កូនឈើចម្រុះជាច្រើនដើមត្រូវបានយកមកដាំនៅព្រៃសហគមន៍ល្ងឹមឃុំត្រពាំងជោរ
កំពង់ស្ពឺ៖ កូនឈើចម្រុះជាច្រើនដើមត្រូវបាន ដាំនៅលើផ្ទៃដី ប្រមាណ៤០០ហិកតា ជាដីសហគមន៍ល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ នេះដែរជាមួយអ្នកស្ម័គ្រចិត្តដាំកូនឈើរាប់រយនាក់ ជាសិស្ស និស្សិត មន្ត្រីរាជការ ក្រុមអាជីវករ នៅក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅ។
ក្នុងឱកាសនេះលោកអភិបាលរងខេត្ត អំពាវនាវដល់ ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម ទប់ស្កាត់ ការចូលបរបាញ់ ដាក់អន្ទាក់សត្វព្រៃ និងកាប់ បំផ្លាញព្រៃឈើ យកដីសហគមន៍ធ្វើជាកម្មសិទ្ធិបុគ្គល ឬបក្ខពួកមួយក្ដាប់តូចហើយធ្វើឲ្យខូចខាតផលប្រយោជន៍សហគមន៍ បាត់បង់ជម្រកសត្វព្រៃ បាត់បង់ផលប្រយោជន៍ សហគមន៍ ដោយសារគ្មានទេសចរមកកម្សាន្ត តាម ព្រៃសហគមន៍នៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក បុណ្យជាតិ ផ្សេងៗ។ សូមឱ្យសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ត្រូវចូលរួមទប់ស្កាត់ ថែរក្សាព្រៃទាំងនេះ ទុកឲ្យកូនៗជំនាន់ ក្រោយៗទៀត បានដឹង បានស្គាល់អំពីឈើប្រណិត ដែលបានបន្សល់ទុកពីមនុស្សជំនាន់នេះ ឲ្យពួកគេបានឃើញបានស្គាល់ផងដែរ។
ក្នុងពិធីដាំកូនឈើនេះមានការឧបត្ថម្ភគាំទ្រ ជាអាវយឺត-ម្ហូបអាហារ-បាយ-ទឹកក្រូច-នំប៉័ង និងមធ្យោបាយធ្វើដំណើរចូលក្នុងព្រៃតាមគោយន្ត ព្រមទាំងកូនឈើពីមន្ទីរបរិស្ថាន និងម្ចាស់ក្រុមហ៊ុន ខ៊ូស៊ី -បុកល្ហុងម៉ែរួយ ជាអ្នកល្បីៗតាមបណ្ដាញសង្គម facebook នាពេលបច្ចុប្បន្ននេះផងដែរ៕
ដោយ៖សេឌី



