ចិនគ្រោងបេសកកម្មចំនួន៣ទៅកាន់ព្រះច័ន្ទ ក្រោយរកឃើញ ប្រភេទរ៉ែថ្មី ដែលអាចជាប្រភពថាមពលនាពេលអនាគត
ចិន៖ប្រទេសចិនបានដាក់ចេញនូវគម្រោងបេសកកម្មចំនួនបី ដោយ បញ្ជូនយានគ្មានមនុស្សបើកទៅកាន់ព្រះចន្ទ ក្នុងរយៈ ពេល ១០ឆ្នាំ ទៅមុខ បន្ទាប់ពីចិនរកឃើញសារធាតុរ៉ែថ្មីមួយប្រភេទថ្មីនៅទីនោះ។ ជាប្រភេទរ៉ែ ដែលអាចជាប្រភពថាមពលនាពេលអនាគគត។ នេះបើ តាមការប្រកាសរបស់រដ្ឋបាលអវកាសចិន នៅថ្ងៃសៅរ៍ ទី១០ ខែ កញ្ញា និងក្រោយមកត្រូវបានរាយការណ៍បន្តដោយសារព័ត៌មាន Bloomberg។
ការប្រកាសនូវគម្រោងបេសកកម្មរបស់រដ្ឋបាលអវកាសជាតិរបស់ទីក្រុងប៉េកាំងដូច្នេះ ធ្វើឡើងមួយថ្ងៃ ក្រោយពីកាសែតរដ្ឋចិន The Global Times រាយការណ៍ថា ប្រទេសចិន បានរកឃើញរ៉ែថ្មី មួយប្រភេទ ដែលចិនដាក់ឈ្មោះថា «Changesite-(Y)»។ រ៉ែប្រភេទថ្មីនេះ រកឃើញតាមរយៈបំណែកថ្មដែលចិន ខួងយកពី ឋានព្រះចន្ទ នៅក្នុងបេសកកម្ម «ឆាងអឺ៥» កាលពីឆ្នាំ២០២០។
បើតាមកាសែត The Global Times រ៉ែប្រភេទថ្មីនេះ មានសារធាតុ ផូស្វាតនៅក្នុងគ្រីស្តាល់ Columnar។ មិនត្រឹមតែប៉ុណ្ណោះ វាមាន ផ្ទុកនូវសារធាតុអេលីយ៉ូម-៣ ដែលអាចជាប្រភពថាមពល នាពេល អនាគត។
ការរកឃើញរបស់ចិននាពេលនេះ អាចដាក់សម្ពាធកាន់តែ ខ្លាំងលើសហរដ្ឋអាមេរិក ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន បន្ទាប់ពីបេសកកម្មរបស់ព្រះចន្ទ Artemis I របស់អាមេរិក ត្រូវបានពន្យារពេលជាលើកទីពីរ។
គួរកត់សម្គាល់ថា ការជីកយករ៉ែព្រះចន្ទ ទំនងជាអាចក្លាយជា ប្រភពនៃភាពតានតឹងនាពេលអនាគត រវាងប្រទេសមហាអំណាច អវកាសនានា ខណៈដែលអង្គការណាសា កំពុងដំណើរការ បេសកកម្ម រុករកនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។
ចំណែកប្រទេសចិនវិញ មានគ្រោងសាងសង់ស្ថានីយ៍ស្រាវជ្រាវ មួយរួមជាមួយនឹងប្រទេសរុស្ស៊ី។
ប្រទេសចិនបានពន្លឿនកិច្ច ខិត ខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងវិស័យ អវកាស ដោយកាលពីចុងឆ្នាំមុន ចិនបានចាប់ផ្ដើមសាងសង់ ស្ថានីយ អវកាស និងផ្ដួចផ្ដើមបេសកកម្មជាបន្តបន្ទាប់ដើម្បី ប្រមូល បំណែកថ្មគំរូពីព្រះចន្ទ និងដាក់យានរ៉ូវ័រដែលមានឈ្មោះថា Zhurong នៅលើភពអង្គារកាលពីដើមឆ្នាំនេះ ដើម្បីប្រជែងនឹង ទីភ្នាក់ងារអវកាសអាមេរិក NASA។
គួររំឭកដែរថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែជា ប្រទេសតែមួយគត់ដែលបាននាំយកអវកាសយានិកទៅជាន់ផ្ទៃដីនៃឋានព្រះចន្ទ នៅក្នុងបេសកកម្ម Apollo 11 កាលពីឆ្នាំ១៩៦៩។ បេសកកម្ម Apollo 11 បានប្រមូលបំណែកថ្មគំរូប្រហែល 49 ផោន ឬស្មើនឹង ២២ គីឡូក្រាម ពីផ្ទៃព្រះច័ន្ទមកកាន់ភពផែនដី៕ ដោយ៖ កែវ កិរិយា