ឱនភាពពាណិជ្ជកម្ម កូរ៉េ ខាង ត្បូងក្នុងខែ សីហា ធ្លាក់ក្នុងកំណត់ត្រាថ្មី ខណៈសម្ពាធបន្តធ្លាក់លើប្រាក់វ៉ុន

កូរ៉េ: កំណើននៃការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ក្នុងខែ សីហា កន្លងទៅនេះ ខណៈការនាំចូលបានកើនឡើង ។ ការណ៍នេះធ្វើឲ្យកូរ៉េខាងត្បូងមានឱនភាព ពាណិជ្ជកម្មក្នុងកំណត់ត្រាថ្មីនិង បន្ថែមសម្ពាធលើប្រាក់វ៉ុនដែលបានធ្លាក់ចុះរួចទៅ ហើយក្នុងកម្រិតទាបបំផុតមួយនារយៈពេល១៣ឆ្នាំ ចុងក្រោយ ។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកូរ៉េ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា បាន ឲ្យដឹងថាការនាំចេញ របស់កូរ៉េ កាលពីខែសីហា កន្លងទៅមានមានកំណើនតែ ៦,៦ភាគរយ ធៀបទៅ នឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០២១ កន្លងទៅ ។ ទិន្នន័យនេះ ខ្ពស់ជាងការព្យាករចេញផ្សាយដោយសារព័ត៌មាន Reuters ដែលថាកំណើននាំចេញកាល ពីខែ សីហាមាន តែ ៥,៥ភាគរយ។ ប៉ុន្តែទិន្នន័យ នាំចេញរបស់កូរ៉េខាងត្បូងក្នុងខែ សីហា គឺទាបជាងតួលេខ នាំចេញកាលពី ខែកក្កដា ដែលមានកំណើន៩,២ភាគរយ។
ចំពោះការនាំចូលវិញមានកំណើន ២៨,២ភាគរុពោល គឺមានការកើនឡើងលឿនធៀប នឹងកំណើននាំ ចូលកាលពីខែ កក្កដាដែលមានតែ ២១,៨ភាគរយ។ តួលេខនេះបង្ហាញថា កំណើននៃការនាំចូលរបស់កូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងកំណត់ត្រានៃការនាំចូល ដែល បានកើនឡើងខ្ពស់បំផុត ។

សមតុល្យពាណិជ្ជកម្មរបស់ កូរ៉េខាងត្បូងមានឱនភាពជាទំហំទឹកប្រាក់ ៩,៤៧ ពាន់លាន ដុល្លារអាមេរិក ក្នុងខែសីហាពោលគឺកើនឡើងជិតពីរដងធៀបនឹង ខែកក្កដាដែលមាន ទំហំ ៤,៨ ពាន់លានដុល្លារ។ គិតមកដល់ពេលនេះគឺមានរយៈពេល ៥ខែបន្តបន្ទាប់គ្នា ដែលកូរ៉េខាងត្បូងធ្លាក់ ចូលបន្ទាត់ក្រហមនៃឱនភាពពាណិជ្ជកម្មនិងធ្វើឲ្យខែសីហា ក្លាយជាខែដែលមានឱនភាពខ្លាំងជាងគេ ។

លោក Lee Seung-hoon សេដ្ឋវិទូនៅក្រុមហ៊ុន Meritz Securities បាននិយាយថា “ទោះបី ជាកំណើននៃការនាំចេញបានធ្លាក់ចុះក៏ដោយការនាំចូលបានរក្សាល្បឿនដោយសារតែ តម្លៃទំនិញខ្ពស់ដូចជាការនាំចូលប្រេងឆៅមានដែលមានចំនួនច្រើនជាងពាក់កណ្តាល នៃការនាំចូលសរុបរបស់កូរ៉េខាងត្បូង ។”

លោកបន្តថា “សមតុល្យពាណិជ្ជកម្ម នឹងស្ថិតក្នុងឱនភាពនាពេលប៉ុន្មានខែខាងមុខ ទៀតប៉ុន្តែវាទំនងជាមិនមានទំហំឱនភាពខ្លាំងទៀតទេដោយសារតម្លៃប្រេងស្ថិតក្នុង និន្នាការធ្លាក់ចុះ”។
ឱនភាពពាណិជ្ជកម្ម ដែលបានធ្លាក់ចូលក្នុងកំណត់ត្រានាពេល នេះបានដាក់សម្ពាធ បន្ថែមទៀតលើប្រាក់វ៉ុនរបស់ កូរ៉េខាងត្បូងដែលបានធ្លាក់ចុះជាង១១ភាគរយធៀបនឹង ប្រាក់ដុល្លារពោលគឺ ប្រាក់វ៉ុន បានធ្លាក់ដល់កម្រិតទាបបំផុតគិត ចាប់តាំងពីខែ មេសា ២០០៩មក។
ធនាគារកណ្តាលកូរ៉េកាលពីសប្តាហ៍មុនបានដំឡើងអត្រាការប្រាក់ ២,៥០ភាគរយហើយ បានបង្ហាញពីការរឹតបន្តឹងបន្ថែមទៀតដែលជាផ្នែកមួយដើម្បីទប់ទល់នឹងភាពទន់ ខ្សោយ របស់ប្រាក់វ៉ុននិង ឱនភាពពាណិជ្ជកម្ម ៕ដោយ:យ៉ាន អាន
ប្រភព៖ South Korea August trade deficit hits record, adding pressure on won

ads banner