អ្នកវិទ្យាសាស្រ្តអ៊ីស្រាអែល រកឃើញអង់ទីគ័រពីរ ដែលអាចប្រឆាំង នឹងមេរោគកូវីដគ្រប់វ៉ារ៉្យង់

អ៊ីស្រាអែល៖ ក្រុមអ្នកវិទ្យាសាស្រ្តអ៊ីស្រាអែលនៅសាកលវិទ្យាល័យ Tel Aviv បានរកឃើញអង់ទីគ័រចំនួនពីរ ដែលមានសមត្ថភាព បន្សាបវីរុសកូរ៉ូណាគ្រប់ប្រភេទបំប្លែង រួមទាំងវ៉ារ្យ៉ង់ដែលតា និងអូមីក្រុង ហើយថែមទាំងអាចជួយកាត់បន្ថយការចាក់វ៉ាក់សាំង កូវីដ១៩ ដូសជំរុញផង។

ការរកឃើញនេះ ធ្វើឡើងក្រោយពេលអ្នកវិទ្យាសាស្ត្របានពិសោធ ទៅលើអង់ទីគ័រចំនួនប្រាំបួនផ្សេងគ្នា ដែលយកចេញពីអ្នកជា សះស្បើយជំងឺកូវីដ-១៩ នៅអ៊ីស្រាអែល។

លោកស្រីវេជ្ជបណ្ឌិតផ្នែកមីក្រូជីវសាស្រ្ត Natalia Freund ដែល ជាអ្នកដឹកនាំការសិក្សាអះអាងថា អង់ទីគ័រដែលរកឃើញ ត្រូវបាន យកទៅចាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលឆ្លងវ៉ារ្យ៉ង់កូវីដ ផ្សេងៗគ្នា ហើយផ្អែកលើការលក្ខណៈក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍ វាអាចផ្តល់ នូវការការពារខ្លាំងជាងការចាក់វ៉ាក់សាំងកូវីដដូសជំរុញទៀត។

លោកស្រី Freund អះអាងថា៖ «យោងទៅតាមការរកឃើញ របស់ យើង ប្រសិទ្ធភាពនៃអង់ទីគ័រទី ១ TAU-1109 ក្នុងការបន្សាបវ៉ារ៉្យង់ អូមីក្រុង មានប្រហែល ៩២ ភាគរយ ហើយវ៉ារ៉្យង់ដែលតា មាន ៩០ ភាគរយ។ សម្រាប់អង់ទីគ័រទី២ TAU-2310 អាចបន្សាបវ៉ារ្យ៉ង់ អូមីក្រុងក្នុងប្រសិទ្ធិភាព ៨៤ ភាគរយ និងដែលតា ក្នុងប្រសិទ្ធិភាព ៩៧ ភាគរយ»។

លោកស្រីវេជ្ជបណ្ឌិតនិយាយថា ការរកឃើញនេះមានន័យថា អ្នក ដែលទទួលវ៉ាក់សាំងរួចហើយ មិនចាំបាច់ចាក់វ៉ាក់សាំងទៀតទេ ប្រសិនបើពួកគេទទួលបានការព្យាបាលដោយប្រើអង់ទីគ័រ ដែលក្រុម អ្នកវិទ្យាសាស្រ្តរបស់លោកស្រីរកឃើញ។

សូមបញ្ជាក់ថា មូលហេតុដែលអង់ទីគ័រនេះត្រូវបានដាក់ ឈ្មោះ ផ្ដើមដោយ TAU ព្រោះអង់ទីគ័រទាំងពីរ ត្រូវបានរកឃើញ នៅ សាកលវិទ្យាល័យ Tel Aviv៕
ដោយ៖ហួន ឌីណា

ads banner