ លោក Allen មានភាព​ជក់ចិត្ត និង​នឹក​ស្មាន​មិន​ដល់​ពី​សមត្ថភាព​បង្កើត​រូបភាព​របស់ A.I ដោយ​គ្រាន់​តែ​ប្រើ​ពាក្យ​ប៉ុន្មាន​ឃ្លា​ប៉ុ​ណ្ណោះ។ នាពេល​នោះ​ លោក​ក៏​មាន​គំនិត​យករូបភាព​រប​ស់​លោក​ដាក់​ចូល​រួម​ប្រកួត​។ រង្វាន់​ដែល​លោក​ទទួល​បាន​ក៏​មាន​អមមក​ជាមួ​យ​នូវ​ទឹក​ប្រាក់​ ៣០០ដុល្លារអាមេរិក។

ជា​ការ​កត់​សម្គាល់ កម្មវិធី​សម្រាប់​បង្កើត​ផ្ទាំង​គំនូរ​សិល្ប​ឌីជីថល គឺ​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​កម្មវិធី​មួយ​ចំនួន ដូច​ជា DALL-E 2 Midjourney និង Stable Diffusion គឺ​ជា​កម្មវិធី​ថ្មី ដែលទើប​តែ​អនុញ្ញាត​ឲ្យ​មនុស្ស​ទូទៅ​អាចចូល​ទៅ​​បង្កើត​ផ្ទាំង​សិល្បៈ​ឌីជីថល ដោយ​គ្រាន់​តែ​ប្រើ​ពាក្យ​ប៉ុន្មាន​ឃ្លា​ប៉ុណ្ណោះ​។

គំនូរ​ដែល​បង្កើត​ឡើង​ដោយប្រាជ្ញាសប្បនិម្មិត A.I កំពុង​តែ​ធ្វើ​ឲ្យ​សិល្បករ​មួយ​ចំនួន​មាន​ការ​បារម្ភពី​អនាគត​របស់ពួក​គេ។ ពួក​គេ​បារម្ភ​ខ្លាច​មនុស្ស​លែង​​ទិញ​ផ្ទាំង​គំនូររបស់​មនុស្សដែល​មាន​តម្លៃ​ថ្លៃ ខណៈ​គំនូរ​ទាំង​នោះ​អាច​បង្កើត​បាន​តាម​រយៈ A.I ដោយ​គ្រាន់​តែ​ប្រើ​ពាក្យ​ប៉ុន្មាន​ឃ្លា​នោះ៕
ដោយ៖យ៉ាន អាន

ads banner