ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ បើកវេទិកាសាធារណៈ ការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយ បង្ក្រាបការប្រឈមនានា

សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ បើកវេទិកាសាធារណៈ ស្តីពីការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយ បង្ក្រាបការប្រឈមនានា ស្ថិតនៅសាលាវិទ្យាល័យ ២៨មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាអនុប្រធានអង្គរភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ។

ឯកឧត្តម ស៊ាន បូរ៉ាត បានបង្ហាញថា ការបើកវេទិកាសាធារណៈ ស្តីពីការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយ បង្ក្រាបការប្រឈមនានា ពេលនេះ គឺក្នុងគោលបំណងដើម្បីរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្អូនៗ ក្មួយៗសិស្សានុសិស្ស ដែលមានកង្វល់ពាក់ព័ន្ធបញ្ហាផ្សេងៗ ក្នុងការរស់នៅប្រចាំថ្ងៃកន្លងមក។ ការសិក្សារៀនសូត្រ គឺជាផ្នែកមួយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ ការបណ្តុះបណ្តាលសិស្សឱ្យមានគ្រឹះរឹងមាំពីតូច គឺជាកត្តាដ៍សំខាន់បំផុត ព្រោះកុមារគឺជាក្រដាសស ដូច្នេះបើយើងបានផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះរឹងមាំដល់ពួកគាត់ពីតូចហើយនោះ ការបន្តសិក្សារបស់ពួកគាត់នៅបឋមសិក្សាឬនៅឧត្តមសិក្សា នឹងទទួលបានជោគជ័យ ដោយសារតែក្នុងខួរក្បាលរបស់ពួកគាត់ មានការចង់រៀន ចង់ចេះ ចង់ដឹងស្រាប់ហើយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងមានគុណធម៌ល្អ ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យ រួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ។

ឯកឧត្តម មានប្រសាសន៍ទៀតថា ក្នុងគោលដៅឱ្យសិស្សានុសិស្សនៅតាមតំបន់ជនបទទួលបានការបណ្តុះបណ្តាល និងការសិក្សារៀនសូត្រឱ្យមានភាពរឹងមាំពីតូចនោះ ក្រសួងអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានសាលាមត្តេយ្យ បឋមសិក្សា រហូតដល់វិទ្យាល័យជាច្រើន នៅតាមមូលដ្ឋានឱ្យនៅកៀកនឹងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលជាការផ្តល់ឱ្យកាសឱ្យកុមារតូចៗ សិស្សានុសិស្សបានចូលរៀន ហើយក្រៅពីសាលាមត្តេយ្យ នៅតាមទីប្រជុំជន ក៏មានសាលារៀនឯកជនជាច្រើន បានទទួលកុមារតូចឱ្យចូលរៀន និងមើលការថែទាំ ៕ ដោយ ស៊ាន សុផាត

ads banner