លោក ហែម គីរី៖ ជាលើកទី១ ក្នុងឆាកជីវិត ធ្លាប់ជាកីឡាករ ជាគ្រូបង្វឹក និងជាអគ្គលេខាធិការ ដែលស្តាប់លឺភ្លេងជាតិ ទង់ជាតិខ្មែរយើងនៅលើគេ នេះជាមោទនភាពណាស់

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានលើកឡើងទាំងអារម្មណ៍រំភើប និងអួលដើមករ ក្រោយដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទា (Fin Swimming) កម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងមេដាយសរុប៤គ្រឿង មាស៣ និងសំរឹទ្ធ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួត Fin swimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ ថា ជាលើកទី១ ក្នុងឆាកជីវិត ធ្លាប់ជាកីឡាករ ជាគ្រូបង្វឹក និងជាអគ្គលេខាធិការ ដែលស្តាប់លឺភ្លេងជាតិ ទង់ជាតិខ្មែរយើងនៅលើគេ នេះជាមោទនភាពណាស់ ។

អគ្គលេខាធិការរូបនេះ បន្ថែមថា សមិទ្ធផលថ្មីៗ ការឈ្នះមេដាយសំរឹទ្ធ១គ្រឿង នៅស៊ីហ្គេម លើកទី៣១ នៅវៀតណាម គឺជាជំហានទី១ និងការឈ្នះមេដាយមាស-សំរឹទ្ធ៤គ្រឿង Fin swimming’s World Cup នៅប្រទេសថៃ ជាជំហានទី២ ដើម្បីឆ្ពោះទៅដណ្តើមមេដាយ ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ វាបានក្លាយជាកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីជូនជាតិ ។ លោក ហែម គីរី បន្តថា លទ្ធផលទាំងនេះ បានបង្ហាញឃើញថាសហព័ន្ធខ្មែរកីឡាហែលទឹក មិនបាននៅស្ងៀមមួយកន្លែងនៅទេ គឺយើងបានខិតខំប្រឹងប្រែង ពុះពារគ្រប់យ៉ាងដើម្បីស្វែងរកលទ្ធផល ហើយលទ្ធផលនេះគ៏មិនមែនកើតឡើងឯងៗបើសិនជាមិនមានការជួយជម្រុញ ជួយលើកទឹកចិត្តពីកីឡាករ កីឡាការិនីផ្ទាល់នោះទេ ក៏យើងមិនអាចទទួលបានលទ្ធផលនេះដែរ ។ ហើយការចូលរួមលើកប្រកួតនេះ ក៏ទទួលបានការកោតសសើរពីបណ្តាប្រទេសចូលរួមទាំងអស់ ពីសមត្ថភាពអត្តពលិក ជាពិសេសកីឡាការិនី កាំង មុយនីន ដែលឈ្នះមេដាយមាស-សំរឹទ្ធ៤គ្រឿង ក្រៅពីនោះកីឡាករ កីឡាការិនី ៥រូបផ្សេងទៀត ក៏បានបង្ហាញនូវកម្រិតបច្ចេកទេសខ្ពស់ ។ ជាពិសេសកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ធ្វើបានចំណាត់ថ្នាក់លេខ៤ ក្បែរនឹងឈ្នះមេដាយសំរឹទ្ធ។ រីឯកីឡាករ ៤នាក់ ធ្វើបានស្ថិតនៅលេខរៀងទី១០ ឬទី៥ទាំងអស់ នេះជាមោទនភាពមួយ បើប្រៀបធៀបនឹងស៊ីហ្គេម លើកទី៣១ នៅវៀតណាមកន្លងទៅ «យើងប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាមួយក្តីសង្ឃឹមខ្ពស់ថា Fin Swimming កម្ពុជានឹងធ្វើបានល្អជាក់ជាមិនខាន។ ជាគោលដៅនៃការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ២០២៣ គឺនឹងបំពេញបន្ថែមលើកង្វះខាតផ្នែកសម្ភារហ្វឹកហាត់ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ។ នេះជាការលើកឡើងរបស់លោក ហែម គីរី ។
គួរបញ្ជាក់ថា ការប្រកួត Fin swimming’s World Cup Round Swimming Pool 2022 នៅខេត្តភូកេត ប្រទេសថៃនេះ មានកីឡាករ កីឡាការិនីសរុបចំនួន ២៣០នាក់ មកពី១៦ប្រទេសចូលរួម ជាលទ្ធផលកម្ពុជា ដណ្តើមបានមេដាយសរុប៤គ្រឿង មាស៣ និងសំរិទ្ធ១គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម១៦ប្រទេស ខណៈវៀតណាមឈរលេខ១ លេខ២ ឥណ្ឌូណេស៊ី ម្ចាស់ផ្ទះថៃ ឈរលេខ៣ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner