គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» រយៈពេល៣ថ្ងៃ
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ:គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រ នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល ៣ថ្ងៃ។ វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទវគ្គបណ្ដុះបណ្ដាល ដូចខាងក្រោម៖
- នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០នាទី ពិធីបើកវគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប * នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤៖៣០នាទី ពិធីបិទវគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប៕
ដោយ:រ៉ាវុធ
