ប្រតិបត្តិការវាយបកប៉ុន្មានថ្ងៃចុងក្រោយរបស់អ៊ុយក្រែន ជាសញ្ញាបង្ហាញថារុស្ស៊ីអាចនឹងចាញ់សង្រ្គាមនៅអ៊ុយក្រែន?
អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អះអាងកាលពីថ្ងៃចន្ទទី ១២ ខែកញ្ញា ថា កងទ័ពអ៊ុយក្រែន បាន ដណ្ដើមយកទឹកដីដែលកងទ័ពឈ្លានពានរុស្ស៊ីកាន់កាប់ ក្នុងទំហំ ជាង ៦ ០០០ គីឡូម៉ែត្រការ៉េ មកវិញ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃប្រតិបត្តិការវាយបករបស់ខ្លួន ដែលចាប់ផ្ដើមនៅដើមខែនេះ។
ការដណ្ដើមយកបានដ៏ឆាប់រហ័សបែបនេះ ត្រូវបានគេមើលឃើញថា ជាចាញ់ប្រៀបដ៏សម្បើមរបស់រុស្ស៊ី ចាប់តាំងពីលោកមេដឹកនាំ វ៉្លាឌីមៀ ពូទីន បញ្ជាឱ្យយោធារបស់ខ្លួន ឆ្លងដែនចូលឈ្លានពាន អ៊ុយក្រែនកាលពីជាងប្រាំមួយ ខែមុន។
ការមានប្រៀបរបស់កងទ័ពលោក ហ្សេលេនស្គី លើរុស្ស៊ីនា ពេលនេះ ត្រូវបានអ្នកជំនាញខ្លះប្រមើ ឃើញពីលទ្ធភាពដែល រុស្ស៊ីអាចនឹងចាញ់សង្រ្គាមនៅអ៊ុយក្រែន។
បើយោងតាមការអះអាងផ្សេងៗរបស់មន្រ្តីអ៊ុយក្រែននៅថ្ងៃចន្ទ មិនថានៅសមរភូមិភាគខាងត្បូង ឬភាគខាងកើត កងទ័ពរបស់ ខ្លួនសុទ្ធតែកំពុងរុលទៅមុខយ៉ាងឆាប់រហ័ស និងចាប់បានកងទ័ព រុស្ស៊ីធ្វើជាឈ្លើយសឹកជាច្រើននាក់ ទុកសម្រាប់ដោះដូរជាមួយរុស្ស៊ី ខណៈដែលនៅតំបន់ជួរមុខភាគឦសានខ្លះ កងទ័ពអ៊ុយក្រែនបាន សម្រុកចូលរហូតទៅដល់ព្រំដែននៃរដ្ឋសហព័ន្ធរុស្ស៊ី។
កាលពីថ្ងៃអាទិត្យ អ៊ុយក្រែនបានដណ្ដើមយកបានភូមិឋាន និង ក្រុងផ្សេងៗជាច្រើន រួមទាំងក្រុង Izyum និងក្រុង Kupiansk ដែលជាបណ្ដុំផ្គត់ផ្គង់សំខាន់ៗសម្រាប់មូលដ្ឋានយោធា របស់ កងទ័ពឈ្លានពានរុស្ស៊ី ក្នុងតំបន់ភាគឦសានខាកៀវ។
ចំណែក រុស្ស៊ីមិនបានទទួលស្គាល់ពីការបរាជ័យរបស់ខ្លួន ថា បណ្ដាលមកពីប្រតិបត្តិការវាយបករបស់អ៊ុយក្រែននោះទេ ដោយ ច្រានចោលការលើកឡើងដែលថាកងទ័ពរុស្ស៊ី បានរត់ប្រាសជើង នៅតំបន់ខាកៀវ។ លើសពីនេះ ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា ទឹកដីដែលអ៊ុយក្រែនដណ្ដើមយកបាននៅតំបន់ខាកៀវ គឺជា កន្លែងដែលរុស្ស៊ីដកទ័ពដើម្បីធ្វើការបន្ថែម ឬពង្រាយកម្លាំង ឡើងវិញ សម្រាប់សមរភូមិនៅតំបន់ដុនណិតស្ក៍។
ទោះបីជាយ៉ាងណាក៏ដោយ លោក លោក នីកូឡេយ មីត្រូឃីន (Nikolay Mitrokhin) ដែលជាអ្នកជំនាញអំពីរុស្ស៊ីនៅសកល វិទ្យាល័យអាល្លឺម៉ង់ Bremen បានអះអាងប្រាប់បណ្ដាញព័ត៌មាន Al Jazeera កាលពីថ្ងៃចន្ទថា ត្រឹមតែរយៈពេលបួនថ្ងៃសោះ អ៊ុយក្រែន អាចដណ្ដើមយកមកវិញបាននូវទឹកដី ក្នុងទំហំដែលរុស្ស៊ីបានប្រើ រយៈពេលបួនខែដើម្បីទន្រ្ទានកាន់កាប់ ដោយត្រូវចំណាយជីវិត កងទ័ពរបស់ខ្លួនជាច្រើន។ រូបភាពបែបនេះ សបញ្ជាក់កាន់តែច្បាស់ ពីការនាំមុខក្នុងសមរភូមិ របស់អ៊ុយក្រែន។
ជាមួយគ្នានេះផងដែរ អ្នកជំនាញផ្សេងទៀត ក៏បានប្រដូចការ បរាជ័យរបស់រុស្ស៊ីនៅតំបន់ខាកៀវនាពេលនេះ ទៅនឹងភាព អាម៉ាស់របស់រុស្ស៊ីកាលពីចុងខែមីនា នៅពេលក្រុងម៉ូស្គូបញ្ជាឱ្យ ដកកងទ័ពរបស់ខ្លួនចេញពីតំបន់ភាគខាងជើង ជុំវិញរដ្ឋធានីកៀវ។ ពេលនោះ រុស្ស៊ីអះអាងថាខ្លួនមានគោលបំណងល្អចំពោះអ៊ុយក្រែន និងម្យ៉ាងទៀតដើម្បីយកទ័ពទៅបង្កើនការប្រយុទ្ធនៅតំបន់ដុនបាសវិញ។ ប៉ុន្តែអ្នកវិភាគយោធាលោកខាងលិច រួមទាំងអ៊ុយក្រែន មើល ឃើញ ផ្ទុយពីនេះ ដោយលើកឡើងពីហេតុផលដែលថា រុស្ស៊ីបាន ប៉ាន់ស្មានខុស ហើយបាត់បង់កម្លាំងទ័ព និងសព្វាវុធដ៏សន្ធឹក។
ជុំវិញការវិវត្តចុងក្រោយវិញ លោក អង់តូនី ប្ល៊ីងខិន ប្រមុខការបទេស អាមេរិក ថ្លែងកាលពីថ្ងៃចន្ទថា ដំណើររុលឆ្ពោះទៅមុខដ៏រហ័សរបស់ កងទ័ពអ៊ុយក្រែន គឺជាលទ្ធផលមួយនៃការផ្ដល់ជំនួយសព្វាវុធទំនើប ពីសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចដទៃទៀត ដែល បានធានាថា អ៊ុយក្រែនត្រូវតែមានអាវុធក្នុងដៃ ដើម្បីវាយបក លើ កងទ័ព ឈ្លានពាន។
នេះមិនមែនជាលើកទី១នោះទេ ដែលការលើកឡើងដូចលោក ប្ល៊ីងខិន ត្រូវអ្នកជំនាញយល់ស្របតាម។ កន្លងមក អ្នកវិភាគយោធា បានលើកឡើងថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗដល់អ៊ុយក្រែន គឺជា ចំណុចសំខាន់ស្នូលសម្រាប់ប្រតិបត្តិការវាយបករបស់ប្រទេសនេះ ក្នុងការផ្លាស់ប្ដូររបត់នៃសង្រ្គាម ដើម្បីយកឈ្នះលើរុស្ស៊ី បើទោះបី សង្រ្គាម រវាងរុស្ស៊ីនិងអ៊ុយក្រែននេះ ទំនងជានឹងបន្តអូសបន្លាយ រយៈពេលយូរតទៅទៀតក្ដី។
