ក្រុមប្រណាំងទូកនារី ខេត្តកណ្ដាល នូវតែរក្សាភាពខ្លាំង ការពារបានដំណែងជើងឯកដោយជោគជ័យការប្រកួតជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្ដេចក្រឡាហោមលើកទី៩
ភ្នំពេញ៖ ក្នុងឋានៈជាម្ចាស់ជើងឯកជាច្រើនឆ្នាំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡា ហោម ស ខេង កន្លងមក ទូកប្រពៃណីខ្នាតអន្ដរជាតិ ទូកនាគនារីចំណុះ១២នាក់ របស់ខេត្តកណ្ដាល នូវតែរក្សាបានការពារដំណែងជើងឯករបស់ខ្លួនដោយជោគជ័យ ពុំមានទូកណាអាចដណ្ដើម ឋានៈម្ចាស់ជើងឯករបស់គេបានឡើយ ។
ក្នុងព្រឹត្តិការណ៍ប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ក្រុមទូកនារីខេត្តកណ្ដាល បានឈ្នះជើងឯកជាថ្មីទៀត បន្ទាប់ពីប្រជែងឈ្នះក្រុមទូកនារី មកពីរាជធានីភ្នំពេញនិងក្រុមនារី ខេត្តកំពត ដែលជាម្ចាស់ផ្ទះ ។
ក្នុងការប្រណាំង នៅដងព្រែកកំពត ក្នុងក្រុងកំពត កាលពីថ្ងៃអាទិត្យ ទូកនាគនារីខេត្តកណ្ដាលពាក់ស្លាកលេខ២ បានបង្ហាញនូវភាពស្វាហាប់ ប្រកបដោយបច្ចេកទេស និង ការសាមគ្គីគ្នាជាធ្លុង១ក្នុងការប្រមូលផ្ដុំកម្លាំងជ្រុញល្បឿនទូកឆ្ពោះទៅរកទីព្រ័ត្រយ៉ាងលឿន ដោយនាំមុខដាច់ឆ្ងាយពីគូប្រកួត។ ក្នុងចម្ងាយ៥០០ម៉ែត្រ ក្រុមទូកនារីខេត្តកណ្ដាល ប្រើថេរៈវេលា ត្រឹមតែ ២នាទី ៥៦ វិនាទី ចុច៥៤ ដោយបាន មកដល់ទីមុន ទូកនារីខេត្តកំពត ដែលជាប់ ចំណាត់ថ្នាក់លេខ២ ចំនួន ៣០វិនាទី ចុច១៤ និង មកដល់ទីមុន ទូកនារីរាជធានីភ្នំពេញ រយៈពេល១នាទី ៣៧វិនាទី ដែលទូកនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ។
លោកស្រី ប្រាក់ សុភា ប្រធានក្លឹបកីឡាប្រណាំងទូក ពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ដែលតំណាងឲ្យទូកខេត្តកណ្ដាល ចូលរួមប្រកួត មានចំណាប់អារម្មណ៍ថា សម្រាប់ការរៀបចំប្រកួត ក្នុងព្រឹត្តិការណ៍នេះ បានដំណើរការល្អ១ចំនួនធំ ប៉ុន្ដែក៏នៅមានចំណុចខ្វះខាត១ចំនួនដែរ ពាក់ព័ន្ធនឹង បច្ចេកទេសក្នុងការចេញដំណើរ ដោយពេលខ្លះ ការចាប់ផ្ដើម ចេញដំណើរមិនបានស្មើគ្នា ដែលធ្វើឲ្យ កីឡាករ១ចំនួនមានការថ្នាំងថ្នាក់អស់ទឹកចិត្តក្នុងការចូលរួមប្រកួតលើកក្រោយ។ លោក ស្រីបានសំណូមពរ ដល់សហព័ន្ធ មន្ដ្រីរៀបចំការប្រកួត នៅពេលប្រកួតលើកក្រោយៗទៀត សូមកែលម្អនូវចំណុចខ្វះខាត ឲ្យបានល្អប្រសើរ និង មានចំណាត់ការឲ្យបានច្បាស់លាស់ ដើម្បីធ្វើឲ្យការប្រកួតប្រព្រឹត្តិទៅដោយរលូន ក្នុងគោលដៅ ជម្រុញ ឲ្យកីឡាប្រណាំងទូកនៅព្រះរាជាណាចក្រ កម្ពុជា មានការរីកចំរើន ក្នុងដំណើរឆ្ពោះ ទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា កាន់តែមានភាពរឹងមាំ និង ទទួលបានលទ្ធផលល្អជូនជាតិ ។
ក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការ អបអរសាទរចំពោះក្រុមកីឡាការិនី ទូកខេត្តកណ្ដាល ដែលដណ្ដើមបានជ័យ ជំនះជាថ្មីទៀត មកជូនខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកពញាឮ ព្រមទាំងក្លឹបរបស់ខ្លួនផងដែរ ។ឯកឧត្តម បានជម្រុញ និង លើកទឹកចិត្តឲ្យកីឡាការិនី ក៏ដូចជាកីឡាករទូកខេត្តកណ្ដាល ត្រូវបន្ដខិតខំប្រឹងប្រែង ក្នុងការហ្វឹកហាត់ បន្ថែមទៀត សម្រាប់ត្រៀមលក្ខណៈក្នុងការប្រកួតលើកក្រោយឲ្យទទួលបានលទ្ធផលល្អប្រសើរ។
គួបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ខេត្តកណ្ដាលបានបញ្ជូនក្រុមកីឡាការិនី ១ទូក និង កីឡាករ១ទូក ចូលរួមប្រកួត ដោយក្រុម ទូកនារីដណ្ដើមបានចំណាត់ថ្នាក់លេខ១ និង ក្រុមបុរស ទទួលបានចំណាត់ថ្នាក់លេខ៤ ៕ជាវ ចន្ធូ



