ការរប្រមូលផ្តុំនៅចម្ការ លោក ខឹម វាសនា រំសាយស្ទើរតែ ទាំងស្រុង ខណៈឱសានវាទត្រឹមថ្ងៃទី៥ កញ្ញា
សៀមរាប៖ បន្ទាប់ពីការព្យាយាមសម្របសម្រួលរ បស់អាជ្ញាធរ ខេត្តសៀមរាប និងសមត្ថកិច្ចចម្រុះ ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបមកដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញការប្រមូលផ្តុំនៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរំសាយ ស្ទើរទាំងស្រុង ហើយ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនៃអគ្គស្នង ការដ្ឋាន នគរ បាលជាតិ បានថា ការប្រមូលផ្តុំមនុស្សនៅចម្ការ លោក ខឹម វាសនា នេះ មានចំនួនពីរទីតាំង។ មួយទីតាំងស្ថិត នៅ លើដីទំហំ ២៥ហិកតា និងមួយទីតាំងទៀតស្ថិតនៅលើ ដីទំហំ ១២ហិកតា។ ទីតាំងប្រមូលផ្តុំលើដីទំហំ ២៥ហិកតា ប្រជាពលរដ្ឋបានរំសាយអស់ហើយ ហើយរោងដែលសង់ សម្រាប់ស្នាក់នៅ ក៏ត្រូវបានរុះរើផងដែរ។
ដោយឡែកទីតាំងប្រមូលផ្តុំនៅលើដីទំហំ ១២ហិកតាវិញ គឺនៅសល់មនុស្សប្រមាណមួយពាន់នាក់ទៀតប៉ុណ្ណោះ។
បើតាមមន្ត្រីនគរបាលជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា នៅព្រឹកមិញខាងលោក ខឹម វាសនា ក៏បានអនុញ្ញាតឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោក ទៀ សីហា ចូលទៅ មើល ទីតាំងប្រមូលផ្តុំលើដី១២ហិកតានោះផងដែរ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធបញ្ជាក់ថា លទ្ធផលដែល សម្រេចបាននេះ បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញ ដោយមិនយក ទោសពៃរ៍៍។ បន្ថែមពីលើនេះបន្ទាប់ពីមានជំនួប ដោយផ្ទាល់រវាង អភិបាលខេត្តសៀមរាប ក៏ដូចជារូបលោក ជាមួយលោក ខឹម វាសនា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ។ លោក ឆៃ ស៊ីណារិទ្ធ បានបន្តថា បន្ទាប់ពីជំនួបនោះ លោក ខឹម វាសនា បានចូលរួម សហការ ហើយក៏បានប្រកាសឱ្យប្រជាពលរដ្ឋរំសាយការ ជួបជុំ ផងដែរ។
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានអះអាងថា ឱសានវាទនៃ ការជួបជុំនេះ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៥ ខែកញ្ញានេះ។
នាយឧត្តមសេនីយ៍បានវាយតម្លៃថា កិច្ចសម្របសម្រួល នេះជំរុញឱ្យមានការរំសាយការជួបជុំរៀបចំដោយលោក ខឹម វាសនា ទទួលបានជោគជ័យស្ទើរទាំងស្រុងហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ មានចលនាបំផុសបំផុលមនុស្សឱ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ក្រោមសាប ព្រោះពាក្យចចាមអារ៉ាមមានគ្រោះរញ្ជួញដី និងទឹកលិចលង់ ពិភពលោកជាដើម។
ប្រជាពលរដ្ឋដែលមានជំនឿលើការឃោសនាគ្រប់រាជធានីខេត្ត រួមទាំងពលករបម្រើការក្រៅប្រទេសរួមមានកូរ៉េខាងត្បូង ជប៉ុន និងថៃផង បានចាកចេញពីលំនៅឋាន ចាកចេញពីកន្លែងការងារ សម្រុកទៅរស់នៅក្នុងចម្ការ ដែលគេឃោសនាថា ជាទីតាំងតែ មួយគត់គេចផុតពីគ្រោះមហន្តរាយពិភពលោក។
ប្រជាពលរដ្ឋមានជំនឿដែលបានទៅប្រមូលផ្តុំត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង មួយម៉ឺននាក់។
ប្រជាពលរដ្ឋដែលទៅទីនោះ ខ្លះទៅទាំងគ្រួសារ គ្រួសារខ្លះ ទៅស្វាមី គ្រួសារខ្លះទៅតែភរិយា ដោយបានប្រមូលទ្រព្យ សម្បត្តិទៅជាមួយផង៕
ដោយ៖សេឌី



