រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ធៀបទៅនឹងប្រទេសអាស៊ានផ្សេងទៀត កម្ពុជាបានទទួលរងគ្រោះខ្លាំងជាងគេក្នុងការជួញដូរទ្រព្យសម្បត្តិវប្បធម៌
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា បើធៀបទៅនឹងប្រទេសអាស៊ានផ្សេងទៀត ខ្ញុំជឿថា កម្ពុជាបានទទួលរងគ្រោះខ្លាំងជាងគេក្នុងការជួញដូរ ការបំផ្លិចបំផ្លាញ ការលួចយក និងការជីកកកាយដោយខុសច្បាប់ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃសង្គ្រាមស៊ីវិល និងអស្ថិរភាព។ ផ្អែកតាមតម្រូវការ នៃការរីកចម្រើនទីផ្សារងងឹតក្នុងការជួញដូរសម្បត្តិវប្បធម៌បានបណ្ដាលឱ្យមានការរលាយខ្ចាត់ខ្ចាយប្រាសាទបេតិកភណ្ឌ និងទីតាំងបុរាណជាច្រើនកន្លែង។
ការបញ្ជាក់នេះ ក្នុងពិធីប្រកាសបើកជាផ្លូវការនូវ «សន្និសីទអន្តរជាតិស្តីពីការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៖ ទស្សនវិស័យរបស់អាស៊ាន» នៅខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ការលួច និងការជួញដូរទ្រព្យសម្បត្តិវប្បធម៌ដោយខុសច្បាប់ គឺជាឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបន្ទាប់ពីបញ្ហាគ្រឿងញៀន និងការជួញដូរអាវុធ។ វាជាបញ្ហាប្រឈមរួមមួយយ៉ាងធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយដោយប្រទេសអាស៊ានទាំងអស់។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាបានសម្ដែងក្ដីបារម្ភចំពោះរាល់បញ្ហាទាំងអស់ដែលយើងប្រឈមមុខរួមគ្នា ហើយក៏ជាមូលបទសម្រាប់កម្ពុជា “ASEAN A.C.T៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា” ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទិកដាក់របស់កម្ពុជាលើកង្វល់ទាំងនេះ។ ចំពោះបញ្ហានេះ កម្ពុជាស្នើសហគមន៍អន្តរជាតិចូលរួមសហការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ ដើម្បីយើងអាចធានាបានការធ្វើមាតុភូមិនិវត្តន៍នូវសម្បត្តិវប្បធម៌បន្ថែមទៀតមកកាន់ប្រជាជាតិអាស៊ានរៀងៗខ្លួន។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអះអាងថា ទំហំនៃបញ្ហានេះពិតជាធំធេងណាស់ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបញ្ឈប់ការជួញដូរវត្ថុបុរាណទាំងនេះ ហើយយើងនឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលអាស៊ាន អង្គការអន្តរជាតិ និងដៃគូឯកជននានាដែលគំនិតស្របគ្នាដើម្បីបញ្ចប់បញ្ហានេះ។ យើងត្រូវតែប្តេជ្ញាចិត្ត និងបន្តការតស៊ូប្រឆាំងដើម្បីការពារព្រលឹងនៃបេតិកភណ្ឌវប្បធម៌របស់យើងនិងបន្តទប់ស្កាត់វត្ថុបុរាណដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះពីការលួចយក ហើយនាំចេញពីប្រទេសដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈអាស៊ានទាំងអស់អាចសហការកំណត់នូវសំណើដែលច្បាស់លាស់និងអាចអនុវត្តបានតាមវិធានច្បាប់ដើម្បីបង្កើនប្រសិទ្ធភាពនៃយន្តការការពារសម្បត្តិវប្បធម៌យើង។ តាមអ្វីដែលខ្ញុំចាំបាននោះគឺថាយើងទាំងអស់គ្នាបានផ្តល់សច្ចាប័នលើអនុសញ្ញាឆ្នាំ១៩៧០ របស់អង្គការយូណេស្កូ ស្តីពីមធ្យោបាយហាមឃាត់ និងទប់ស្កាត់ការនាំចូល នាំចេញ និងផ្ទេរកម្មសិទ្ធិនៃសម្បត្តិវប្បធម៌ដោយខុសច្បាប់។ យើងនៅតែត្រូវការសហការទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអភិវឌ្ឍផ្សេងទៀត។ យើងត្រូវការជួយជំរុញពីសម្ព័ន្ធភាពអន្តរជាតិបន្ថែមទៀតដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការយកមកវិញនូវសម្បត្តិជាតិជាច្រើនដែលត្រូវបានលួចយកទៅ។ ប្រាកដណាស់ថា វាអាចមានការលំបាកនិងបញ្ហាប្រឈមនានា ប៉ុន្តែខ្ញុំអាចធានាបានថាវាពិតជាមានតម្លៃសម្រាប់យើង។ ប្រពៃណីវប្បធម៌ គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌអរូបីរបស់អាស៊ានហើយវាគឺជាមធ្យោបាយដែលប្រសិទ្ធភាពក្នុងការធ្វើឱ្យប្រជាជនអាស៊ានស្គាល់នូវអត្តសញ្ញាណក្នុងតំបន់របស់ខ្លួន។ តាមរយៈការរួបរួមគ្នា យើងនឹងអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា នាពេលថ្មីៗនេះ កម្ពុជាសម្រេចបានមួយជំហានទៀតក្នុងការធ្វើមាតុភូមិនិវត្តន៍នូវសម្បត្តិជាតិដែលត្រូវបានគេលួចយកទៅ។ នៅដើមខែមុន អាជ្ញាធរអនុវត្តច្បាប់នៅសហរដ្ឋអាមេរិកបានប្រគល់វត្ថុបុរាណចំនួន៣០ ដែលត្រូវបានរត់ពន្ធយកទៅមកប្រគល់ជូនកម្ពុជាវិញ។ សូមលើកឡើងដោយមោទនភាពនូវរូបចម្លាក់ធំពីរដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ គឺរូបសំណាកថ្មភក់សតវត្សទី១០របស់ទេវៈហិណ្ឌូព្រះនាមស្កាន់ដា គង់លើសត្វក្ងោក ដែលបានលួចចេញពីប្រាសាទក្រចាប់នៅតំបន់ប្រាសាទកោះកេរ្ដិ៍ និងរូបចម្លាក់ទេវៈដំរីព្រះនាមព្រះគណេស ទម្ងន់បីតោន លួចចេញពីប្រាសាទបាក់នៅតំបន់ប្រាសាទកោះកេរ្ដិ៍ផងដែរ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសារជាថ្មីម្តងទៀតចំពោះអាជ្ញាធរពាក់ព័ន្ធសហរដ្ឋអាមេរិកគ្រប់លំដាប់ថ្នាក់សម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេហើយខ្ញុំបានឃើញក្នុងកម្មវិធីសន្និសីទដែលពួកគាត់អាចមកចូលរួមចែករំលែកអំពីបទពិសោធន៍នៅលើដំណើរការនៃការប្រគល់មកវិញនូវសម្បត្តិវប្បធម៌បេតិកភណ្ឌនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា ការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណទាំង៣0នេះ គឺគ្រាន់តែជាជ័យជម្នះដ៏តូចមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ប៉ុណ្ណោះ។ បើមិនរាប់ពាន់ក៏នៅមានវត្ថុរបស់ជាតិដែលមានតម្លៃមិនអាចកាត់ថ្លៃបានរាប់រយបន្ថែមទៀត ដែលមិនទាន់រកឃើញត្រលប់មកវិញ។ វត្ថុមានតម្លៃទាំងនោះត្រូវបានលួចចេញពីប្រាសាទអង្គរវត្ត ពីប្រាសាទបររូបាដ័រ បាកាន ហ្លួងព្រះបាង និងកន្លែងជាច្រើនទៀតនៅក្នុងតំបន់របស់យើង។ នេះមិនមែនបញ្ហាប្រឈមសម្រាប់តែប្រទេសកម្ពុជាមួយទេ តែវាជាបញ្ហាសកលពាក់ព័ន្ធនឹងអ្នកប្រមូលទិញដែលមានទ្រព្យសម្បត្តិមហាសាល ឈ្មួញឯកជន ម្ចាស់វិចិត្រសាល និងសូម្បីតែកន្លែងមួយចំនួនដែលមានកិត្យានុភាពបំផុតរបស់ពិភពលោក៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ


