ទិវាអក្ខរកម្ម៨កញ្ញា៖អនក្ខរជនប្រមាណជាង១៧.០០០នាក់ បាន ចូលរៀននិងប្រមាណជាង១៤.០០០នាក់បានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ថ្ងៃទី៨ខែកញ្ញានេះ គឺជាទិវាអក្ខរកម្មអន្ដរជាតិ។ នៅកម្ពុជា នាឆ្នាំ២០២២នេះ ទិវាអក្ខរកម្ម០៨កញ្ញា រៀបចំធ្វើក្រោមប្រធានបទ «អក្ខរកម្មជាស្ពាន ឆ្ពោះទៅរកជំនាញមុខរបរ ក្នុងការសិក្សាបន្ត»។ ទិវានេះ ប្រារព្ធធ្វើឡើងដើម្បីជំរុញឲ្យប្រជាជនគ្រប់រូបទទួលបាន ឱកាសសិក្សាពេញមួយជីវិត និងដើម្បីជាការរួមចំណែកស្ដារឡើងវិញ សង្គម សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩។
លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួង អប់រំយុវជននិង កីឡា មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាអក្ខរកម្ម៨កញ្ញាជារៀងរាល់ឆ្នាំ ដើម្បីបំផុសប្រជា ពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែងនិងគ្រប់មធ្យោបាយ ប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា។»
បើតាមលោក គួច គូលំអ នៅកម្ពុជា មានអនក្ខរជនឬជនមិន ចេះ អក្សរប្រមាណជាង១,៧ ម៉ឺននាក់ បានចូលរៀនក្នុងកម្មវិធីបង្រៀន អក្ខរកម្មរបស់ក្រសួងអប់រំជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមនោះ មានជាង១,៤ ម៉ឺននាក់ បានបញ្ចប់ការសិក្សាដោយស្ថាពរ។
លោកបន្តថា ក្រសួងអប់រំយុវជននិងកីឡា បានយកចិត្តទុក ដាក់លើកម្មវិធីបង្រៀនអក្ខរកម្ម សម្រាប់អនក្ខរជនទូទៅ ហើយ បច្ចុប្បន្នកម្មវិធីបង្រៀនអក្ខរកម្ម កំពុងតែពង្រឹងបន្ថែមនៅតាម បណ្តារាជធានី ខេត្ត ក្រុង នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយ អនក្ខរជន និងដើម្បីឱ្យសិស្សរៀនអក្ខរកម្ម អាចបន្តការសិក្សា ទៅថ្នាក់មធ្យមសិក្សា ឬចូលសិក្សាជំនាញណាមួយដែល ខ្លួន ចង់បាន។
នៅកម្ពុជា ក្រៅពីការបង្រៀនអនក្ខរជននៅទីជនបទហើយ កម្មវិធី អក្ខរកម្មផ្តោតការបង្រៀនទៅលើកម្មករ កម្មការិនី នៅតាម រោងចក្រ សហគ្រាសទូទាំងប្រទេសដែលចង់រៀនអក្ខរកម្មនេះដើម្បីយកចំណេះដឹងទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ នេះបើតាមការគូស បញ្ជាក់ពីលោក គួច គូលំអ។
សូមជម្រាបថា អង្គការយូណេស្កូ បានប្រកាសយកថ្ងៃទី៨ ខែកញ្ញា ជាទិវាអក្ខរកម្មអន្តរជាតិ។
ទិវានេះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៦៦ ក្នុង គោលបំណង ដើម្បីលើកយកនិងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃ អក្ខរភាពទៅដល់សាធារណៈជន សហគមន៍ និងសង្គមនានា នៅជុំវិញពិភពលោក។
រៀងរាល់ឆ្នាំ នៅទិវាអក្ខរកម្មអន្តរជាតិ អង្គការយូណេស្កូបានរំឭក ជូនសហគមន៍អន្ដរជាតិទាំងឡាយ អំពីស្ថានភាពនៃអក្ខរកម្ម និងការសិក្សារបស់មនុស្សពេញវ័យ ទូទាំងសកលលោក។ បើតាមរបាយការណ៍របស់អង្គការយូណេស្កូ នៅទូទាំងពិភពលោក មានមនុស្សពេញវ័យប្រមាណ ៧៧៥លាននាក់ កំពុងប្រឈម នឹងបញ្ហាខ្វះជំនាញអប្បបរមាផ្នែកអក្ខរកម្ម៕
ដោយៈហោ សុវិទ្យា

