សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១” ដោយជោគជ័យ
នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១” របស់បេក្ខជនបណ្ឌិតចំនួន ៣រូប ក្នុងនោះ៖
-ទី១ បេក្ខជនបណ្ឌិត រ៉េត ច័ន្ទធន ជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ
ប្រធានបទ “ការអភិវឌ្ឍការធានាគុណភាពផ្ទៃក្នុង និងលទ្ធភាពការងារ”
-ទី២ បេក្ខជនបណ្ឌិត រស់ ប៉ារ៉ាឌី ជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ
ប្រធានបទ “ផលជះនៃភាពជាអ្នកដឹកនាំក្នុងការអប់រំឧត្តមសិក្សាកម្ពុជា តាមរយៈឌីជីថលលូបនីយកម្ម”
-ទី៣ បេក្ខជនបណ្ឌិត នង សុខា ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម
ប្រធានបទ “កត្តាជះឥទ្ធិពលនៃការប្រើប្រាស់សេវាធនាគារលើទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជា”
ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមាន ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ចូលរួមប្រមាណ ៦៥០នាក់ ផងដែរ។
តាមរបាយការណ៍ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ២ទីតាំង (ទីតាំងទី១-ទួលស្លែង និងទីតាំងទី២-ស្ពានអាកាសចោមចៅ)។ សាកលវិទ្យាល័យ មានបង្រៀន ៥កម្រិតសិក្សាធំៗ រួមមាន៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ២-បរិញ្ញាបត្ររង ៣-បរិញ្ញាបត្រ ៤-បរិញ្ញាបត្រជាន់ខ្ពស់ ៥-បណ្ឌិត និងបណ្តុះបណ្តាលលើ ១២មហាវិទ្យាល័យ និង ៤២មុខជំនាញ។
១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ៧-មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត
២-មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ ៨-មហាវិទ្យាល័យ បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍
៣-មហាវិទ្យាល័យ សេដ្ឋកិច្ច ៩-មហាវិទ្យាល័យ វិស្វកម្ម
៤-មហាវិទ្យាល័យ ច្បាប់ ១០-មហាវិទ្យាល័យ ស្ថាបត្យកម្ម
៥-មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ១១-មហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ
៦-មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ១២-មហាវិទ្យាល័យ អាកាសចរស៊ីវិល
ឯកឧត្តមសាកលវិទ្យាធិការ បានមានប្រសាសន៍ថា ដើម្បីបញ្ចប់ ថ្នាក់បណ្ឌិតជាប់ជាស្ថាពរ និស្សិតទាំងអស់ត្រូវ៖
១-សិក្សា ១២មុខវិជ្ជា (12 Subjects) ស្មើនឹង ៣៦ក្រេឌីត
២-ស្នើសុំការឯកភាពលើ ប្រធានបទដែលត្រូវសិក្សាស្រាវជ្រាវ និងសាស្ត្រាចារ្យណែនាំ
៣-រៀបចំ និងការពារគម្រោងស្រាវជ្រាវ (Research Proposal)
៤-ត្រូវបង្ហាញ និងការពារអំពីការរីកចម្រើននៃការស្រាវជ្រាវ (Progressive Defense)
៥-ត្រូវសរសេរនិក្ខេបបទឱ្យបានយ៉ាងតិច ៥ម៉ឺនពាក្យឡើងទៅ និងការពារបញ្ចប់ដោយជោគជ័យ
(Final Defense of Research Dissertation)
៦-ជាចុងក្រោយ ត្រូវបោះពុម្ពស្នាដៃស្រាវជ្រាវ (Publication) របស់ខ្លួន។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ បេក្ខជនបណ្ឌិតជំនាន់ទី១ ទាំង ៣រូប ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបានចប់រួចរាល់ ស្របតាមគោលការណ៍របស់សាកលវិទ្យាល័យទាំងការសិក្សា និងការស្រាវជ្រាវ គឺមិនឱ្យលើសពី ៥ឆ្នាំ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំទាំងអស់ ដែលបានដឹកនាំកិច្ចការស្រាវជ្រាវនេះតាំងពីដើមរហូតមក និងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យគឺ សាស្ត្រាចារ្យណែនាំ ១រូប អាចដឹកនាំ បេក្ខជនបណ្ឌិត បានតែ ២រូប។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំខ្ពស់ ក៏ដូចជាការការពារនិក្ខេបបទនេះទទួលបានជោគជ័យ សាកលវិទ្យាល័យបានអញ្ជើញសាស្រ្តាចារ្យបណ្ឌិត ចំនួន ៩រូប ជាគណៈកម្មការវាយតម្លៃការការពារបញ្ចប់នាពេលនេះ ក្នុងនោះសាស្ត្រាចារ្យជាជនជាតិខ្មែរ ៥រូប និង បរទេស ចំនួន ៤រូប ដែលមកពីសាកលវិទ្យាល័យដៃគូ (MOU) របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមមាន សាកលវិទ្យាល័យ Angelo State នៃសហរដ្ឋអាមេរិក និង ITS & Smart City នៃប្រទេសកូរ៉េខាងត្បួង ជាដើម។
ឯកឧត្តមបណ្ឌិត បានអបអរសាទរនិងប្រកាសអំពីលទ្ធផលជាប់ជាផ្លូវការលើការ វាយតម្លៃការការ ពារបញ្ចប់ថ្នាក់បណ្ឌិត (PhD Dissertation) ជំនាន់ទី១ របស់បេក្ខជនបណ្ឌិតទាំង៣រូប ព្រមទាំងបានអញ្ជើញបំពាក់ Graduation Gown ទទួលស្គាល់បណ្ឌិតទាំង៣រូប របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាប់ជាស្ថាពរចាប់ពីពេលនេះតទៅផងដែរ៕



















