សភាពាណិជ្ជកម្មកម្ពុជា៖ បើចិន លើកលែងរបាំងពាណិជ្ជកម្ម នោះសេដ្ឋកិច្ចអាស៊ាននឹងស្ទុះឡើងខ្ពស់

ភ្នំពេញ៖លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា បានលើកឡើងថា ប្រសិនបើចិនលើកលែងរបាំងពាណិជ្ជកម្ម នោះការនាំចេញទំនិញពីប្រទេសក្នុងតំបន់អាស៊ានទៅកាន់ទីផ្សារចិន នឹងមានសន្ទុះគួរឲ្យកត់សម្គាល់។

ឧកញ៉ាបានបញ្ជាក់ថា៖ «វាជារឿងល្អមែនទែន ដែលសម្តេចតេជោ ដឹក នាំប្រទេស ដឹកនាំសេដ្ឋកិច្ចយូរឆ្នាំហើយ ដូច្នេះបទពិសោធន៍ របស់លោក គឺគ្រប់គ្រាន់ក្នុងការស្វែងយល់ពីការរាំងស្ទះ ឬកត្តា លំបាក ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន មិនថាតែចិនទេ ទាំងអាស៊ានផង ទាំងសកលលោកផង»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានបន្ថែមថា៖ «ដូច្នេះ ការស្នើសុំរបស់លោក (សម្តេចតេជោ ហ៊ុន សែន) គឺចំចំណុច សំខាន់ ដែលវិស័យឯកជនកំពុងព្រួយបារម្ភនៃការដឹក ជញ្ជូនដែល មានរនាំង»។
បើតាមការបញ្ជាក់របស់ឧកញ៉ា លឹម ហេង គឺក្នុងបរិបទកូវីដ១៩ កន្លងមកនេះ ចិនបានរឹតត្បិតការនាំចូលទំនិញ ដើម្បីបង្ការការឆ្លង ជំងឺកូវីដ១៩ ហើយកត្តានេះហើយ ដែលធ្វើឲ្យទំនិញនៃបណ្តា ប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ត្រូវកកស្ទះនៅព្រំដែន វៀតណាម-ចិន។
ការលើកឡើងយ៉ាងដូច្នេះ គឺបន្ទាប់ពីប្រធានអាស៊ានប្តូរវេន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យភាគីចិន កាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ នានា។ តាមរយៈសុន្ទរកថា នៅថ្ងៃសុក្រទី១៦កញ្ញា ក្នុងពិធីបើក សម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៩ នៅទីក្រុងណាននីន ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មីដែល ទទួលបាន ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បី ស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់៣.០»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ាន-ចិន សម្រេចបាននូវលទ្ធផលជាច្រើន គិត ចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ច សហប្រតិបត្តិ ការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២។
ក៏ប៉ុន្តែមានបញ្ហាដែលសម្តេចតេជោ ហ៊ុន សែន កត់សម្គាល់នោះ គឺការដាក់នូវរបាំងពាណិជ្ជកម្មទំនិញ និងសេវាកម្មមួយចំនួន ពី ភាគីចិន ដែលជាហេតុនាំឲ្យទំនិញបណ្តាប្រទេសអាស៊ាន មួយ ចំនួនមិនអាចនាំចេញទៅចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា៖ «ក្នុង ស្មារតីនេះ ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពីការលើក កម្ពស់ កិច្ចព្រមព្រៀងនេះទៅជាទម្រង់ថ្មី៣.០»។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាយល់ថា កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចនេះ ត្រូវពង្រីកវិសាលភាពបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម។

គួរកត់សម្គាល់ថា ចេតនាលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការស្នើឲ្យចិនកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ គឺ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធី បើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីពេលថ្មីៗនេះថា អាស៊ានមានចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនទៅមហាអំណាចសេដ្ឋកិច្ចលេខ៣ក្នុងទ្វីបអាស៊ី និងជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី៦នៅ ក្នុងពិភពលោក។

ចំណុចនេះ ត្រូវបានឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បង្ហាញការគាំទ្រ ដោយលោកគិតថា ប្រសិនបើចិនលើកលែង របាំងពាណិជ្ជកម្ម នោះសេដ្ឋកិច្ចអាស៊ាននឹងងើបស្ទុះឡើង៕
ដោយ៖សេក ប្រាក់
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា(រូបថត ហ្វេសប៊ុក ឧកញ៉ា លឹម ហេង)

ads banner