IAEA សម្រេច ដាក់ អ្នកជំនាញនុយក្លេអ៊ែររបស់ ខ្លួន ២នាក់ ឲ្យស្នាក់នៅក្នុងរោងចក្រហ្សាប៉ូរីចាជាអចិន្ត្រៃយ៍ ដើម្បីពិនិត្យមើលហានិភ័យផ្សេងៗក្នុងរោងចក្រនេះ

អ.ស.ប៖ ការវាយប្រហារចុងក្រោយក្បែររោងចក្រថាមពលនុយក្លេអ៊ែររបស់ អ៊ុយក្រែន ហ្សាប៉ូរីចា (Zaporizhzhia) កំពុងតែបង្កើន ហានិភ័យកាន់តែខ្ពស់បើទោះបីជាមានវត្ត មានរបស់អ្នកឃ្លាំមើល អាតូមិក របស់អង្គការសហប្រជាជាតិនៅក្នុងរោងចក្រនេះក្ដី ។

ប្រធានទីភ្នាក់ថា IAEA លោក Rafael Mariano Grossi អះអាងកាលពីថ្ងៃសុក្រ ដោយ មិនចោទរុស្ស៊ី ឬ អ៊ុយក្រែន ថាបណ្ដាញថាមពលចូលទៅក្នុងរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីចា ត្រូវបានក្រុមយោធា ដែលធ្វើការវាយប្រហារនៅតំបន់ជុំវិញ កំណត់ជា គោលដៅ ។ លោកថ្លែងបែបនេះបន្ទាប់ពី ក្រុមការងារ របស់លោក បានចុះទៅត្រួត ពិនិត្យដល់រោងចក្រផ្ទាល់ នៅថ្ងៃព្រហស្បតិ៍ ស្របពេលដែលការប្រយុទ្ធគ្នា និងការ បាញ់ផ្លោងនៅក្បែរនោះបន្តមិនឈប់ឈរ ។

ទន្ទឹមនឹងការព្រមានថាសកម្មភាពយោធាក្នុងតំបន់បង្កការគ្រោះថ្នាក់ ខ្លាំង លោក Grossi បានប្រកាសនៅថ្ងៃសុក្រដដែលថាអ្នកជំនាញនុយក្លេអ៊ែរ របស់ IAEA ២ នាក់ នឹងត្រូវស្នាក់នៅក្នុងរោងចក្រ ហ្សាប៉ូរីចាជាអចិន្ត្រៃយ៍ ដើម្បីពិនិត្យមើលហានិភ័យ ផ្សេង ៗ ក្នុងរោងចក្រនេះ ។ លោកអះអាង ថាអ្នកជំនាញទាំង២ រូប នេះនឹងជួយកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយដែលនឹងអាចកើតមានឡើង ។

រោងចក្រ ហ្សាប៉ូរីចា គឺជារោងចក្រថាមពល នុយក្លេអ៊ែរ ដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប ដែល ផ្គត់ផ្គង់តម្រូវការថាមពល របស់ អ៊ុយក្រែន ជាង២០ ភាគរយ ។ រោងចក្រដែលស្ថិតនៅ ក្នុងសមរភូមិ ជួរមុខភាគខាងត្បូងមួយនេះ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កង ទ័ពឈ្លានពានរុស្ស៊ី នៅដើមខែមីនាប៉ុន្តែ នៅតែបន្តដំណើរការដោយបុគ្គលិកជនជាតិ អ៊ុយក្រែន ។

កន្លងមករុស្ស៊ី និង អ៊ុយក្រែនបានចោទប្រកាន់គ្នាទៅ វិញទៅមកចំពោះការវាយ ប្រហារ នៅក្នុងនិង ជុំវិញ រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីចា។ កាលពីខែដើមសីហា ភាគីនៃ ជម្លោះ ទាំង២ បានអំពាវនាវឱ្យមានចំណាត់ការលើអ្វី ដែលខ្លួនហៅថា «ភេរវកម្មនុយក្លេអ៊ែរ» ដោយ អះអាងយកត្រូវរៀង ៗ ខ្លួនហើយ គាំទ្រឱ្យទីភ្នាក់ងារ IAEA ចូលទៅពិនិត្យមើល ។

