មកដល់ពេលនេះ ក្រសួងមហាផ្ទៃបានទទួលបណ្តឹង និងការរាយ ការណ៍ចំនួន ១៨៦ករណីលើបញ្ហាជួញដូរមនុស្ស

ភ្នំពេញៈឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡា ហោម ស ខេង បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលបណ្តឹងនិងការរាយការណ៍ពាក់ព័ន្ធបញ្ហាជួញដូរមនុស្សសរុប ១៨៦ករណី។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួត ពិនិត្យ ការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរ ពលកម្ម និងអាជីវកម្មផ្លូវភេទនៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំទាក់ទិននឹងបញ្ហាទប់ស្កាត់បទល្មើសជួញដូរមនុស្សនេះដែរ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៅលើករណី អំពើជួញដូរមនុស្សនៅកម្ពុជា ដែលកើតមានជាពិសេសក្នុង ខេត្ត ព្រះសីហនុដូច្នេះថា៖ « កិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយនៃការជួយ គាំទ្របន្ថែមទៀត ដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងខេត្តព្រះសីហនុដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ ។»
គួរបញ្ជាក់ថា កន្លងមក ករណីជួញដូរមនុស្ស ជួញដូរពលកម្ម បាន កើតមានច្រើនករណីជាងគេ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែល សម្តេចក្រឡាហោម ស ខេង ក៏ធ្លាប់បានឆ្លើយតបទៅកាន់អ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) ថា បទល្មើសជួញដូរមនុស្សកើត មាន ច្រើន ដោយសារឧក្រិដ្ឋជនបរទេសយកទឹកដីកម្ពុជា ជាកន្លែង ដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូរមនុស្សនេះ ជាពិសេសក្នុង ខេត្តព្រះសីហនុផ្ទាល់។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អង្គការ លីកាដូ (Licadho) បានសម្ដែងក្ដីព្រួយបារម្ភចំពោះស្ថានភាព ជួញដូរ មនុស្សគ្រប់ទម្រង់នៅកម្ពុជា នាពេលបច្ចុប្បន្ន ទោះបីជា កន្លងមក រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានាការទប់ស្កាត់ និងប្រឆាំងលើបទល្មើសមួយនេះរួចហើយក៏ដោយ ជាពិសេសលើ ករណីដែលបង្កឡើងដោយឧក្រិដ្ឋជនបរទេសលើទឹកដីកម្ពុជា ដែលជាហេតុបណ្ដាលឲ្យប្រទេសផ្សេងៗ អំពាវនាវដល់ប្រជាជន ខ្លួនប្រុងប្រយ័ត្នពីករណីឆបោក និងជួញដូរមនុស្សពីកម្ពុជា។
នារយៈពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស បានបដិសេធពីការលើកឡើងនៃរបាយការណ៍នានាចំពោះសភាពការណ៍អំពើជួញដូរមនុស្ស និងឆបោកនៅកម្ពុជាថាមានសភាពធ្ងន់ធ្ងរ។

ពីខាងសង្គមស៊ីវិល លោកអំ សំអាត បន្ថែមថា៖ «យើងមើល ឃើញ ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលពិតកំពុងបង្កើនយន្តការ និងវិធាន ការទប់ស្កាត់បញ្ហាជួញដូរមនុស្សនេះពិតមែន ប៉ុន្តែអ្វីជា កត្តាសំខាន់នោះគឺការតាំងចិត្តនិងការប្តេជ្ញាចិត្តអនុវត្តជាក់ស្ដែង។»

គួររំឭកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ក្រសួង ការបទេសអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីខ្មៅរបស់ខ្លួនលើផ្នែកជួញដូរមនុស្ស ដោយសហរដ្ឋអាមេរិកអះអាងថា ការជួញដូរជនបរទេស ចូលមកក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានដែរនូវការរំលោភបំពាន ផ្សេងៗទៀត ពាក់ព័ន្ធ នឹងវិស័យការងារ ពលករចំណាកស្រុក ហើយមន្ត្រីកម្ពុជា មួយចំនួនបានសមគំនិតក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតផង។ នេះបើតាមករបាយការណ៍របស់សហរដ្ឋអាមេរិក។
បើទោះបីជាយ៉ាងដូច្នេះក៏ដោយ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លោកបានបង្ហាញការតាំងចិត្ត បន្តស្វែងរកមូលហេតុ នៅពី ក្រោយបញ្ហាជួញដូរមនុស្ស និងការចាត់ថ្នាក់កម្ពុជាក្នុង បញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកដូចនេះ ដើម្បីធ្វើការកែលម្អ ចំណុចសេសសល់ ដោយបារម្ភថា ចំណាត់ថ្នាក់នេះ អាចធ្វើ ឲ្យកម្ពុជារងនូវការដាក់ទណ្ឌកម្មបន្ថែមផងដែរ៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner