អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ទទួលកុំព្យូទ័រពីអង្គការ អេជីអឹម កូរ៉េ សម្រាប់បម្រើនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេស ជូនមន្ត្រីយោធា
ភ្នំពេញ៖ អំណោយសប្បុរសជននៃសាធារណរដ្ឋកូរ៉េ ដែលមាន Computer ចំនួន ១០គ្រឿង Laptop ៣គ្រឿង Ipad ១គ្រឿង និងម៉ាស៊ីន Printer ១គ្រឿង ត្រូវបានលោក ផាក ឆូលស៊ូ តំណាងអង្គការ AGM ក្រោមជំនួយឧបត្ថម្ភរបស់ លោក គីម សាងយុន ប្រធានអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានព្រះវិហារ ណានូម បាននាំមកប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ទៅតាមសំណើររបស់ថ្នាក់ដឹកនាំយកដ្ឋានសម្រាប់បម្រើឲ្យការងារនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្រុទ័រ និងភាសាបរទេស ជូនមន្ត្រីយោធាក្នុងស្ថាប័នចំណុះ ក្រសួងការពារជាតិ និងអគ្កបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅការិយាល័យឯកឧត្តមអគ្គនាយករង នារសៀលថ្ងៃព្រហស្បតិ៍ទី ៨ ខែកញ្ញា ដោយមាននាយទាហានជំនាញជាច្រើនរូបចូលរួមផងដែរ ។
លោក ផាក ឆូលស៊ូ បានសំដែងនូវមោទនភាពដែលរូបលោកជាតំណាងប្រធានអង្គការ AGM កូរ៉េ និងជាប្រធានព្រះវិហារ ណានូម បាននាំអំណោយពីសប្បុរសជនកូរ៉េ ដែលមាន Computer ចំនួន ១០គ្រឿង Laptop ៣ គ្រឿង Ipad ១គ្រឿង និងម៉ាស៊ីន Printer ១គ្រឿង មកផ្តល់ជូនឯកឧត្តមអគ្គនាយករងនាពេលនេះ ដើម្បីជាការចូលរួមចំណែកពង្រីកក្នុងវិស័យបណ្តុះបណ្តាលធនធាន ដល់កងទ័ពកម្ពុជា លើការពង្រឹងពង្រីកវិស័យការពារជាតិ ពិសេសលើការប្រាស្រ័យទំនាក់ទំនងជាលក្ខណអន្តរជាតិ។ លោក បានសន្យានឹងបន្តផ្តល់គៀងគរស្វែងរកជំនួយជាបន្តបន្ទាប់ពីសប្បុរសជនកូរ៉េ ទៅតាមលទ្ធភាព ដើម្បីបន្តពង្រឹងនិរន្តរភាពនៃការចូលរួមចំណែកបណ្តុះបណ្តាលជនធានមនុស្ស មន្ត្រីយោធាតាមរយៈជំនួយជាសម្ភារៈដែលបំរើឲ្យការសិក្សារៀនសូត្រឲ្យកាន់តែប្រសើរឡើង ។
ឯកឧត្តម សៅ សារឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានអង្គការ AGM កូរ៉េ និងជាប្រធានព្រះវិហារ ណានូម និងសហការី តាមរយៈ លោក ផាក ឆូលស៊ូ តំណាងអង្គការ AGM ដែលបានអំណោយសប្បុរសជនកូរ៉េ ផ្តល់ដល់នាយកដ្ឋាននាពេលនេះ ។ តាមរយៈតំណាងអង្គការ AGM កូរ៉េ ឯកឧត្តម សៅ សារឿន ក៏បានស្នើបន្តជួយឧបត្ថម្ភសម្ភារៈបន្ថែមទៀត ដើម្បីឲ្យសាលាមាឱកាសបណ្តុះបណ្តាល និងការកសាងប្រភពធនធានមនុស្សវ័យក្មេង ក្នុងកងយោធពលខេមរភូមិន្ទ ពិសេសចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កំពង់បំពេញការងារក្នុងស្ថាប័នក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្នាន លើផ្នែកភាសារបរទេស និងវិស័យព័ត៌មានវិទ្យាក្នុងកងទ័ព ឲ្យកាន់តែមានការវិវត្តន៍សមត្ថភាពរីចម្រើនទ្វេរឡើងថែមទៀត។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរហូតមកដល់ពេលនេះ មានរយៈពេលជាង ១៧ឆ្នាំហើយ គិតចាប់តាំងពីឆ្នាំ២០០៦មក ហើយជំនួយរបស់សមាជិកនៃអង្គការ AGM កូរ៉េបានផ្តល់ចំនួន ៥លើករួចមកហើយ ហើយសម្ភារៈទាំងអស់នេះ ក្រៅពីការសិក្សាជំនាញកុំព្យូទ័រ នូវបានចូលរួមធ្វើប័ណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជូនដល់កងទ័ព ក្រុមគ្រួសារកងទ័ពនិងប្រជាពលរដ្ឋ បានជិត ២០ម៉ឺនប័ណ្ណរួចមកហើយ។
សូមជម្រាបថា នៅពេលដ៏ខ្លីខាងមុខនេះ សាលានឹងបន្តបើថ្នាក់សិក្សាទាំង ៦មុខវិជ្ជាឡើងវិញ តាមរយៈឧបត្ថម្ភគាំទ្រពីកិច្ចសហប្រតិបត្តិការពីអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ និង ព្រះវិហារ ណានូម ដើម្បីបន្តនិរន្តរភាពឲ្យសាលា ដំណើរការកម្មវិធីសិក្សាជាថ្មីឡើងវិញទៅតាមមុខវិជ្ជាជីវៈ ដើម្បីបន្តជំរុញលើកទឹកចិត្តឲ្យសិក្ខាកាមម្នាក់ៗ បានសិក្សារៀសូត្រ លើផ្នែកភាសារអង់គ្លេសនេះ និងភាសារបរទេសផ្សេងៗ ទៀតឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីមានភាពងាយស្រួលក្នុងការប្រាស្រ័យទំនាក់ទំនងជាលក្ខណអន្តជាតិ ៕ ដោយ វណ្ណលុក



