កូនប្រុសច្បងសម្ដេចតេជោ ហ៊ុន សែន:គ្មានការប្រជែងតំណែងបេក្ខជននាយករដ្ឋមន្ត្រីនៃបក្សគណបក្សប្រជាជនរវាងលោកនិងប្អូនប្រុស

ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រី នាពេលអនាគតនៃគណបក្សប្រជាជនកម្ពុជា បានមុខប្រតិកម្មតបតទៅនឹងការវិភាគដែលថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកំពុងមានការប្រជែងតំណែងនាយករដ្ឋមន្ត្រី រវាងរូបលោក និងឯកឧត្ដម ហ៊ុន ម៉ានី ប្អូនប្រុសរបស់លោក។ ការតបតនេះ គឺបន្ទាប់ពីមានការវិភាគថា លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី កំពុងធ្វើសកម្មភាពនយោបាយយ៉ាងសកម្មក្នុងពេលទន្ទឹមគ្នា ដើម្បីស្វែងរកប្រជាប្រិយភាពពីប្រជាពលរដ្ឋ។

នៅពិធីប្រកាសជាផ្លូវការបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ទី០៣កញ្ញា ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាកងទ័ពជើងគោក បានថ្លែងថា៖ «គ្រួសារខ្ញុំ បងប្អូនប្រាំនាក់ ហាក់ដូចជាសសរប្រាំដើម ទ្រផ្ទះមួយ។ សសរមួយណាបាក់ ក៏ធ្វើឲ្យផ្ទះនេះរលំ បាត់លំនឹង ហើយរលំបាក់គ្រោះថ្នាក់ទាំងអស់គ្នា។ ចាំពាក្យនេះ! ឪ ម៉ែ ខ្ញុំប្រដៅតាំងពីដើម»។ ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ ដើម្បីសង្កត់ធ្ងន់អំពីសាមគ្គីភាពក្នុងក្រុមគ្រួសារឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាការឆ្លើយចំអកទៅនឹងការថ្លែងរបស់អ្នកវិភាគមួយចំនួន។

សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត សសរទាំងប្រាំ ឬកូនទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានទេ ការបាក់បែកសាមគ្គីភាព។ លោកថា៖ «យើងមិនឲ្យផ្ទះនេះបាក់រលំមកស្លាប់ទាំងអស់នោះទេ បើគិតថាខ្ញុំ និងប្អូនខ្ញុំល្ងង់ដល់ថា្នក់ហ្នឹង»។
គួរកត់សម្គាល់ថា ចាប់ តាំង ពី គណបក្ស ប្រជាជន កម្ពុជា បោះឆ្នោត ទុក ចិត្ត ជ្រើស រើស ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនស្នងតំណែងនាយករដ្ឋមន្ត្រីនា ថ្ងៃអនាគត ឯកឧត្តម ហ៊ុន ម៉ាណែត ចាប់ ផ្ដើម ចេញ ធ្វើ សកម្មភាព នយោបាយ ជា ច្រើន ខុស ពី ពេល មុន ដែល គេ សង្កេត ឃើញ ថា លោក ជា បុគ្គល មួយ រូប ដែល មិន សូវ និយម បង្ហាញ មុខ ជា សាធារណៈ ញឹកញាប់ នោះ ឡើយ។ សកម្មភាពចុងក្រោយ ដែលក្រុមអ្នកវិភាគកត់សម្គាល់គឺថា ការចេញផ្សាយនូវសៀវភៅមួយរបស់អ្នកនិពន្ធ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រោមចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត»។

ការចេញសៀវភៅមួយនេះ គឺជួនចំពេលជាមួយឯកឧត្តមហ៊ុន ម៉ានី កូនប្រុសពៅ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក្លាយជា តួ អង្គ ឯក នៅ ក្នុង សៀវភៅ មួយ ក្បាល ដែរ និពន្ធ ដោយ លោក លាង ដឺលុច សហស្ថាបនិក សារព័ត៌មាន ថ្មីៗ និង ជា នាយក ប្រតិបត្តិ នៃ ក្លិប អ្នក កាសែត កម្ពុជា ដែល សៀវភៅ នោះ មាន ចំណងជើង ថា «ក្តីសង្ឃឹម ហ៊ុន ម៉ានី»។ ជា ការ ចៃដន្យជាជាង ការ ព្រាង ទុក ប៉ុន្តែ ការ ចេញ ផ្សាយ សៀវភៅ ទាំង ពីរ ក្បាល នេះ ត្រូវ ក្រុម អ្នក វិភាគ មួយ ចំនួន ចាត់ទុកជាសកម្មភាពនយោបាយប្រជែងដណ្តើមតំណែងនាយករដ្ឋមន្ត្រី រវាង ឯកឧត្តមហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី។
តាម រយៈ ការ វិភាគ ទាំង ឡាយ នេះ និង បន្ថែម ពី លើ ការ បក ស្រាយ របស់ ឯកឧត្តមហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសទី៣ និងបច្ចុប្បន្នជាប្រធាសសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃ ៣១សីហាបញ្ជាក់ ដែរថា៖ «ខ្ញុំ និងបងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ច្បាស់ណាស់ ពីចរិតនៃការបកស្រាយ និងបទវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ ហើយយើងអរគុណទៅវិញទេ ដែលការវិភាគទាំងនោះ បានក្លាយទៅជាមូលដ្ឋាននៃសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង»។

ឯកឧត្តម ហ៊ុន ម៉ានី ជា ប្អូន ប្រុស តាំង ពី ដើម មក តែង តែ បង្ហាញពី ជំហរ យ៉ាង មុតមាំនិង យ៉ាង ពេញ ទំហឹង គាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត បងប្រុសរបស់ខ្លួន ក្នុងតំណែងជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត បន្តពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែក សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏ បាន គូស បញ្ជាក់ ដូច គ្នា ដែរ ថា៖ «គ្រួសារលោកគ្មានជម្លោះផ្ទៃក្នុង ឬ កូនប្រុសទាំងពីរ ដែលកំពុងមានប្រជាប្រិយភាព បានដណ្ដើមគ្នាអង្គុយលើកៅអីនាយករដ្ឋមន្ត្រីឡើយ»។ តាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ មហិច្ឆតាតាឯកឧត្តម ហ៊ុន ម៉ានី គ្មានឡើយ ចង់ធ្វើជានាយករដ្ឋមន្ត្រី ប្រជែងនឹងឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបងប្រុស៕
ដោយ: សេក ប្រាក់ , កែវ កិរិយា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner