កម្ពុជារកឃើញករណីឆ្លងថ្មីនៃមេរោគអេដស៍លើមនុស្ស ១១០០នាក់ ក្នុងឆ្នាំ២០២១
ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងថ្មីនៃមេរោគអេដស៍លើមនុស្ស ១ ១០០នាក់ក្នុងឆ្នាំ២០២១ ដែលជាចំនួនមួយខ្ពស់គួរឲ្យបារម្ភ និង បានប៉ះពាល់ដល់កម្មវិធីជាតិកាត់បន្ថយអត្រាអ្នកឆ្លងថ្មី ឲ្យនៅរង្វង់ ២៥០នាក់ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៥។
ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១១០០នាក់នេះ បុរសនិងក្មេងប្រុស មានរហូតដល់៧១ភាគរយ ខណៈក្រុមមនុស្សដែលឆ្លងមេរោគ អេដស៍ ច្រើនជាងគេ គឺជាក្រុមមនុស្សដែលស្ថិតក្នុងអាយុចន្លោះពី ១៥ ទៅ ២៤ ប្រមាណ ៤២ភាគរយ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា( KHANA) បានលើកឡើងបន្ថែម នៅថ្ងៃទី១៣ខែកញ្ញាថា ក្នុងចំណោមអ្នក ឆ្លងថ្មីជាង១ពាន់នាក់នេះ គឺភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា។ លោកថា៖ «ទិន្នន័យនេះបង្ហាញថា ក្រុមដែលប្រឈមខ្លាំងជាងគេ ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសទំនាក់ទំនងរវាង បុរស និង បុរស។»
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ទៀតថា មូលហេតុដោយសារ គេគិតថា ការរួមភេទជាមួយមនុស្សមានភេទដូចគ្នាគឺមិនឆ្លង ការរួមភេទដោយប្រើស្រោមមានអត្រាតិចជាង ៥០ភាគរយ បូករួមទាំងប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹង ព្រមទាំងការ ទទួល បានព័ត៌មានអំពីការបង្ការពីឆ្លងមេរោគអេដស៍ នៅមាន កម្រិត។
លោក ជួប សុខចំរើន៖ «យើងពុំដឹងថា គាត់ឆ្លងមេរោគអេដស៍តាំង ពីពេលណាមកហើយទេ ប៉ុន្តែស្រាប់តែគាត់សង្ស័យ ហើយមកធ្វើ តេស្តក៏ចេញលទ្ធផល អ៊ីចឹងធ្វើឲ្យចំនួនអ្នកឆ្លងថ្មីមាន ការកើន ឡើង។» លោកចំរើនបានឲ្យដឹងទៀតថា ទិន្នន័យនៃការជំរឿនសុខភាព និង ប្រជាសាស្ត្រ (DHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា មានតែ ក្រុមយុវវ័យ អាយុ ១៥ ទៅ ២៤ ឆ្នាំ ប្រមាណ ២៣ ភាគរយប៉ុណ្ណោះ ដែលមានចំណេះដឹងទូលំទូលាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដែលតួលេខនេះ មានការធ្លាក់ចុះពី ៣៨ភាគរយក្នុងឆ្នាំ២០១៤ និង ធ្លាក់ចុះ ពី ៤៤ភាគរយ ក្នុងឆ្នាំ២០១០។
តួលេខដែលរកឃើញថា កម្ពុជារកឃើញករណីឆ្លងថ្មីលើ មនុស្ស១ ១០០នាក់ ក្នុងឆ្នាំ២០២១ បានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីជាតិ។ កម្មវិធីជាតិ ដែលកម្ពុជាប្រាថ្នាចង់ឃើញការឆ្លងថ្មី ស្ថិតក្នុងចំនួន ឬតិចជាង ២៥០ ករណីក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៥។
លោកជួប សុខចំរើន បន្ថែម៖ «ចាប់ពីឥឡូវដល់ឆ្នាំ២០២៥ យើង មាន ពេលវេលាតិចណាស់ ហើយគប្បីត្រូវបន្ថែមល្បឿន នៃការ ផ្សព្វផ្សាយឲ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមក្រុមមនុស្សដែលមានវ័យពី ១៥ ដល់ ២៤ ឆ្នាំ។ ជាពិសេស គឺក្រុមមនុស្សដែលប្រឈមមុខខ្ពស់ នៃការឆ្លងមេរោគអេដស៍ ដែលរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទ ក្រុមអ្នកចាក់និងប្រីប្រាស់ថ្នាំញៀន និងក្រុមស្ត្រី បម្រីការនៅតាមសេវាកំសាន្តសប្បាយ៕
ដោយ៖អេង រាជនី