ឥណ្ឌូនេស៊ី៖ ការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេស តែមិនបង្កឲ្យមានរលកយក្សស៊ូណាមិទេ

ឥណ្ឌូនេស៊ី៖ ការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ មួយ បាន កើតឡើងនៅកោះ Mentawai ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យ ទី១១កញ្ញានេះ។ គ្រោះធម្មជាតិនេះ បានបង្កការខូចខាតមួយចំនួនដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០នាក់ នៅក្នុងតំបន់ ប៉ុន្តែមិនមានសញ្ញាថា វានឹងបង្កជាគ្រោះមហន្តរាយ រលកយក្សស៊ូណាមិទេ។ នេះបើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី ដែលបានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា។

ប្រភពដដែលបញ្ជាក់ថា ការរញ្ជួយដីដំបូង មានកម្រិត ៦,១រ៉ិចទ័រ វាយប្រហារក្នុងជម្រៅ២៧គីឡូម៉ែត្រ។ ហើយក្រោយពីនោះ កើតការរញ្ជួយម្ដងទៀត តែក្នុងកម្រិតស្រាលជាងមុន ត្រឹម ៥,៣រ៉ិចទ័រ។ ការរញ្ជួយដីនេះ កើតឡើងផ្ទួនៗលើតំបន់តែមួយ គឺកោះ Mentawai ភាគខាងលិចនៃកោះស៊ូម៉ាត្រា។

គួរជម្រាបថា គ្រោះរញ្ជួយដី កើតឡើងញឹកញាប់ណាស់នៅប្រទេសឥណ្ឌូនេស៊ី ដោយហេតុថា ប្រជុំកោះនៃប្រទេសនេះ ស្ថិតនៅលើខ្សែក្រវ៉ាត់ភ្លើង ដែលជាស្នាមប្រេះទល់គ្នា រវាងស្រទាប់ផែនដី។ ក្នុង ចំណោម ប្រទេស ទាំង អស់ នៅ ទូទាំង ពិភពលោក ប្រទេស ឥណ្ឌូនេស៊ី គឺ ជា កន្លែងដែល សម្បូរ ទៅដោយ គ្រោះ រញ្ជួយដី បំផុត ដោយគ្រោះរញ្ជួយដី ប្រមាណ ជា ១ ភាគ ៣ នៃ គ្រោះរញ្ជួយដី សរុប នៅលើ ពិភពលោក កើត ឡើង នៅ ឥណ្ឌូនេស៊ី៕ ដោយ៖ កែវ កិរិយា

ads banner