កូរ៉េខាងត្បូងស្នើកូរ៉េខាងជើងបន្តកម្មវិធីជំនួបក្រុមគ្រួសារកូរ៉េដែលបានព្រាត់ប្រាសគ្នានៅក្រោយសង្រ្គាមកូរ៉េ
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានដាក់សំណើមួយថ្មីទៅប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឲ្យបន្តកម្មវិធី ជំនួបគ្រួសារដែលព្រាត់ប្រាសគ្នាក្រោយសង្គ្រាមកូរ៉េពីឆ្នាំ ១៩៥០ ដល់ឆ្នំា ១៩៥៣ឡើងវិញ។ ជំនួបនេះត្រូវបានផ្អាកទាំងស្រុងតាំងពីឆ្នាំ ២០១៨មកម៉្លេះ។
ថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី៨ ខែកញ្ញា រដ្ឋមន្ត្រីបង្រួប បង្រួម កូរ៉េខាងត្បូង លោក Kwon Youngse បានលើកឡើងថា សង្គ្រាម ឧបទ្វីបកូរ៉េបង្កឡើងនៅក្នុងឆ្នាំ១៩៥០ បានបង្កការឈឺចាប់សម្រាប់ ប្រជាជនគ្រប់គ្នាៗ ហើយប្រទេសកូរ៉េទាំងពីរគួរតែប្រឈម មុខជាមួយ នឹងការពិតទាំងនោះ។
លោករដ្ឋមន្ត្រីចង់ឃើញការដោះស្រាយបញ្ហានៃភាពឈឺចាប់បែកបាក់គ្រួសាររបស់ប្រជាជនកូរ៉េ ដោយគួរតែកុំអូសបន្លាយពេលតទៅទៀត។
ការជួបជុំគ្រួសារបែកបាក់ដោយសង្គ្រាមកូរ៉េ គឺជារឿងរំជើបរំជួល ចិត្តខ្លាំងណាស់ ដោយសារតែសមាជិកគ្រួសារភាគច្រើន ដែលបែក គ្នាពេលនេះ មានវ័យចំណាស់ អាយុចាប់ពី៨០ឆ្នាំឡើងទៅ ហើយ ពួកគេចង់ជួបជុំជាមួយសាច់ញាតិដែលបែកបាក់គ្នាយូរមក ហើយ មុនពេលពួកគេលាចាកលោក។
បើតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង មានពលរដ្ឋកូរ៉េខាង ត្បូង ចំនួន ១៣៣,៦៥០ បានចុះឈ្មោះក្នុងបញ្ជីរង់ចំាដើម្បីជួបក្រុម គ្រួសារនៅខាងជើង ប៉ុន្តែជិត៧០ភាគរយ នៃក្រុមគ្រួសាររបស់គេនោះ បានទទួលអនិច្ចកម្មទៅហើយ។
លោករដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង រំពឹងថា នឹងមានជំនួប ពិភាក្សា ដោយផ្ទាល់ និងប្រកបដោយភាពស្មោះត្រង់ ជាមួយមន្ត្រី ទទួល ខុសត្រូវ កូរ៉េខាងជើងក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន អំពីដំណើរការកម្មវិធីជួបជុំសាច់ញាតិបែកបាក់ដោយសង្គ្រាមនេះ។
គិតត្រឹមពេលនេះ កូរ៉េខាងជើង នៅពុំទាន់ឆ្លើយតបយ៉ាងណា នៅឡើយ ចំពោះសំណើរបស់កូរ៉េខាងត្បូង។
សំណើជួបជុំគ្រួសារកូរ៉េជាថ្មីនេះ ធ្វើឡើងចំពេលប្រទេសទាំងពីរ កំពុងជួបភាពតានតឹងក្នុងសំណុំជាច្រើន។
កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានបដិសេធចោលសំណើ ផ្តល់ ជំនួយមនុស្សធម៌ពីកូរ៉េខាងត្បូង ក្នុងពេលលកូរ៉េខាងជើងមាន វិបត្តិកូវីដ ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរ។
សូមជម្រាបដែរថា បងប្អូនគូសត្រូវកូរ៉េទាំងពីរ ធ្លាប់រៀបចំកម្មវិធីជួបជុំ គ្រួសារកូរ៉េដែលបែកបាក់គ្នាដោយការពុំចែកប្រទេសជាលើកដំបូង នៅក្រោយជំនួបកំពូលរវាងកូរ៉េទំាងពីរក្នុងឆ្នំា ២០០០។ តែជារឿយៗ ជំនួបជាច្រើនអំពីកម្មវិធីនេះត្រូវបានលុបចោល ឬមួយក៏លើកពេល នៅនាទីចុងក្រោយពីសំណាក់ភាគីកូរ៉េខាងជើង។ នៅក្នុងការរៀបចំ ជំនួបម្តងៗទៀតសោត គេអនុញ្ញាតឲ្យមានអ្នកចូលរួមប្រមាណតែ ១០០នាក់ប៉ុណ្ណោះ។
នៅឆ្នាំ២០១៨កម្មវិធីជំនួបគ្រួសារដែលព្រាត់ប្រាសគ្នាក្រោយសង្គ្រាមកូរ៉េ ត្រូវបានផ្អាកទាំងស្រុង ដោយសារបញ្ហាការទូតជាមួយអាមេរិក។ អាមេរិកដែលជាសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ទាមទារឱ្យកូរ៉េខាងជើង បោះចោលកម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងផលប្រយោជន៍ផ្នែក សេដ្ឋកិច្ច និងនយោបាយ។
គួររំឭកជូនថា នៅក្រោយសង្រ្គាម មានពលរដ្ឋកូរ៉េរាប់សិបលាន នាក់ បានព្រាត់ប្រាសគ្រួសាររបស់ខ្លួន។ ក្នុងចំនួននោះ មានភាគច្រើន បានទទួលអនិច្ចកម្មទៅ ដោយមិនបានជួបមុខគ្នាផ្ទាល់ ឬជួបនិយាយ តាមទូរស័ព្ទម្តងណាសោះនៅក្នុងរយៈពេលរាប់ទសវត្សរ៍៕ ដោយ៖ បណ្តូល ពេជ្រ