ទីបំផុត! កូរ៉េខាងជើងបង្ហើបពីគម្រោងចាក់វ៉ាក់សាំងកូវីដ ដល់ពលរដ្ឋ
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងបានបង្ហើបឱ្យដឹងថា ប្រទេសនេះអាចនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅខែវិច្ឆិកា ២០២២ ខាងមុខនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ធ្វើសេចក្ដីរាយការណ៍ខាងលើ នៅថ្ងៃសុក្រទី៩ កញ្ញា តាមរយៈការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដែលបានថ្លែងសុន្ទរកថា ទៅកាន់សភាជាតិ កាលពីពេលថ្មីៗនេះ។
ថ្លែងនាឱកាសនោះ លោក គីម បានលើកឡើងពីការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ដែលថាករណីឆ្លង កូវីដ១៩ នារដូវរងាខាងមុខ អាចនឹងមានកើនឡើងជាថ្មី។
មេដឹកនាំកូរ៉េខាងជើងរូបនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបង្ហើបដូច្នេះថា «គួបផ្សំជាមួយការចាក់វ៉ាក់សាំងបង្ការ យើងគួរតែផ្ដល់អនុសាសន៍ឱ្យប្រជាជនទាំងអស់ពាក់ម៉ាស ដើម្បីការពារសុខភាពរបស់ខ្លួន ចាប់ពីខែវិច្ឆិកាខាងមុខតទៅ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង មកទល់នឹងពេលនេះ មិនទាន់ត្រូវបានរាយការណ៍ពីការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាជនរបស់ខ្លួននៅឡើយទេ៕
ប្រភពពី Reuters , ដោយ៖ សារ៉ាត



