លោក កែវ ចាន់ណារិទ្ធ ក្លាយជាអភិបាលថ្មីនៃរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) មានក្បាលម៉ាស៊ីនដឹកនាំថ្មី គឺលោក កែវ ចាន់ណារិទ្ធ ដែលនឹងឡើង មកកាន់តំណែងនេះ ជំនួសលោក អ៊ាង សុខឃីម។ ពិធីផ្ទេរតំណែងប្រព្រឹត្តធ្វើឡើងនៅថ្ងៃពុធ ទី៧ ខែកញ្ញាឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

នៅក្នុងពិធីនោះ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានថ្លែងផ្ដែផ្ដាំលោក កែវ ចាន់ណារិទ្ធ ដែលជាអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈថ្មី ឱ្យបន្តនិរន្តរភាពក្នុងការផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ការផ្តល់សេវាដឹកជញ្ជូនតាមកាណូតសាធារណៈ (Taxi Boat) និងថែរក្សាសមិទ្ធផលនានារបស់រដ្ឋាករ។ លោកសង្កត់ធ្ងន់ថា ក្នុងនាមជាអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈថ្មី លោក កែវ ចាន់ណារិទ្ធ ត្រូវដឹកនាំបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ប្រសិទ្ធភាព និងគុណភាព។

សូមបញ្ជាក់ថា កម្ពុជាបានបង្កើតឲ្យមានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ធានាសុវត្ថិភាព ផាសុកភាព សន្សំសំចៃពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រើប្រាស់ថាមពលខ្ជះខ្ជាយ ឧស្ម័នបំពុលបរិស្ថាន និងផលប៉ះពាល់សុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

រថយន្តក្រុងសាធារណៈដែលដំណើរការនៅកម្ពុជាសព្វថ្ងៃ បានទទួលជំនួយពីប្រទេសចិននិងជប៉ុន ដែលមានចំនួនជាង២០០គ្រឿង ដែលបានផ្តល់សេវាដឹកជញ្ជូនសាធារណៈមានចំនួន១៣ខ្សែ ជូនប្រជាពលរដ្ឋនៅតាមរាជធានីភ្នំពេញ។ ថ្មីៗនេះ ក្រោមជំនួយរបស់ប្រទេសកូរ៉េខាងត្បូង កម្ពុជាបានទទួលរថយន្ដក្រុងសាធារណៈថ្មី២០០គ្រឿងទៀត ដែលរថយន្តក្រុងថ្មីពីកូរ៉េខាងត្បូងនេះ អាជ្ញាធរក្រុងបញ្ជាក់ប្រាប់ថា កំពុងសិក្សានិងរៀបចំផែនការដាក់ឲ្យដំណើរការនាពេលខាងមុខ៕ដោយ៖ ជា សុខនី

ads banner