ការប្រែប្រួលអាកាសធាតុ៖ ស្ថានភាពទឹកជំនន់នៅប៉ាគីស្ថាន កាន់តែអាក្រក់ដោយសារកម្តៅផែនដី
អង់គ្លេស៖ការឡើងកម្តៅផែនដី ទំនងជាមានឥទ្ធិពលចំពោះករណី ទឹកជំនន់ដ៏អាក្រក់បំផ្លិចបំផ្លាញប្រទេសប៉ាគីស្ថាន។ នេះបើតាមការ លើកឡើងរបស់អ្នកវិទ្យាសាស្ត្រជំនាញផ្នែកអាកាសធាតុ និងត្រូវ បាន ចុះផ្សាយ ដោយសារព័ត៌មានអង់គ្លេសនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្រុមអ្នកស្រាវជ្រាវមកពីអង្គការវាយតម្លៃអាកាសធាតុពិភពលោក និយាយថាការប្រែប្រួលអាកាសធាតុអាចនឹងបង្កឲ្យមានការកើនឡើងនៃកម្រិតទឹកភ្លៀងលើភពផែនដី។ ទោះបីជាយ៉ាងណាក៏ដោយ មានភាពមិនច្បាស់លាស់ជាច្រើននៅក្នុងលទ្ធផលនៃការស្រាវជ្រាវ ដូច្នេះក្រុមការងារមិនអាចកំណត់បរិមាណនៃឥទ្ធិពលរបស់វាបានទេ។
អ្នកវិទ្យាសាស្ត្រជឿថាមានឱកាសប្រហែល១ភាគរយនៃព្រឹត្តិការណ៍ដូចនៅប៉ាគីស្ថាននាពេលនេះ អាចកើតឡើងក្នុងឆ្នាំជាបន្ត បន្ទាប់ ខាងមុខ។ ក្នុងរយៈពេល ពីរខែ ចាប់តាំងពីទឹកជំនន់ បានចាប់ផ្តើម នៅក្នុងប្រទេសប៉ាគីស្ថាន មនុស្សរាប់សិបលាននាក់បាន រងផល ប៉ះពាល់ ដោយក្នុងមានមនុស្សប្រមាណ ១ ៥០០នាក់ បានស្លាប់ ដោយសារតែទឹកជន់ឡើង។
កម្រិតនៃភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទន្លេ អ៊ីនដាស(Indus) បាក់ច្រាំង ហើយតំបន់ខ្លះទៀតឈានដល់ការរអិលបាក់ដី និងបង្កជាទឹកជំនន់ រយៈ ពេលខ្លីក្នុងតំបន់ប្រជុំជន។
ចាប់តាំងពីដំបូងមក អ្នកនយោបាយបានចង្អុល និងលើកឡើងថា ការប្រែប្រួលអាកាសធាតុបានចូលរួមចំណែកយ៉ាងសំខាន់មកលើទិដ្ឋភាព ដែលគ្មានក្តីសង្ឃឹមនាពេលនេះ។ យ៉ាងណាក៏ដោយចុះ អ្នក វិទ្យាសាស្ត្រវិញ បានលើកឡើងដោយផ្អែកលើការវិភាគ ស្រាវជ្រាវថា ភាពជាក់ស្តែងគឺមិនងាយស្រួលដូចការលើកឡើងនេះទេ។
ប្រាកដណាស់ថា រលកកម្តៅដ៏អាក្រក់ដែលបានវាយប្រហារឥណ្ឌា និងប៉ាគីស្ថានកាលពីដើមឆ្នាំនេះ បានរួមចំណែកក្នុងគ្រោះធម្មជាតិ នាពេលនេះ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការប្រែប្រួល អាកាសធាតុបង្កឲ្យគ្រោះធម្មជាតិងាយនឹងកើតឡើង ៣០ដង។ ប៉ុន្តែព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំងនាពេលនេះ ពិបាកនឹងវាយ តម្លៃ ណាស់។
ប្រទេសប៉ាគីស្ថាន ស្ថិតនៅលើគែមនៃតំបន់មូសុង ដែលលំនាំនៃទឹក ភ្លៀងមានការប្រែប្រួលយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ក៏មានដែរព្រឹត្តិការណ៍បាតុភូតធម្មជាតិទ្រង់ទ្រាយធំដូចជាឡា នីនា (La Nina) ជាដើម ដែលមានតួនាទីនៅក្នុងទឹកជំនន់ដ៏ធំចុង ក្រោយ នៅ ក្នុងប្រទេសប៉ាគីស្ថានក្នុងឆ្នាំ ២០១០កន្លងទៅ។
ក្នុងអំឡុងពេល៦០ថ្ងៃ ដែលជាពេលមានធ្លាក់ភ្លៀងខ្លាំង អ្នក វិទ្យាសាស្ត្រ បានកត់ត្រាការកើនឡើងនៃទឹកភ្លៀងប្រហែល ៥០ ភាគរយ លើអាងទន្លេ Indus ខណៈដែលរយៈពេលប្រាំថ្ងៃនៃ ភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងខេត្ត Sindh និងខេត្ត Balochistan មានទឹកភ្លៀងកើនប្រហែល៧៥ភាគរយ។
គំរូសម្រាប់វាយតម្លៃពីអាកាសធាតុមួយចំនួន បានចង្អុលបង្ហាញ ថាការកើនឡើងនៃអាំងតង់ស៊ីតេទឹកភ្លៀងទាំងអស់អាចកើតឡើង ដោយការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។ ទោះបីជា យ៉ាងណាក៏ដោយ លទ្ធផលនេះនៅតែមានភាពមិនច្បាស់លាស់៕
ដោយ៖យ៉ាន អាន
ប្រភព៖ BBC