កន្លងមកអ៊ុយក្រែន និង លោកខាងលិចបានចោទប្រកាន់ រុស្ស៊ី ថាយករោងចក្រ នុយក្លេអ៊ែរ ហ្សាប៉ូរីចា ធ្វើជាមូលដ្ឋានទ័ពហើយ បញ្ជូនសព្វាវុធទៅ ទីនោះដើម្បីបើក ការវាយប្រហារលើ អ៊ុយក្រែន និងទីក្រុង នានា របស់ប្រទេសនេះ ។ អ៊ុយក្រែន និង លោកខាងលិចអះអាងថាកងទ័ពរុស្ស៊ី យករោងចក្រធ្វើជាកន្លែងការពារគ្រាប់ដោយ មើលឃើញថា អ៊ុយក្រែន មិនហ៊ានធ្វើការវាយប្រហារបកវិញព្រោះខ្លាចត្រូវប្រឈម មុខនឹងមហន្តរាយ នុយក្លេអ៊ែរ។

យ៉ាងណាមិញ អភិបាលតំបន់ ហ្សាប៉ូរីចា លោក Vladimir Rogov ដែលរុស្ស៊ី លើក បន្តុប ក្រោយការឈ្លានពានអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសោរ៍ ថាការវាយប្រហារ ចុងក្រោយកាលពីយប់ថ្ងៃសុក្រ ដែលបង្កឱ្យដាច់បណ្ដាញអគ្គីសនីទៅ រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីចា គឺជាសកម្មភាពយោធារបស់អ៊ុយក្រែន ។

ការអះអាងនេះហាក់ផ្ទុយគ្នាទៅនឹងការចោទប្រកាន់របស់ក្រសួងការពារជាតិរុស្ស៊ី ដែលថាកងទ័ពជើងទឹកអ៊ុយក្រែន ដែលមានគ្នាជាង២៥០ នាក់ បានធ្វើដំណើរតាម ទូកក្នុង ទន្លេ Dnieper នៅយប់ថ្ងៃសុក្រឆ្ពោះទៅត្រើយម្ខាងនៃទន្លេក្បែររោង ចក្រហ្សាប៉ូរីចា ប៉ុន្តែ ខ្លួនបានធ្វើការវាយប្រហារដោយកម្ទេចទូករបស់ពួកគេអស់ចំនួន ២០ និង សម្លាប់ទាហាន ៤៧ នាក់ ។

ការអះអាងរបស់ រុស្ស៊ី មិនមានការបញ្ចាក់ពីភាគីណាក្រៅពីរុស្ស៊ី ផ្ទាល់នៅទេ ។ ផ្ទុយ ទៅវិញកងទ័ពអ៊ុយក្រែន និយាយកាលពីថ្ងៃសុក្រថាខ្លួនបានទម្លាក់គ្រាប់បែកលើ មូលដ្ឋានទ័ពរុស្ស៊ីក្បែររោងចក្រហ្សាប៉ូរីចាក្នុងទីក្រុង Energodar ដោយកម្ទេចប្រព័ន្ធ កាំភ្លើងធំចំនួន ៣ និង ឃ្លាំងអាវុធមួយ ។

គួរបញ្ចាក់ជាថ្មីថាការអួតអាងពីការវាយប្រហារទាំងនេះសុទ្ធតែធ្វើឡើងខណៈដែល ក្រុមការងារ IAEA កំពុងត្រួតពិនិត្យរោងចក្រហ្សាប៉ូរីចា ក្នុងសកម្មភាពដែលលោក ប្រធានាធីបតី អ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេលេនស្កី បានទទួលស្វាគមន៍ពីដំបូងរួចមក ក៏ហៅថា «គ្មានផ្លែផ្កា » បន្ទាប់ទីភ្នាក់ងារនេះមិនបានធ្វើតាមសន្យាថានឹងទទូចឱ្យរុស្ស៊ី ដកទ័ពចេញពីតំបន់ហើយ ប្រគល់រោងចក្រហ្សាប៉ូរីចា ឱ្យ អ៊ុយក្រែនកាន់កាប់ដូចដើម ៕ដោយ: ហួន ឌីណា

ads banner