កម្ពុជាស្នើធនាគារអភិវឌ្ឍន៍អាស៊ី ចូលរួមជួយកម្ពុជាដោះស្រាយ បញ្ហាក្នុងការផ្គត់ផ្គង់ទីផ្សារការងារ
ភ្នំពេញ៖កម្ពុជាស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ឬ អេ ឌី ប៊ី (ADB) ចូលរួម ជួយដោះស្រាយបញ្ហាប្រឈម នៅក្នុងវិស័យការងារ ដូចជា កង្វះពលករជំនាញ និងកង្វះការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលធ្វើឲ្យសមត្ថភាព និងផលិតភាពនៃកម្លាំងពលករខ្មែរ នៅមាន កម្រិតនិងមិនទាន់អាចជួយផ្គត់ផ្គង់ទីផ្សារការងារបានគ្រប់គ្រាន់។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយិកាប្រចាំ ប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ីកាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២២ បានជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ លើ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រវាង ស្ថាប័ន ទាំងពីរ នៅទីស្តីការក្រសួងការងារ។
នាឱកាសជំនួបពិភាក្សានោះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីបញ្ហាប្រឈម នានាដែលកម្ពុជាកំពុងជួបប្រទះ ក្នុងការបំពេញតម្រូវទីផ្សារការងារ ហើយបានស្នើដល់ភាគីអេ ឌី ប៊ី ចូលរួមជួយដោះស្រាយកម្ពុជា តួយ៉ាងដូចជាបញ្ហាកង្វះពលកម្មជំនាញរបស់កម្ពុជាដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារការងារយុវជននិងសហគមន៍មិនទាន់ផ្តល់តម្លៃទៅលើជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ដ្រី អ៊ិត សំហេង បញ្ជាក់ថា ភាគច្រើន អ្នកដែលបានចូលរៀនជំនាញបច្ចេកទេស ច្រើនជាក្រុម ជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកដែលមានការងាររួចដែល ត្រូវការបណ្តុះបណ្តាលបន្ថែមតែប៉ុណ្ណោះ ។
ភាគីកម្ពុជាបានឲ្យស្នើដល់ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បន្តជួយ ជា ជំនួយបច្ចេកទេសផ្នែកវិស័យការងារ និងកិច្ចសហប្រតិបត្តិការ បន្ត ទៀតលើវិស័យបណ្តុះបណ្តាលបច្ចេកទេស ខណៈភាគី អេ ឌី ប៊ី វិញឆ្លើយតបជាវិជ្ជមានថា ខ្លួនរីករាយ និងទទួលយកសំណើទាំង នេះទៅ ជជែកពិភាក្សាជាមួយក្រុមការងារបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយ គាំទ្រវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្ពុជា តាំងពីឆ្នាំ១៩៩៦ ម្ល៉េះ តាមរយៈការជួយផ្តល់ហិរញ្ញប្បទាន និងគម្រោងនានា។ ក្នុងនោះ គម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស នឹងបញ្ចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២នេះ ចំណែកគម្រោងស្តីពីការជំនាញសម្រាប់ប្រកួតប្រជែង នឹងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។
លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម យល់ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាក់ទិននឹងកង្វះខាតធនធានមនុស្សលើជំនាញបច្ចេកទេស ដែលលោកថា កម្ពុជាជាប្រទេសមួយដែលសម្បូរកម្លាំងពលកម្ម ប៉ុន្តែភាគច្រើនជាកម្លាំងពលកម្មដែលគ្មានជំនាញ និងទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ គិតគូរ លើការបណ្តុះបណ្តាលអប់រំខ្ពស់ចំពោះធនធានកម្លាំងដែលមានស្ថេរភាពជាង២សែននាក់ក្នុងមួយឆ្នាំៗ។
លោកបណ្ឌិត មាសនី គូសបញ្ជាក់ដូច្នេះថា៖ «យើងសម្បូរកម្លាំងពលកម្ម មិនខ្វះទេ។ កម្ពុជាមានអ្នកពេញវ័យពេញកម្លាំងប្រមាណពី ១សែន ៥ម៉ឺននាក់ ទៅសែន ក្នុងមួយឆ្នាំៗ ដែលចំនួននេះ ថេរដល់ ២០ឆ្នាំខាងមុខ។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺភាគច្រើនជាពលករមិនជំនាញ ពោលគឺក្នុងចំណោមកម្លាំងពលកម្ម មានដល់ទៅជិត៨០% ជាពលករមិនជំនាញ ប្រើកម្លាំងបាយសុទ្ធ។ បើយើងមិនគិតគូរដោះស្រាយទេ យើងដើរមិនទាន់គេទេ ។»
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ បានអំពាវនាវដល់រដ្ឋាភិបាល គិតគូរដោះស្រាយពីកង្វះខាតធនធានមនុស្សនៅកម្ពុជា ដោយមិនត្រឹមតែ បើកសាលាបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈប៉ុណ្ណោះទេ តែត្រូវមានការស្រាវជ្រាវច្បាស់លាស់ មុនដាក់អនុវត្តផែនការណាមួយ ដើម្បីឲ្យការអភិវឌ្ឍន៍ធនធានកម្លាំងពលកម្ម ទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ តាមរយៈការសិក្សាអំពីស្ថានភាពធនធានមនុស្ស និងតម្រូវការទីផ្សារជាក់ស្តែង។ ហើយបើតាមលោក មាស នី វាជាការណ៍មួយទាក់ទាញកំណើនវិនិយោគិនមកវិនិយោគក្នុងស្រុកផង និងដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរផង។
ឆ្លើយតបនឹងបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនេះ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់យោបល់ថា កម្ពុជាត្រូវផ្តោតលើវិស័យអាទិភាពមួយចំនួន ឲ្យក្លាយជាវិស័យនាំមុខ ដោយការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាដើម ដោយមានការទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមក ហើយគួរបង្កើតជាទូតសុឆន្ទៈគំរូឲ្យបានច្រើន ដើម្បីពន្យល់ពីភាពជោគជ័យរបស់ពួកគេ បន្ទាប់ពីបានរៀនជំនាញបច្ចេកទេសចប់ ទៅកាន់យុវជន និងសហគមន៍ឲ្យបានយល់ដឹងកាន់តែទូលំទូលាយ។ ការណ៍នេះ នឹងអាចជួយ ជំរុញកំណើនចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើនកាន់តែច្រើនឡើងថែមទៀត។
គិតត្រឹមឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេសសរុប ៣១៩ គម្រោង ដែលមានតម្លៃប្រមាណ ៤,២ ប៊ីលានដុល្លារដល់កម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ថាមពល ការដឹកជញ្ជូន និងវិស័យសំខាន់ជាច្រើនផ្សេងទៀត៕
សំបាន ច័ន្ទដារ៉ា


