សម្ដេចក្រឡាហោម៖ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ កំពុង លេចរូបរាងយ៉ាងសាហាវនៅកម្ពុជា
ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាកំពុងលេចចេញនូវ បទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍យ៉ាងសាហាវ នាពេល ចុងក្រោយនេះ។
សម្តេចក្រហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ថ្លែងយ៉ាងដូច្នេះ នៅក្នុង ពិធីសម្ពោធអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ខែកញ្ញាឆ្នាំ២០០។សម្តេចបានបន្ថែមថា កម្ពុជាជាកន្លែងរងគ្រោះនៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ «អ្នកប្រព្រឹត្តបទល្មើស ជាមេខ្លោង ៩៩.៩ភាគរយមិនមែនខ្មែរ ដែល នៅកម្ពុជា ហើយមេខ្យល់ ដែលរៀបចំបញ្ជូនមនុស្សចេញពី ប្រទេសរបស់ខ្លួន ក៏ជាជនជាតិនោះ មិនមែនជនជាតិខ្មែរទេ»។
ដោយទឹកមុខម៉ឹងម៉ាត់ សម្តេចក្រឡាហោម បានចាត់ទុកបទល្មើស ថ្មីនេះ ថាជាបទល្មើសដ៏សាហាវ មិនមែនជាបទល្មើសប្រពៃណី ដូចដែល កម្ពុជាធ្លាប់ប្រឈមកន្លងមក។ សម្តេច បានគូសបញ្ជាក់ បន្ថែម ថា លោកទទួលបានការស្នើសុំអន្តរាគមន៍ពីទូតជប៉ុន ដែលថា មានពលរដ្ឋជប៉ុនបានចាញ់បោក ការឆបោកតាមប្រព័ន្ធគមនាគមន៍ នៅកម្ពុជា។
បញ្ហាឆបោកតាមប្រព័ន្ធគមនាគមន៍នៅកម្ពុជា ត្រូវបានរដ្ឋាភិបាល បង្ហាញ ក្តីបារម្ភជាខ្លាំង ក្នុងពេលដែលមួយរយៈចុងក្រោយនេះ អាជ្ញាធរ តែងតែបង្រ្កាបបទល្មើសទាំងនោះជាហូរហែ។ សម្រាប់សម្តេច ក្រឡា ហោម ស ខេង នេះជាក្តីបារម្ភមួយដែល អាជ្ញាធរ ត្រូវយក ចិត្តទុក ដាក់ដោះស្រាយ ដ្បិតបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងបញ្ជីប្រផេះ នៃ ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារម្ភថា កម្ពុជាអាចធ្លាក់ទៅក្នុងបញ្ជីខ្មៅ ប្រសិនបើមិនមានការទប់ស្កាត់ បទល្មើសថ្មីនេះ។
លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល បង្ហាញក្តីព្រួយ បារម្ភខ្លាំងជុំវិញបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា។ លោកថា៖ «ខ្ញុំបារម្ភថា វាអាចរីករាលដាល កាន់តែធំទៅៗ ហើយ កម្ពុជានឹងអាចក្លាយទៅជាទីតាំងមួយ នៅក្នុងការឆបោកបញ្ឆោតដ៏ធំ ហើយវានឹងអាចប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន ដែលជិតចប់អាណត្តិនេះផង។
ចំណែកនៅលើឆាកអន្តរទៀត ខ្ញុំបារម្ភថា ពេលដែលគេ និយាយពីកម្ពុជា គេនឹងប្រាប់គ្នាឲ្យប្រយ័ត្នអំពីប្រទេសហ្នឹង ថាអាចមានការឆបោកអ៊ីចឹងទៅ»។
យ៉ាងនេះក្តី សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើក ឡើងថា៖ «ខ្ញុំសង្ឃឹមថា វាមិនធ្លាក់ដល់ “បញ្ជីប្រផេះនៃ ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុអន្តរជាតិ”ទេ ប៉ុន្តែយើងក៏មិនត្រូវធ្វេស ប្រហែស។ ប៉ុន្តែបើវាដល់បញ្ជីខ្មៅមែន ប្រព័ន្ធទូទាត់តាមធនាគារ យើងចប់ហ្សេរ៉ូ។ មុននឹងយើងទូទាត់បាន គេឆែកមើលចុះឡើង ថាលុយស្អាតឬលុយមិនស្អាត លុយខ្មៅឬលុយស លុយត្រឹមត្រូវ ឬលុយមិនត្រឹមត្រូវ?។ ទម្រាំរកឃើញ មិនដឹងថាចំណាយពេល វេលាអស់ប៉ុន្មាន។ នេះជាគ្រោះមហន្តរាយមួយធំណាស់ សម្រាប់ សេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះ ចំណាត់ការចុងក្រោយរបស់អាជ្ញាធរ គឺការតាក់តែង សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ សេចក្តីព្រាង ច្បាប់មួយនេះ មានគោលបំណងធានា សុចរិតភាព នៃការ ប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និងការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាព បុគ្គល ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ដោយ៖ សេក ប្រាក់