អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តម ខ្វៃ អាទិត្យា លើកទឹកចិត្តសមាជិកគណបក្សមូលដ្ឋានឃុំព្រះធាតុ ពង្រឹងសាមគ្គីភាព បន្តសហការគ្នាធ្វើអំពើល្អ និងរួមចំណែកអភិវឌ្ឍមូលដ្ឋាន

ត្បូងឃ្មុំ ៖ ដើម្បីបន្តធានាបានប្រៀបឈ្នះ នៅក្នុងការប្រមូលការគាំទ្រកាន់តែរឹងមាំ សម្រាប់ការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា សមាជិកគណបក្សគ្រប់រូប នៅតាមមូលដ្ឋាន ចាំបាច់ត្រូវបន្តពង្រឹងសាមគ្គីភាពរឹងមាំ សហការគ្នាប្រព្រឹត្តអំពើល្អ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងចូលរួមចំណែកលើការអភិវឌ្ឍជីវភាពប្រជាជន និងមូលដ្ឋាន។ នេះការលើកឡើង របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ នៅក្នុងឱកាសអញ្ជើញដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ចូលរួមប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហាឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពី លោក ឡេង ជីវិន អនុប្រធានក្រុមការងារ និងសមាជិក ក្រុមការងារថ្នាក់កណ្តាលនៃនាយកដ្ឋានព័ត៌មានភូមិសាស្រ្ត ក្រសួងបរិស្ថាន ចុះមូលដ្ឋានឃុំព្រះធាតុ ប្រធាន អនុប្រធាន ព្រមទាំងសមាជិក សមាជិកា អចិន្រ្តៃយ៍ នៃគណបក្សមូលដ្ឋានឃុំព្រះធាតុ និងមកពីភូមិទាំង២២ នៃឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកអាទិត្យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងអំណរគុណក្រុមការងារទាំងអស់ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត បំពេញការងារប្រកបដោយឆន្ទៈ បម្រើប្រជាជននៅតាមមូលដ្ឋាន និងជាពិសេសនាំនូវជោគជ័យជូនគណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងមក។

ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមការងារបន្តចុះជួយដោះស្រាយការលំបាកនានា របស់ប្រជាជននៅតាមមូលដ្ឋាន តាមរយៈគណៈកម្មាធិការគណបក្សឃុំ ភូមិ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ព្រមទាំង បន្តរាយការណ៍ជូន គណៈកម្មាធិការគណបក្សស្រុក និងឃុំជារៀងរាល់ខែ សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ដើម្បីឆ្លុះបញ្ជាំងពីសកម្មភាពការងារ ក្នុងគោលដៅបម្រើប្រយោជន៍ប្រជាជន និងមូលដ្ឋាន។ ឯកឧត្តម ខ្វៃ អាទិត្យា សង្ឃឹមថា ក្រុមការងារឃុំ និងគណៈកម្មាធិការឃុំ នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ពង្រឹងសាមគ្គីភាព បម្រើប្រជាជន ដោះស្រាយបញ្ហា ដើម្បីការអភិវឌ្ឍនៅក្នុងភូមិឃុំ។

សូមបញ្ជាក់ដែរថា នៅក្នុងថ្ងៃនេះដែរ ជាពេលវេលានៃរដូវបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម ខ្វៃ អាទិត្យា និងក្រុមការងារ បានចូលរួម ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកថាវត្ថុមន្តារាម ហៅវត្តទួលឃ្លាំង ស្ថិតក្នុងភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីឧទ្ទិសបុណ្យកុសល ជូនដល់ញាតិការទាំងប្រាំពីរសន្តាន មកអនុមោទនា ទទួលយកចំណែកនៃបុណ្យ ដែលកូនចៅបានបំពេញនាពេលនេះ និងទទួលពរព្រះទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសនៃពិធីកាន់បិណ្ឌទី១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ បាននាំយកគ្រឿងឧបភោគ បរិភោគ ទេយ្យទាន និងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តកថាវត្ថុមន្តារាម ហៅវត្តទួលឃ្លាំង និងបានជូនតាជី យាយជី ជាថវិកា មួយចំនួនផងដែរ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner