ប្រមុខអង្គការណាតូព្រមានថា សង្រ្គាមនៅអ៊ុយក្រែនកំពុងឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយ
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលធិនប៊ឺក បានគូសបញ្ជាក់ថា ថ្លៃចំណាយចំពោះការផ្តល់ជំនួយឲ្យអ៊ុយក្រែនគឺខ្ពស់ណាស់សម្រាប់លោកខាងលិច ប៉ុន្តែវាអាចខ្ពស់ជាងនេះ ប្រសិនបើរុស្ស៊ីពង្រីកការវាយលុកទៅកាន់ប្រទេសដទៃទៀត លោកថា សង្រ្គាមនៅអ៊ុយក្រែនកំពុងឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយ។
លោក ស្តូលធិនប៊ឺក បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ច្បាស់ៗថា គាត់ចង់លុបប្រទេសនេះ (អ៊ុយក្រែន) ចេញពីផែនទី និងសរសេរឡើងវិញនូវបទបញ្ជាសន្តិសុខអឺរ៉ុប ដូច្នេះហើយ ការគាំទ្រអ៊ុយក្រែន គឺនឹងផ្តល់ផលប្រយោជន៍ដល់សន្តិសុខរបស់ប្លុកនេះ។
លោក ស្តូលធិនប៊ឺក ពន្យល់ថា បើរុស្ស៊ីទទួលជោគជ័យណាមួយនោះ រុស្ស៊ីអាចប្រថុយនឹងការឈ្លានពានបន្ថែមទៀត ប្រឆាំងនឹងប្រទេសជិតខាងផ្សេងទៀត និងសូម្បីតែការវាយប្រហារលើសម្ព័ន្ធមិត្តអង្គការណាតូផងដែរ។
បើតាមគំនិតរបស់លោក ស្តូលធិនប៊ឺក ប្រទេសលោកខាងលិចមានទំនួលខុសត្រូវខាងសីលធម៌ ដើម្បីបន្តគាំទ្រអ៊ុយក្រែន។ ប្រសិនបើរុស្ស៊ីឈប់ប្រយុទ្ធ នឹងមានសន្តិភាព ហើយប្រសិនបើអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធ នោះនឹងលែងមានជាប្រទេសឯករាជ្យទៀតហើយ។
ប្រមុខអង្គការណាតូរូបនេះបានបញ្ជាក់ទៀតថា រយៈពេល ៦ខែខាងមុខទៀត នឹងពិបាកមិនត្រឹមតែសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកគាំទ្ររបស់ពួកគេផងដែរ ដែលនឹងត្រូវបង់ថ្លៃ រួមទាំងការរងទុក្ខវេទនាពីវិបត្តិថាមពល ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា



