មេដឹកនាំអាល្លឺម៉ង់សន្យាបញ្ចេញថវិការ ៦៥ពាន់លានអឺរ៉ូ ដើម្បីជួយប្រជាជនខ្លួនឆ្លងកាត់រដូវរងាដ៏លំបាក

ប៊ែរឡាំង៖ រដ្ឋាភិបាលសម្ព័ន្ធដែលដឹកនាំប្រទេសអាល្លឺម៉ង់ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានប្រកាសថា អាល្លឺម៉ង់នឹងវិនិយោគបន្ថែមចំនួន ៦៥ពាន់លានអឺរ៉ូ ឬប្រហែល ៦៤,៧ពាន់លានដុល្លារ នៅក្នុងវិធានការថ្មីមួយ ក្នុងគោលបំណងបន្ធូរបន្ថយអតិផរណា និងតម្លៃថាមពលខ្ពស់សម្រាប់អ្នកប្រើប្រាស់។

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា អាល្លឺម៉ង់ក្រោកឈរជាមួយគ្នាក្នុងគ្រាដ៏លំបាកមួយ… ក្នុងនាមជាប្រទេសមួយ យើងនឹងឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។

លោក សូលស៍ បាននិយាយថា គាត់ដឹងច្បាស់ថា ជនជាតិអាល្លឺម៉ង់ជាច្រើនកំពុងតស៊ូដើម្បីទប់ទល់នឹងការកើនឡើងនៃតម្លៃថាមពល ហើយថា រដ្ឋាភិបាលបានរៀបចំរួចរាល់ដើម្បីជួយ… យើងយល់យ៉ាងច្បាស់ពីការព្រួយបារម្ភទាំងនេះ។

ទន្ទឹមគ្នា អធិការបតីអាល្លឺម៉ង់រូបនេះបានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះការកើនឡើងតម្លៃថាមពលខ្ពស់របស់ប្រទេសអាល្លឺម៉ង់ ដោយនិយាយថា រុស្ស៊ីបានបំពានកិច្ចសន្យារបស់ខ្លួន ហើយមិនមែនជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបានទៀតទេ។

ត្រលប់ទៅខែកក្កដា នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមអនុវត្តវិធានការណ៍ដំបូង ដើម្បីទប់ទល់វិបត្តិថាមពល លោក សូលស៍ បានសន្យាថា នឹងបន្ធូរបន្ថយការខឹងសម្បាររបស់អ្នកប្រើប្រាស់ ដោយនិយាយថា អ្នកនឹងមិនដែលដើរតែម្នាក់ឯងទេ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពីសកម្មភាពផ្សេងទៀត ដើម្បីជួយដល់អ្នកប្រើប្រាស់ រួមទាំងការបង់ប្រាក់ម្តងចំនួន ៣០០អឺរ៉ូសម្រាប់កម្មករ និងការបញ្ចុះពន្ធតម្លៃបន្ថែមលើឧស្ម័នពី ១៩% ទៅ ៧% រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៤៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner