ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល កំណត់យកថ្ងៃទី២១ខែកញ្ញា ដាក់ចេញ ប្រាក់ខែគោលឆ្នាំ២០២៣

ភ្នំពេញ៖ គម្លាតប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូបសម្រាប់ ឆ្នាំ២០២៣ នៅឆ្ងាយគ្នាពេក បង្ខំឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា សម្រេចជួបគ្នាជាលើកចុងក្រោយ នៅថ្ងៃទី២១ខែកញ្ញា បន្ទាប់ពីជំនួបលើកទី៤ នៅថ្ងៃទី១៣ខែកញ្ញា មិនទាន់រកឃើញ តួលេខរួមគ្នា។

នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅ ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ តំណាងកម្មករនិយោជិត បាន លើកនូវតួលេខចំនួនបីផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារ មាន សំឡេងគាំទ្រចំនួន៨សំឡេង , តួលេខ ២១០ដុល្លារ មានសំឡេង គាំទ្រចំនួន៣សំឡេង និងតួលេខ២១៣ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ចំនួន៦សំឡេង។

តំណាងភាគីនិយោជក បានឯកភាពយកតួលេខ១៩៧ដុល្លារ គឺជា សំឡេងឯកច្ឆ័ន្ទភាពផ្ទៃក្នុងរបស់ខ្លួន។

រីឯតំណាងភាគីរាជរដ្ឋាភិបាលដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន១៩៨ដុល្លារអាម៉េរិក។
មុនជំនួបថ្ងៃចុងក្រោយមកដល់នៅថ្ងៃទី២១ខែកញ្ញាខាងមុខ ទាំង តំណាងកម្មករនិយោជិត និងនិយោជក ដាក់សំណើទៅកាន់ភាគី រដ្ឋាភិបាល រៀងៗខ្លួន។ តំណាងកម្មករនិយោជិតស្នើសុំ៦ចំណុច ទៅកាន់ភាគីនិយោជកនិងរដ្ឋាភិបាលដូចជា៖ រោងចក្របង្កើនសោហ៊ុយធ្វើដំណើរ និងអាហារថ្ងៃត្រង់បន្ថែមទៀត, ក្រសួងសុខាភិបាលជួយជម្រុញឲ្យគ្រូពេទ្យអនុវត្តឲ្យខ្ជាប់ខ្ជួនក្រមសីលធម៌របស់ខ្លួននិងបង្កើនការយកចិត្តទុកដាក់និងគុណភាពសេវាដល់សមាជិកប.ស.ស,ស្នើរដ្ឋាភិបាលបង្កើនល្បឿនក្នុងការពង្រីកវិសាលភាព ប.ស.ស ទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ស្នើនិយោជកផ្ដល់ ប្រាក់ឈ្នួលអប្បបរមា ដែលបានដំឡើងបន្ថែមលើប្រាក់ ឈ្នួលដែល មានស្រាប់ , ស្នើរដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយ បញ្ចុះតម្លៃ ទឹក ភ្លើង និងតបណ្ដាញស្នាក់នៅរបស់កម្មករនិយោជិត និងចុង ក្រោយស្នើឲ្យរដ្ឋាភិបាលនិងរោងចក្រកែលម្អសុវត្ថិមធ្យោបាយដឹកជញ្ជូនកម្មករ ឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ចំណែកនិយោជកវិញ ស្នើសុំរដ្ឋាភិបាល៣ចំណុច រួមមាន៖ កាត់បន្ថយថ្លៃភស្តុភារ ជាពិសេសកម្រៃសេវាបញ្ចេញទំនិញ កំរៃសេវាកំពង់ផែ និងកម្រៃអតុល្យភាពកុងតឺន័រ របស់ ក្រុមហ៊ុន កប៉ាល់,កាត់បន្ថយថ្លៃអគ្គិសនីនិងផ្ដល់គោលនយោបាយអំណោផល សម្រាប់ការតម្លើងថាមពលព្រះអាទិត្យ ដែលសាំងក្រូន ជាមួយ បណ្ដាញ ជាតិ, ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ២០២២-២០២៧ ។

ទាក់ទងទៅនឹងការចរចាប្រាក់ឈ្នួលកម្មករនេះដែរ គណបក្សភ្លើង ទៀន នៅថ្ងៃទី១៣ខែកញ្ញា បានចេញសេចក្ដីថ្លែងការណ៍បង្ហាញ ជំហគាំទ្រយុទ្ធនាការដោយឡែកមួយ ទាមទារប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៣ ចំនួន២១៥ដុល្លារ ក្នុងមួយខែ។

គណបក្សប្រឆាំងយល់ថា ការតម្លើងប្រាក់ខែដល់២១៥ដុល្លារ ក្នុងមួយខែ អាចជួយកម្មករ-កម្មការិនីបានមួយចំណែក ទោះបីជា ការដំឡើងកម្រិតនេះ មិនទាន់សមល្មមចំពោះការចំណាយ នៅក្នុង ជីវភាពរស់នៅរបស់កម្មករ ក្នុងស្ថានភាពដែលទំនិញ ម្ហូបអាហារ មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ មានតម្លៃខ្ពស់ជាងប្រទេស ជិតខាង។
បន្ថែមលើនេះ គណបក្សប្រឆាំងដដែលក៏ស្នើឲ្យរដ្ឋាភិបាល សម្រួល ជាមួយម្ចាស់រោងចក្រ សហគ្រាស កាត់បន្ថយការចំណាយក្រៅ ការងារ និងសម្រួលដល់ការនាំចូលវត្ថុធាតុដើម ឬជម្រុញការផលិត វត្ថុ ធាតុដើមនៅក្នុងស្រុក ដើម្បីអាចផ្ដល់លទ្ធភាពដល់ការដំឡើង ប្រាក់ខែគោលអប្បបរិមា លើស៣០០ដុល្លារក្នុងមួយខែនៅ ឆ្នាំ២០២៤។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ ដេរ នៅកម្ពុជា ហៅកាត់ថា GMAC ចាត់ទុកថា នេះជាសិទ្ធក្នុងការ និយាយ។ ប៉ុន្តែនៅក្នុងការចរចាប្រាក់ឈ្នួល លោកថា៖ «យើងត្រូវ ផ្អែកលើការសម្រេចចិត្តរបស់យើង លើលក្ខណៈវិនិច្ឆ័យចំនួន៧ ដែលបានព្រមព្រៀងគ្នា គឺ ៣លក្ខណៈវិនិច្ឆ័យសង្គម ៤លក្ខណៈ វិនិច្ឆ័យសេដ្ឋកិច្ច។ ជាក់ស្ដែងកម្រិតប្រាក់ឈ្នួលចំនួន៤តំបន់ នៅប្រទេសវៀតណាម ប្រាក់ឈ្នួលថ្លៃជាងគេគឺ ២០២ ដុល្លារ ហើយទាបជាងគេ ១៤០ដុល្លារ ដោយគិតជាមធ្យមទាំង៤តំបន់ ប្រហែល១៧០ដុល្លារក្នុងមួយខែ»។

ជាមួយគ្នានេះ លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងថា ការលើកឡើងរបស់បក្សប្រឆាំងមួយផ្នែកអាច ទាក់ទាញ ការគាំទ្រ។ លោកនិយាយថា៖ « ធម្មតានៅពេលដែលកៀក បោះឆ្នោត មិនថាគណបក្សនយោបាយ តំណាងរាស្ត្រ ឬក៏ រដ្ឋាភិបាលទេ តែងតែមានការយកចិត្តទុកដាក់ដើម្បីទាក់ ទាញ ការការគាំទ្រ។ដូច្នេះបើអ្នកណាអាចជួយកម្មករឲ្យមាន លក្ខខណ្ឌ ការងារល្អ ប្រាក់ឈ្នួលល្អប្រសើរ គណបក្សនោះនឹងទទួលបាន ការគាំទ្រពីកម្មករ ដែលចំណុចនេះខ្ញុំចាត់ទុកថា ជារឿងធម្មតា»។
សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករ វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈ ធ្វើដំណើរ ជាលក្ខណៈបច្ចេកទេសមិនមានការដំឡើង ពីសំណាក់ ភាគីនិយោជកទេ គឺរក្សាទុក១៩២ដុល្លារ ដូចឆ្នាំ២០២១ តែពេល នោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែម២ដុល្លារ ដែល ធ្វើឲ្យ ប្រាក់ឈ្នួលកម្មករ ឆ្នាំថ្មីកើនដល់១៩៤ដុល្លារ៕ ដោយ៖អេង រាជនី

ads banner