អង្គទូតនិងក្រុមគ្រួសារពីប្រទេសថៃ ទស្សនកិច្ចសិក្សា នៅតំបន់ សេដ្ឋកិច្ចពិសេស អូនាង ក្រុងប៉ោយប៉ែតមុននឹងមាតុភូមិនិវត្តន៍
បន្ទាយមានជ័យ៖ឯកអគ្គរាជទូត អគ្គរដ្ឋទូតឬអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃនិងក្រុមគ្រួសារបានទស្សនកិច្ចសិក្សាលើកទី២ទៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបពីថ្ងៃទី០១-០៤ខែកញ្ញាឆ្នាំ២០២២។ប្រតិភូ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅតំបន់សេដ្ឋកិច្ច ពិសេស អូនាង ក្រុងប៉ោយប៉ែត មុននឹងវិលមាតុភូមិិវត្តន៍ ទៅប្រទេស ថៃ វិញ នារសៀសថ្ងៃទី៤ខែកញ្ញាម្សិលមិញ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងប្រធាន អនុប្រធានមន្ទីរអង្គភាព មែបញ្ជារការ/រង ស្នងការរង និងមន្រ្តីជាច្រើនរូបទៀតបានអញ្ជើញ ទទួលបដិសណ្ឋារកិច្ចប្រតិភូ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប៉ោយប៉ែត ។
អ្នកទទួលខុសត្រូវបានធ្វើបទបង្ហាញពីច្រវាក់ផលិតកម្មរបស់រោងចក្រនានាក្នុងតំបន់ដើម្បីជូនអង្គទូតទាំងឡាយជួយផ្សព្វផ្សាយដល់ពលរដ្ឋខ្លួនមកពិនិត្យឱកាសវិនិយោគនៅទីនេះ ។
សូមបញ្ជាក់ថា អង្គទូតទាំងនោះ រួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល កម្ពុជា កូឡុំបូ អេហ្សីប ហ្វាំងឡង់ ឥណ្ឌូណេស៊ី.ហ្កាតេម៉ាឡា កូរ៉េខាងត្បូង ម៉ាល់ឌីវ ម៉ិចស៊ិចកូ នេប៉ាល់ ញូហ្សេឡែន ប៉ូឡូញ អាហ្វ្រិកខាងត្បូង ថៃជាដើម ។ កម្មវិធីនេះសហការរៀបចំដោយស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អាស៊ានកម្ពុជា ២០២២ និងក្រុមសម្របសម្រួលការទូតនៃMFAIC ។
លោក អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជា ប្រចាំប្រទេស ថៃបាន ដឹកនាំប្រតិភូខាងលើ។ក្នុងដំណើរទស្សនកិច្ច នេះ ក៏មានរៀបចំ ជាសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការ ជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា៖ ក្រសួងការទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា ដោយមានតំណាងពីក្រសួង-ស្ថាប័ននីមួយៗ ធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ស្ថាប័ន នោះ។
សូមរំលឹកថា ប្រតិភូបានមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី១ខែកញ្ញា ហើយត្រូវបានស្វាគមន៍ដោយលោកអ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យប្រតិភូបានទៅទស្សនកិច្ចសិក្សានៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត-ទល់មុខច្រកបានណងអៀនស្រុកអារញ្ញប្រាថេត។ ក្រៅពីខេត្តបន្ទាយមានជ័យប្រតិភូបានអញ្ជើញទស្សនារមណីយដ្ឋានអង្គរនិង ទេសចរណ៍នានានៅខេត្តសៀមរាប ។
លោក អ៊ូក សោភ័ណ្ឌបានឱ្យដឹងថា គោលបំណងដំណើរ ទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាឲ្យបាន កាន់តែទូលំទូលាយ និងផ្សព្វផ្សាយការទូតសេដ្ឋកិច្ច រួមមាន ៖ វិស័យទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌ និងការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕
ដោយ៖ ឃឹន គន្ធា


