មេបញ្ជាការរងកងទ័ពជើងគោក ផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឹនបំប៉នជំនាញ ភ័ស្តុភារ ត្រូវយកចំណេះដឹងនេះទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព ឱ្យមានការយល់ដឹង និងរីកចម្រើនទាំងអស់គ្នា
ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២២ ក្រោយដំណើរការរៀនសូត្រអស់រយៈពេល ៩០ថ្ងៃ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ថា ត្រូវយកចំណេះដឹងនេះ ទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព ឱ្យមានការយល់ដឹង និងរីកចម្រើនទាំងអស់គ្នា ។
ជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក កែន តារា បានចូលរួមអបអរសាទរដល់សិក្ខាកាមរបស់កងទ័ពជើងគោក និងវាយតំលៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការិយាល័យទី៤ កងទ័ពជើងគោក និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចខ្លួន រហូតធ្វើឲ្យវគ្គជំនាញនេះបានបញ្ចប់ ទទួលបានលទ្ធផលវិជ្ជមាន តាមការរំពឹងទុក។
ឧត្តមសេនីយ៍ឯក កែន តារ៉ា បានបញ្ជាក់ពីជំនាញភ័ស្តុភារដែលបានដំណើរការបិទវគ្គនាពេលនេះថា ពិតជាមានសារៈសំខាន់ សំដៅធានាឲ្យការងារប្រយុទ្ធ និង ការងារបម្រើប្រយុទ្ធក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ។ វគ្គហ្វឹកហ្វឺននេះ ក៏បានរួមចំណែកបង្កើនប្រសិទ្ធភាព ក្នុងការលើកកម្ពស់ ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ទាំងការងារគ្រប់គ្រងភ័ស្តុភារ និង ការលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភ័ស្តុភារ ដើម្បីឈានទៅសម្រេចភារកិច្ចចាំបាច់ចំពោះមុខ ក៏ដូចជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក កែន តារា ផ្តាំផ្ញើដល់សិក្ខាកាម ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងពីការរៀនសូត្រទាំងនេះ ទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត និងពង្រីកសកម្មភាពឲ្យមានការីកចម្រើនសំដៅរួមចំណែកកសាង និងលើកស្ទួយសេដ្ឋកិច្ចជាតិមានការរីកចម្រើនថែមទៀត។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃ ខ ភ ម បញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូន។ ត្រូវចូលរួមសហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ-ឃុំមានសុវត្ថិភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ឯក កែន តារ៉ា បានក្រើនរំលឹកដល់សិក្ខាកាម ត្រូវបន្តអនុវត្តន៍វិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ និងបង្ការជម្ងឺកូវីដ១៩ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរបាយការណ៍បិទវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ទោ ជ វណ្ណ នាយសេនាធិការង នាយការិយាល័យទី៤ កងទ័ពជើងគោក បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ បានសិក្សារយៈពេល ៩០ថ្ងៃ ចាប់បើកពិថ្ងៃទី១៣ ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ មានកម្មសិក្សាការីចូលរួមរៀនសូត្រ សរុបចំនួន ៩៦នាក់ សិក្ខាកាមចំនួន ៦៤នាក់ គ្រូយោធាចារ្យចំនួន ១៧នាក់ គណៈគ្រប់គ្រងវគ្គ ១៥នាក់ ។ មកពីបណ្តាកងឯកភាពចំណុះ កងទ័ពជើងគោក ។ ក្រោយបញ្ចប់វគ្គ ក្រោមការត្រួតពិនិត្យ វាយតំលៃរបស់គណៈកម្មការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ គ្រូឧទ្ទេសនាម ស្តីពីលទ្ធផលពេលបញ្ចប់វគ្គ សិក្ខាកាមរៀនបាន និទ្ទេសល្អប្រសើរចំនួន ២៤នាក់ ស្មើ៣៧% និទ្ទេសល្អចំនួន ២៣នាក់ ស្មើ៣៦% និទ្ទេសល្អបង្គួរចំនួន ១៥នាក់ ២៤% និងនិទ្ទេសមធ្យមចំនួន ០២នាក់ ស្មើ ៣% ៕ ដោយ វណ្ណលុក



