កម្ពុជា បញ្ជូលកីឡាអេឡិចត្រូនិក ជាផ្លូវការក្នុងបញ្ជីកីឡាត្រូវប្រកួត នៅស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ កីឡាអេឡិចត្រូនិកឬអ៊ីស្ពត (Esports) របស់កម្ពុជា ត្រូវបានសម្រេចបញ្ចូលជាផ្លូវការ ក្នុងបញ្ជីកីឡាត្រូវប្រកួតទាំង៣៩ប្រភេទ សម្រាប់ស៊ីហ្គេមលើកទី៣២។ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលគ្រោងនឹងធ្វើឡើងនៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខនេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បាន បញ្ជាក់ ថា៖ «កីឡាអេឡិចត្រូនិក (Esports) ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រេចបញ្ចូលជាផ្លូវការក្នុងបញ្ជីកីឡាត្រូវ ប្រកួតទាំង៣៩ប្រភេទ។»
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានសម្រេចកំណត់យក វិញ្ញាសាចំនួនប្រាំបួន ដាក់ប្រកួតប្រជែងដណ្ដើមយកមេដាយ ក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលរួម មាន៖ វិញ្ញាសា៖ AK2(PC)ជាក្រុម និងឯកត្តជន, PUBG Mobile ជាក្រុម និងឯកត្តជន, Cross Fire(PC)ជាក្រុម, Mobile Legends: Bang Bang (Mobile) ជាក្រុមបុរស និងនារី និង League of Legends: Wild Rift (Mobile) ជាក្រុមបុរស និងនារី។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ រៀបចំកា រប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានថ្លែងឲ្យដឹង នៅថ្ងៃទី៨ ខែកញ្ញានេះថា៖ «E-Sport ហ្នឹង ជាប្រភេទកីឡាគេប្រកួត គ្រប់ស៊ីហ្គេមទាំងអស់ ស៊ីហ្គេមនៅវៀតណាមក៏មាន។ យើងដាក់អត់ មានមូលហេតុអីទេ ។យើងដាក់ទៅតាមប្រភេទកីឡាដែលយើងមាន ប្រកួតតាមស្តង់ដារ។»
ឯកឧត្តម បញ្ជាក់បន្តថា រឿងឈ្នះ ឬចាញ់ គឺមិនទាន់អាចទស្សន៍ទាយ បាននៅឡើយទេ ប៉ុន្តែកីឡាករកម្ពុជាក៏មានថ្វីដៃល្អ និងបានហ្វឹកហាត់ កីឡាអេឡិចត្រូនិកបានច្រើនដែរ។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មានដដែលក៏បាន អំពាវនាវឲ្យមានការចូលរួមគាំទ្រ និងបន្តការហ្វឹកហ្វាត់ ពង្រឹងសមត្ថភាព បន្ថែមទៀតតាមវិញ្ញាសារៀងៗខ្លួន ដើម្បីអាចចូល រួម ប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិមាតុភូមិ ក្នុង ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម លើក ទី៣១) កាលពីខែឧសភាកន្លងទៅ ប្រទេសម្ចាស់ផ្ទះវៀតណាម ដណ្តើម បានមេដាយមាសច្រើនជាងគេក្នុងវិស័យ កីឡាអេឡិច ត្រូនិក។ ក្នុងចំណោម ១០វិញ្ញាសាប្រកួតនេះ វៀតណាមដណ្តើមបាន មេដាយមាសបួននិងមេដាយប្រាក់បី ដោយឈរលើកំពូល តារាង មេដាយ តាមពីក្រោយដោយប្រទេសថៃ ដែលទទួលបានមេដាយ មាសពីរ និងឥណ្ឌូណេស៊ី មេដាយមាសពីរ។
Esports (កីឡាអេឡិចត្រូនិក) គឺជាប្រភេទកីឡា ដែលមាន លក្ខណៈប្រកួតប្រជែង ដែលអ្នកលេងប្រើប្រាស់សមត្ថភាពរាងកាយ និងភាពឆ្លាតវៃរបស់ពួកគេ ដើម្បីប្រកួតប្រជែងក្នុងហ្គេមផ្សេងៗ នៅក្នុងបរិយាកាសអេឡិចត្រូនិក(និម្មិត)។ នេះបើតាម សហព័ន្ធ កីឡាអេឡិចត្រូនិកអន្តរជាតិ៕
ដោយ៖យ៉ាន អាន