សម្ដេចក្រហាហោម ស ខេង ៖ អគារធិការដ្ឋាន ជាអង្គភាពគាំទ្រដល់ការអនុវត្ត តួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែល្អប្រសើរ
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់តែងតាំងជាអគារធិការនៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួស ឯកឧត្តម អ៊ីវ លាង ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឯកឧត្តម អ៊ីវ លាង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារនៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការនៃអគ្គលេខធិការដ្ឋានក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម អ៊ីវ លាវ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគារធិការនៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ។
បន្ទាប់ពីបានទទួលព្រះរាជក្រឹត្យ និងត្រា ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានប្ដេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គោលនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងការណែនាំចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោម ដើម្បីពង្រឹងនិងគ្រប់គ្រងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ប្រកាន់គុណសម្បត្តិ៤យ៉ាង រួមមានឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ និងគណនេយ្យភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរបៀបរបបការងារឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការលើកទឹកចិត្ត។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អគារធិការដ្ឋាន ជាអង្គភាពគាំទ្រដល់ការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែល្អប្រសើរ ហើយពីដំណាក់កាលមួយទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំអគារធិការដ្ឋានជាមួយ និងការអភិវឌ្ឍរីកចម្រើន និងមានការតម្រង់ទិសការងារកាន់តែត្រឹមត្រូវនិងច្បាស់លាស់ សំដៅគាំទ្រដល់កិច្ចការនានារបស់ក្រសួង ដើម្បីឱ្យមន្រ្តីនិងយន្តការនានារបស់ក្រសួងបានបំពេញការងារ និងភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា ក្រសួងមហាផ្ទៃមានភារកិច្ចធំៗ២ គឺទី១ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការដ៏មានសារៈសំខាន់និងមានយន្តការគាំទ្រដូចជាអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពន្ធនាគារជាដើម។ ចំណែកភារកិច្ចធំទី២ គឺកិច្ចការរដ្ឋបាលមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះអគារធិការដ្ឋាននេះ ក៏មានភារកិច្ចស្នូលដើម្បីគាំទ្រដល់ការងារធំៗទាំងពីរខាងលើដែរ ពោលគឺទាំងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការរដ្ឋបាលមូលដ្ឋាន។
សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាល់បណ្ដឹង សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អរ។ សម្ដេច បានបន្តថាប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ចក៏អាចបោះបង់ចោលឬបំភ្លឺថាវាមិនមែនជាការពិតនោះទេ ប៉ុន្តែប្រសិនបើបញ្ហានោះគឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឱ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ។ សម្ដេច បន្ថែមថាព្រោះហេតុដូច្នេះហើយបានជាសម្ដេចណែនាំប្រមូលបញ្ហាទាំងអស់នោះមកពិនិត្យមើលដើម្បីដឹងថាពិតឬមិនពិត និងមានវិធានការដោះស្រាយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលនៅក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី។ សម្ដេច បានសង្កត់ធ្ងន់ថារាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។ សម្ដេច បានមានប្រសាសន៍ជាថ្មីទៀតថាបញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ ៕ ដោយ-រ៉ាវុធ



