ពលរដ្ឋ និងពលករខ្មែរចន្លោះពី២០ទៅ៥០នាក់ ត្រលប់ចូលកម្ពុជាតាមច្រកអូស្មាច់ ដើម្បីជួបជុំគ្រួសារនាបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងពលករខ្មែរ ចន្លោះពី២០ទៅ៥០នាក់ បានត្រលប់ចូលមកកម្ពុជាជាប្រចាំ តាមច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា-ថៃ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា អ្នកដំណើរចូលមកកម្ពុជានេះ ភាគច្រើនជាពលករ ដែលត្រលប់មកដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ការត្រលប់ពេលនេះ ត្រូវបាន លោក ឌី រ៉ាដូ បញ្ជាក់ថា អាជ្ញាធរបានត្រួតពិនិត្យការចេញចូលរបស់ពលករយ៉ាងម៉ត់ចត់ ដ្បិតកម្ពុជាកំពុងស្ថិតក្នុងបរិការណ៍នៃជំងឺកូវីដ១៩។
បើតាមលោកអភិបាលខេត្តឧត្តរមានជ័យរូបនេះ គឺអាជ្ញាធរបានត្រួតពិនិត្យរកបណ្ណចាក់វ៉ាក់សាំងរបស់អ្នកចេញចូលទាំងអស់។
លោកអភិបាលខេត្ត ឌី រ៉ាដូ បញ្ជាក់ថា «ជាទូទៅ វិធានការរបស់ខេត្តគឺស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប្រសិនបើអ្នកចេញចូលព្រំដែន ជាពិសេសពលករខ្មែរ គឺអាជ្ញាធរនឹងសុំពិនិត្យរកបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ដោយមិនតម្រូវឲ្យធ្វើតេស្តរហ័សនោះទេ។ ក៏ប៉ុន្តែប្រសិនបើមិនមានបណ្ណវ៉ាក់សាំង គឺអ្នកដំណើរទាំងអស់ត្រូវតម្រូវឲ្យធ្វើតេស្តរហ័ស ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។»
លោក ឌី រ៉ាដូ បានបន្ថែមទៀតថា បច្ចុប្បន្នខេត្តឧត្តរមានជ័យ មិនមានករណីពលករត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩នោះទេ។ នេះក៏ព្រោះតែភាគច្រើននៃពលករទាំងនោះបានចាក់វ៉ាក់សាំងរួចរាល់។
មិនទាន់មានការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តផ្សេងៗទៀត អំពីចំនួនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិនោះទេ។ ក៏ប៉ុន្តែការត្រលប់របស់ពលករជាបន្តបន្ទាប់ពេលនេះ ត្រូវបានគេមើលឃើញជាក់ស្តែងថា ដើម្បីជួបជុំជាមួយសាច់ញាតិ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ទោះបីជាពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យរៀបចំក៏ពិតមែន ក៏ប៉ុន្តែរដ្ឋាភិបាលក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្ពុជានៅមានការឆ្លងជំងឺកូវីដ១៩ នៅឡើយ។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១០កញ្ញា គឺការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីថ្ងៃទី១១ដល់ថ្ងៃទី២៩កញ្ញា ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសគឺវិធានការសុវត្ថិភាព ៣កុំ ៣ការពារ។
ក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យប្រជាពលរដ្ឋពាក់ម៉ាសជាប្រចាំ នៅតាមទីវត្តអារាម។ ដោយឡែក សម្រាប់ការជួបជុំជាលក្ខណៈគ្រួសារ ក្រសួងសុខាភិបាលស្នើឲ្យពលរដ្ឋជួបជុំក្នុងទ្រង់ទ្រាយតូច ដើម្បីបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ១៩៕
ដោយ:សេក ប្រាក់