ការចាប់ខ្លួនបាតុករប្រឆាំងរាជានិយមនៅអង់គ្លេស បង្កឲ្យមាន ក្ដីព្រួយបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិ
អង់គ្លេស់៖ប៉ូលីសអង់គ្លេសកំពុងប្រឈមមុខនឹងការរិះគន់ពីសកម្មជន និងក្រុមសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បន្ទាប់ពីក្រុមប៉ូលីស បានចាប់ខ្លួនជាបន្តបន្ទាប់ ក្រុមពលរដ្ឋ នៅ អង់គ្លេសដែលមានទំនោរប្រឆាំងនឹងរបបរាជានិយម។
ស្ត្រីម្នាក់នៅទីក្រុង Edinburgh ត្រូវប៉ូលីសចាប់ខ្លួន នៅពេលស្ដ្រី រូបនេះ លើកស្លាកសញ្ញាដែលមានន័យចង់ឲ្យចក្រភពអង់គ្លេស លុបបំបាត់របបរាជានិយម ខណៈស្ដ្រីម្នាក់ទៀតនៅទីក្រុងឡុងដ៍ ត្រូវក្រុមប៉ូលីស ចាប់ខ្លួនចេញពីមុខសភាជាតិ ដោយសារតែស្ដ្រីរូប នេះបានកាន់ស្លាកដែលមានសរសេរថា «ស្ដេចឆាលស៍ទី៣ មិនមែន ជា ស្ដេចរបស់ខ្ញុំ»។
ចំណែកនៅទីក្រុង Oxford ឯណោះវិញ ប៉ូលីសបានចាប់ខ្លួន បុរស ម្នាក់ និងដាក់ខ្នោះគាត់ថែមទៀត បន្ទាប់ពីបុរសរូបនេះស្រែកសួរ ក្ដែងៗថា៖ «តើនរណាជាអ្នកជ្រើសរើសស្ដេចឆាលស៍ទី៣ ឲ្យឡើង គ្រងរាជ្យ?»
អង្គការសង្គមស៊ីវិល Liberty បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណីចាប់ខ្លួនទាំងនេះ ដោយចាត់ទុកទង្វើរបស់ប៉ូលីសដូច្នេះ ថាមានលក្ខណៈធ្ងន់ធ្ងរពេក ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំង ប៉ះពាល់ ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិទៀតផង។ នេះបើតាម លោកអ្នកនាំពាក្យអង្គការ Liberty ឈ្មោះ Graham Smith។
សម្រាប់លោក Graham Smith ការបញ្ចេញមតិដោយសេរី គឺជា មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
ចំពោះករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Liz Truss លោក Max Blain ពន្យល់ថា ចក្រភពអង់គ្លេសកំពុងស្ថិតនៅក្នុងអំឡុង ពេល នៃការកាន់ទុក្ខថ្នាក់ជាតិ ចំពោះការសោយទិវង្គតរបស់ព្រះមហា ក្សត្រិយ៍អេលីហ្សាប៊ែតទី២។ លោកបន្ថែមថា អង់គ្លេសនៅតែគោរព គោលការណ៍ជាមូលដ្ឋាននៃសិទ្ធិបញ្ចេញមតិ ប៉ុន្តែប៉ូលីសអង់គ្លេស មាន សិទ្ធិពេញលេញក្នុងការចាត់វិធានការចាំបាច់ ស្របទៅតាម កាលៈទេសៈ៕
ដោយ៖កែវ កិរិយា