បច្ច័យប្រមាណជិត ២០០០ដុល្លារ ត្រូវបានថ្នាក់ដឹកនាំ កងពលតូចអន្តរាគមន៍លេខ៨ នាំយកទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្តចំនួន៤ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ឯកឧត្តម ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ បានអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី១ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទាំង៤ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធ យុទ្ធមិត្ត យុទ្ធនារី ដែលបានពលីអាយុជីវិត ក្នុងបុព្វហេតុ ការពារបូរណភាពទឹកដីជាតិមាតុភូមិ ។

សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ មកទទួលនូវកុសលផលបុណ្យ ដែលឯកឧត្តម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ឧទិសជូននៅថ្ងៃនេះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ មួយចំណែកដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា និង ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមា វត្តទាំង៤ អស់កាលត្រីមាស ដោយមានបច្ច័យសម្រាប់កសាង ក្នុងមួយវត្តៗ រួមមាន
១.វត្តបុរីព្រៃជុំ (ហៅវត្តដីថ្មី) ភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានបច្ច័យកសាង ចំនួន ៧០០០០០ ម៉ឺនរៀល (ប្រាំពី សែនរៀល) និងគ្រឿងឧបភោ ឧបភោគបរិភោគមួយចំនួន។ ជូនលោកយាយ ២៥ នាក់ ក្នុងម្នាក់ៗ ៥០០០រៀល និងសារ៉ុង ១ លោកតា ១១ នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល ។

២.វត្តធម្មារាម (ហៅវត្តស្រះឈូក) ភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានបច្ច័យសម្រាប់កសាង ចំនួន ១,៦៦០,០០០រៀល (មួយលាន ប្រាំមួយសែន ប្រាំមួយម៉ឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ជូនលោកយាយ ១០នាក់ លោកតា ៦នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២ម៉ឺនរៀល ។

៣.វត្តពុទ្ធិសីមាបារមីភ្នំដងរែក (ហៅវត្តអូរគ្រញូង) ភូមិអូរគ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានបច្ច័យសម្រាប់កសាង ចំនួន ១លាន ៣សែនរៀល (មួយលាន បីសែនរៀល) និងជូនលោកយាយ ២២នាក់ លោកតា ៨នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២ម៉ឺនរៀល ។

៤.វត្តប្រាសាទសីមា អូរអង្រែ ស្ថិតនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានបច្ច័យសម្រាប់កសាង ចំនួន ១លាន៣សែន២ម៉ឺនរៀល (មួយលាន បីសែន ពីម៉ឺនរៀល) និងជូនលោកយាយ ១០នាក់ លោកតា ៧ នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២ម៉ឺនរៀល ៕ សួន លីណា

ads banner