ស្រដៀងគ្នានេះដែរ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន អះអាងកាលពីថ្ងៃចន្ទថា បច្ចុប្បន្ននេះ រុស្ស៊ី ដែលបាត់បង់កងទ័ពជាង ៥០ ០០០ នាក់ (តួលេខ ពីអ៊ុយក្រែន ខណៈភាគីរុស្ស៊ីផ្ទាល់លាក់តួលេខនេះ) ទំនងជាខ្វះកម្លាំងបម្រុង ដែលខ្លួនត្រូវការដើម្បីពង្រឹងការ ការពាររបស់ ខ្លួននៅអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនមានយុទ្ធសាស្រ្ត សង្រ្គាម រឹងមាំ និងអាវុធទំនើបៗ ប្រកបដោយប្រសិទ្ធភាព ដូចជាប្រព័ន្ធបាញ់ មីស៊ីលរយៈចម្ងាយឆ្ងាយ HIMARS ដែលជាជំនួយរបស់លោក ខាងលិចជាដើម។
ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍ យោធាមួយចំនួន ក៏មើលឃើញ បញ្ហារបស់រុស្ស៊ី ដែលប្រើកម្លាំងទ័ពរបស់ខ្លួន ទាំងពួកគេខ្លះ មិនបានឆ្លងកាត់ការហ្វឹកហាត់ ឬការប្រយុទ្ធច្បាស់លាស់ ក្នុង ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន និងប្រើ អាវុធចាស់ៗ បន្សល់ទុកពីសម័យសូវៀត ខណៈកងទ័ពអ៊ុយក្រែន មានប្រៀបលើ រុស្ស៊ី ទាំងផ្នែកអាវុធ ជំនាញប្រយុទ្ធ លក្ខខណ្ឌរស់នៅរបស់កងទ័ព និងចំនួនកងទ័ពហើយប្រសិនបើស្ថានភាពជាក់ស្ដែងបែបនេះបន្តទៅមុខទៀតនោះ សេណារីយ៉ូដែលថារុស្ស៊ីចាញ់សង្រ្គាមដែល ខ្លួនឯងជាអ្នកផ្ដួចផ្ដើម ទំនងជានឹងអាចក្លាយជាការពិត។
មិនថាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងនៅពេលនេះ នៅតែ ប្រកាន់ខ្ជាប់ការឃោសនារបស់ខ្លួន ដោយអះអាងថា រុស្ស៊ីនឹង សម្រេចបានគោលដៅរបស់ខ្លួនពីសង្រ្គាម ហើយ «ប្រតិបត្តិការ យោធាពិសេស» នឹងនៅតែបន្តទៅមុខដោយរលូន។
យ៉ាងណាក៏ដោយ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកគាំទ្រសង្រ្គាម របស់រុស្ស៊ី បានបង្ហាញពីអារម្មណ៍ខឹងសម្បារ។ ពួកគេចាត់ទុកការ ដកទ័ពចេញពីតំបន់ខាកៀវរបស់រុស្ស៊ី ថាជាការចុះចាញ់ ហើយទាម ទារ ឱ្យលោក ពូទីន បង្កើនប្រតិបត្តិការយោធា បើមិនចង់ឱ្យអ៊ុយក្រែន រុលទ័ពទៅមុខ ក្នុងតំបន់ដុនបាសកាន់តែលឿន និងខ្លាំងក្លាទេនោះ។ បន្ថែមពីនេះ អ្នកជំនាញខាងយោធារុស្ស៊ីក៏ស្នើផងដែរ ឱ្យក្រសួង ការពារ ជាតិរុស្ស៊ីផ្លាស់ប្តូរយុទ្ធសាស្ត្រសង្រ្គាមរបស់ខ្លួន ព្រោះ សកម្មភាព យោធាបច្ចុប្បន្នមានលក្ខណៈស្រាលពេក៕
ដោយ៖ហួន ឌីណា
ប្រភព៖ Zelenskyy says 6,000sq km of territory retaken in Ukraine blitz